
វ៉ាន់ស៊ុយ គឺជាឈ្មោះ ជីមួយប្រភេទ មានដើមកំណើតមកពីប្រទេសចិន ដែលហៅតាមសូរពីភាសាចិនថា អ្វានស៊ុយ ឬ អួនស៊ុយ។ វាជាជីមួយប្រភេទ មានក្លិនក្រអូបឆួល ប្រើជាគ្រឿងផ្សំជំនួយម្ហូបមុខខ្លះ ឬបបរគ្រឿងឱ្យមានរសជាតិឆ្ងាញ់ ហើយមាន ២ប្រភេទគឺ មួយប្រភេទស្លឹកល្អិតទន់ស្រួយ, មួយប្រភេទទៀតស្លឹកធំទ្រវែងសាច់ស្វិតបន្តិច។ ជីវ៉ាន់ស៊ុយ ក្រៅពីមានតួនាទីជាគ្រឿងទេសហើយនោះ វាក៏ជារុក្ខជាតិដែលប្រយុទ្ធប្រឆាំងនឹងជំងឺដ៏មានឥទ្ធិពលបំផុត និងផ្តល់នូវគុណតម្លៃអាហារូបត្ថម្ភដ៏អស្ចារ្យដល់សុខភាព។ គុណតម្លៃអាហារូបត្ថម្ភទាំងនោះមានដូចជា៖
១. មានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន
ជីវ៉ាន់ស៊ុយ ផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនលើសពីអ្វីដែលយើងគិត ព្រោះទម្ងន់ត្រឹម៣០ ក្រាម វាមានផ្ទុកដូចជា៖ កាឡូរី: ១១ កាឡូរី, កាបូអ៊ីដ្រាត៖ ២ ក្រាម, ប្រូតេអ៊ីន៖ ១ ក្រាម, ខ្លាញ់៖ តិចជាង ១ ក្រាម,ជាតិសរសៃ៖ ១ ក្រាម, វីតាមីនអា៖ ១០៨% នៃតម្រូវការដែលរាងកាយត្រូវការប្រចាំថ្ងៃ (RDI), វីតាមីនសេ៖ ៥៣%, វីតាមីន K ៖ ៥៤៧% និង ប៉ូតាស្យូម៖ ៤% ។ល។

២. សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម
ជី វ៉ាន់ស៊ុយ មានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជាច្រើនដែលអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់អ្នក ក្នុងនោះដូចជាសារធាតុ អង់ទីអុកស៊ីដង់ជាដើម។ សារធាតុនេះ គឺជាសមាសធាតុដែលការពារការខូចខាតកោសិកាពីម៉ូលេគុលដែលគេហៅថារ៉ាឌីកាល់សេរី។
៣. ជួយដល់សុខភាពឆ្អឹង
ឆ្អឹងរបស់អ្នកត្រូវការវីតាមីននិងសារធាតុរ៉ែមួយចំនួនក្នុងបរិមាណខុសៗគ្នាដើម្បីរក្សាសុខភាពល្អនិងរឹងមាំ។ ជីវ៉ាន់ស៊ុយ សម្បូរទៅដោយវីតាមីន K - ជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាពឆ្អឹង។ ការសិក្សាខ្លះណែនាំថាការទទួលទានអាហារដែលមានវីតាមីន K ខ្ពស់អាចកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹងបាន។

៤. មានសារធាតុប្រឆាំងមហារីក
ជីវ៉ាន់ស៊ុយ មានសមាសធាតុរុក្ខជាតិដែលអាចមានឥទ្ធិពលប្រឆាំងមហារីក។ វាសម្បូរទៅដោយសារជាតិប្រឆាំងអុកស៊ីតកម្ម flavonoid និងវីតាមីន C ដែលជួយកាត់បន្ថយភាពតានតឹងអុកស៊ីតកម្មនៅក្នុងខ្លួនរបស់អ្នកនិងអាចបន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន។
៥. សម្បូរសារធាតុចិញ្ចឹមដែលការពារភ្នែករបស់អ្នក
សារជាតិ Lutein, beta carotene និង zeaxanthin គឺជាសារធាតុ ៣ យ៉ាងនៅក្នុង ជីវ៉ាន់ស៊ុយដែលជួយការពារភ្នែករបស់អ្នកនិងលើកកម្ពស់ចក្ខុវិស័យដែលមានសុខភាពល្អ។

៦. ធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង
វ៉ាន់ស៊ុយ គឺជារុក្ខជាតិដែលមានសារធាតុចិញ្ចឹមច្រើនដែលអាចជួយពង្រឹងសុខភាពបេះដូង។ ព្រោះវាមានផ្ទុក វីតាមីនបេ-ហ្វូឡាត ដែលត្រឹមទម្ងន់ ៣០ ក្រាម វាមានរហូតដល់ ១១% នៃសារធាតុដែលរាងកាយត្រូវការជារៀងរាល់ថ្ងៃ។ ការទទួលទានជាតិ ហ្វូឡាត ខ្ពស់អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងចំពោះប្រជាជនមួយចំនួន។
គួរប្រយ័ត្ន៖
ជាធម្មតា ជីវ៉ាន់ស៊ុយ មិនមានផលប៉ះពាល់អ្វីទេ ប្រសិនជាយើងប្រើវាត្រឹមតែមួយសមល្មមនៅក្នុងរបបអាហារ។ ប៉ុន្តែ ក្នុងករណីខ្លះវាអាចបង្កឱ្យមានប្រតិកម្មលើស្បែកសម្រាប់មនុស្សមួយចំនួន។ ម្យ៉ាងវិញទៀត បើយើងបរិភោគវារាល់ថ្ងៃពេក ឬច្រើនខ្លាំងពេក វាអាចមានផលប៉ះពាល់ដល់ប្រព័ន្ធឈាម ថ្លើម និង តម្រងនោម ជាដើម។ ដូច្នេះ ចូរប្រើវាក្នុងកម្រិតមួយសមល្មម និងគួរទៅជួបគ្រូពេទ្យជំនាញ ប្រសិនជាអ្នកមានប្រតិកម្មណាមួយក្រោយបរិភោគវា៕

ប្រភព៖ healthline


