អត្ថប្រយោជន៍នៃការបំបៅដោះកូន ដែលល្អទាំងម្តាយនិងទារក និងជាតិពុលខ្លះៗដែលអ្នកគួរដឹង
ភូមិន្ទ
14 សីហា 2021 11:30 PM

មាតាគ្រប់រូបគួរត្រូវបានជំរុញ និងលើកទឹកចិត្តឱ្យបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ក្នុងរយៈពេលប្រាំមួយខែដំបូង និងបន្តបំបៅកូនដោយទឹកដោះពួកគាត់រហូតដល់ ទារកមានអាយុ២៤ខែ រួមផ្សំជាមួយនឹងការផ្ដល់អាហារបំប៉នគ្រប់គ្រាន់។  ខាងក្រោយនេះ គឺជាការពន្យល់លម្អិតពីអត្ថប្រយោជន៍ នៃការបំបៅដោះកូន ដែលល្អទាំងម្តាយនិងទារក និងជាតិពុលខ្លះដែលអ្នកគួរដឹង៖

អត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះ

១. ទឹកដោះម្តាយផ្តល់នូវអាហារូបត្ថម្ភដ៏ល្អសម្រាប់ទារក

អ្នកជំនាញថែទាំសុខភាពភាគច្រើនណែនាំឱ្យបំបៅកូនដោយទឹកដោះម្តាយផ្តាច់មុខយ៉ាងតិច ៦ ខែឬយូរជាងនេះ។ ទឹកដោះម្តាយមានអ្វីគ្រប់យ៉ាងដែលទារកត្រូវការសម្រាប់រយៈពេល ៦ ខែដំបូងនៃជីវិត។

២. ទឹកដោះម្តាយមានអង្គបដិប្រាណសំខាន់

ទឹកដោះម្តាយផ្ទុកទៅដោយអង្គបដិប្រាណដែលជួយឱ្យកូនរបស់អ្នកប្រយុទ្ធប្រឆាំងនឹងមេរោគ និងបាក់តេរី ជាពិសេសសារធាតុ កូឡូស្ត្រូម (colostrum) ដែលមានក្នុងទឹកដោះដំបូង។ កូឡូស្ត្រូមផ្តល់នូវកម្រិតខ្ពស់នៃសារធាតុអេម៉ូក្លូប៊ីលីនអេ (អ៊ីហ្គា) ក៏ដូចជាអង្គបដិប្រាណជាច្រើនទៀត។

៣. កាត់បន្ថយហានិភ័យនៃជំងឺ

ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ មានន័យថាទារកនឹងទទួលបានអត្ថប្រយោជន៍ជាពិសេសដូចជា អាចកាត់បន្ថយហានិភ័យនៃជំងឺ រួមមាន៖ ការឆ្លងមេរោគត្រចៀកកណ្តាល ការឆ្លងមេរោគផ្លូវដង្ហើម អាចការពារប្រឆាំងនឹងជំងឺផ្លូវដង្ហើមនិងក្រពះពោះវៀនច្រើនប្រភេទ ជំងឺផ្តាសាយនិងជំងឺឆ្លង។ ទារកដែលបំបៅដោយទឹកដោះម្តាយទាំងស្រុងរយៈពេល ៦ ខែអាចមានហានិភ័យទាបនៃជំងឺផ្តាសាយធ្ងន់ធ្ងរនិងការឆ្លងមេរោគត្រចៀកឬបំពង់ក។

៤- ជួយលើកទម្ងន់ទារកឱ្យមានសុខភាពល្អ

ការបំបៅដោះកូន ជួយលើកកម្ពស់ការឡើងទម្ងន់ដែលមានសុខភាពល្អនិងជួយការពារការធាត់របស់កុមារ។ ការសិក្សាបានបង្ហាញថាការបំបៅកូនដោយទឹកដោះម្តាយលើសពី ៤ ខែបានកាត់បន្ថយយ៉ាងខ្លាំងនូវឱកាសដែលធ្វើឱ្យទារកលើសទម្ងន់និងធាត់។

៥. ការបំបៅដោះកូនអាចធ្វើឱ្យកុមារឆ្លាតជាងមុន

ប្រភពការសិក្សា បានបង្ហាញថា ទារកដែលបំបៅដោយទឹកដោះម្តាយមានពិន្ទុបញ្ញាខ្ពស់ ហើយទំនងជាមិនសូវមានអាកប្បកិរិយាលំបាកក្នុងការរៀនសូត្រនៅពេលពួកគេធំឡើង។ ប្រភពស្រាវជ្រាវដែលគួរទុកចិត្ត បានបង្ហាញយ៉ាងច្បាស់ថា ការបំបៅកូនដោយទឹកដោះម្តាយមានឥទ្ធិពលវិជ្ជមានយ៉ាងសំខាន់ លើការអភិវឌ្ឈខួរក្បាលរយៈពេលវែងរបស់ទារកដែលមិនបានបៅទឹកដោះម្ដាយ។

អត្ថប្រយោជន៍នៃការបំបៅកូនសម្រាប់អ្នកម្ដាយ

ការបំបៅកូនដោយទឹកដោះម្ដាយគឺមិនត្រឹមតែផ្តល់អត្ថប្រយោជន៍សម្រាប់ទារកនោះទេ ថែមទាំង ជួយកាត់បន្ថយហានិភ័យនៃមហារីកសុដន់ មហារីកអូវុល ជំងឺទឹកនោមផ្អែកប្រភេទទីពីរ មានហានិភ័យទាបចំពោះជំងឺធ្លាក់ទឹកចិត្តចំពោះស្ត្រីជាម្តាយ ជួយកាត់បន្ថយហានិភ័យជំងឺដូចជា៖ សម្ពាធ​ឈាម​ខ្ពស់ជំងឺរលាកសន្លាក់ ខ្លាញ់ក្នុងឈាមខ្ពស់ និងជំងឺបេះដូង។ល។

សារធាតុពុលខ្លះៗ ក្នុងទឹកដោះ

បើទោះបីជាទឹក​ដោះ​ម្ដាយ​ ជា​អាហារ​ដំបូងដ៏មានសារសំខាន់​បំផុត​សម្រាប់​ទារក​​ក្នុង​រយៈពេល​ ៦​ ខែ​ដំបូង ដោយ​ផ្ដល់​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​សម្រាប់​ទារក​លូតលាស់​ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ក៏បាន​រក​ឃើញ​ថា ក្នុង​ទឹក​ដោះ​ម្ដាយ​គឺ​មាន​សារធាតុ​ពុល​មួយ​ចំនួន​ដែលបង្កឡើងតាមរយៈ ម្ហូបអាហារ​ គ្រឿង​សម្អាង​ ទឹក ​និង​ខ្យល់ ​ឬ​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ។ ​ប៉ុន្តែ​ដោយសារ​ជាតិ​ពុល​ទាំង​នោះ​មាន​កម្រិតទាប​ មិនបង្កគ្រោះថ្នាក់អ្វីដល់សុខភាពទារកនោះទេ ហើយនេះក៏ជាមូលហេតុដែលអ្នកម្ដាយគួរ​បន្ត​បំបៅដោះកូន ព្រោះវាជា​អាហារ​បំប៉ន​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក​៕

ប្រភព៖ healthline / UNICEF Cambodia / babycentre

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត