
ជាធម្មតា ការហូរឈាមច្រមុះគឺជារឿងធម្មតាមួយ ហើយកម្របង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរណាស់។ នេះក៏ព្រោះតែ មានសរសៃឈាមជាច្រើនដែលមានទីតាំងស្ថិតនៅជិតនឹងផ្ទៃខាងមុខនិងខាងក្រោយនៃច្រមុះ។ ពួកវាងាយប៉ះទង្គិចហើយងាយហូរឈាម។ ឈាមច្រមុះមានពីរប្រភេទ ១គឺការហូរឈាមច្រមុះនៅខាងមុខ កើតឡើងនៅពេលដែលសរសៃឈាមនៅផ្នែកខាងមុខនៃច្រមុះបែកនិងហូរឈាម។ ទី២ គឺការហូរឈាមច្រមុះនៅខាងក្រោយឬផ្នែកជ្រៅបំផុតនៃច្រមុះ។ ក្នុងករណីនេះឈាមហូរតាមក្រោយបំពង់ក ដែលការហូរឈាមប្រភេទទីពីរនេះអាចបង្កគ្រោះថ្នាក់បាន។
មូលហេតុនៃការហូរឈាមច្រមុះ
មានមូលហេតុជាច្រើននៃការហូរឈាមច្រមុះ។ ចំពោះករណីដែលនៅសុខៗស្រាប់តែហូរឈាមតាមច្រមុះភ្លាមៗនោះ ជាធម្មតាៗគឺកម្រនឹងធ្ងន់ធ្ងរ។ ប៉ុន្តែប្រសិនបើអ្នកមានឈាមច្រមុះញឹកញាប់អ្នកអាចមានបញ្ហាធ្ងន់ធ្ងរជាងនេះ។ ចំពោះមូលហេតុទូទៅនៃការហូរឈាមច្រមុះរួមមាន៖ ពុលសារធាតុគីមី ប្រតិកម្មអាឡែស៊ី របួសដល់ច្រមុះ កណ្តាស់ម្ដងហើយម្ដងទៀត ខ្យល់ត្រជាក់ ការឆ្លងមេរោគផ្លូវដង្ហើមខាងលើ ប្រតិកម្មថ្នាំអាស្ពីរីន សម្ពាធឈាមឡើងខ្ពស់ ភាពមិនប្រក្រតីនៃការហូរឈាម បញ្ហានៃការកកឈាម ជំងឺមហារីក។ល។

វិធីព្យាបាលការឈាមច្រមុះ
បន្ទាប់ពីធ្វើរោគវិនិច្ឆ័យពីមូលហេតុនៃការឈាមច្រមុះហើយ ការព្យាបាលជំងឺឈាមច្រមុះនឹងប្រែប្រួលអាស្រ័យលើប្រភេទនិងមូលហេតុនៃការឈាមច្រមុះ។
· ឈាមច្រមុះនៅខាងមុខ
ប្រសិនបើអ្នកមានឈាមច្រមុះពីមុន អ្នកអាចព្យាយាមព្យាបាលវានៅផ្ទះដោយខ្លួនឯងដោយ អង្គុយចុះហើយសូមយកដៃច្របាច់ផ្នែកទន់នៃចុងច្រមុះរបស់អ្នកឱ្យបិទរន្ធជិតទាំងស្រុងរយៈពេល ១០ នាទី ដោយផ្អៀងទៅមុខបន្តិចហើយដកដង្ហើមតាមមាត់របស់អ្នក រហូតដល់ឈាមឈប់ហូរ រួចដកដៃចេញ។ធ្វើបែបនេះម្ដងហើយម្ដងទៀតប្រសិនបើការហូរឈាមនៅតែបន្ត។ ទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើអ្នកមិនអាចបញ្ឈប់ការហូរឈាមច្រមុះដោយខ្លួនឯងបាន។ ព្រោះវាអាចជាអាការនៃការហូរឈាមច្រមុះនៅខាងក្រោយ ដែលជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរផ្សេងៗ។

· ឈាមច្រមុះក្រោយ
ប្រសិនបើអ្នកមានឈាមច្រមុះនៅខាងក្រោយ ឬក៏មានឈាមហូរចេញពីខាងក្រោយច្រមុះរបស់អ្នកចុះមកបំពង់ក នេះគឺជាករណីកម្រ ហើយវាក៏ជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ ដែលមិនគួរនៅផ្ទះហើយព្យាបាលវាដោយខ្លួនឯងនោះទេ។ សូមប្រញាប់ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាមៗឬទៅបន្ទប់សង្គ្រោះបន្ទាន់ ប្រសិនបើអ្នកគិតថាអ្នកមានឈាមច្រមុះក្រោយ៕

ប្រភព៖ healthline


