តើអ្នកអាចកើតជំងឺអុតស្វាយពីរដងក្នុងមួយជីវិតទេ? រោគសញ្ញា និងការព្យាបាល!
ភូមិន្ទ
08 សីហា 2021 11:30 PM

តើអ្វីទៅជាជំងឺអុតស្វាយ?

ជំងឺអុតស្វាយគឺជាជំងឺឆ្លងខ្លាំងមួយប្រភេទ ហើយវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ជាពិសេសចំពោះទារកមនុស្សធំ និងអ្នកដែលមានប្រព័ន្ធការពារខ្សោយ។ វាបង្កឡើងដោយ វីរុស Varicella-zoster (VZV) ។ រោគសញ្ញានៃជំងឺអុតស្វាយជាទូទៅ គឺមានឡើងជាកន្ទួល មានពងបែកដែលជាធម្មតាលេចឡើងនៅលើទ្រូង ខ្នង និងមុខ។ កន្ទួលនោះជាធម្មតារាលដាលពាសពេញរាងកាយទាំងមូលបណ្តាលឱ្យមានពងបែករួចប្រែទៅជាដំបៅរលាកពេញខ្លួន។ កន្ទួលទាំងនោះ អាចបង្កឱ្យរមាស់ខ្លាំង រួមនឹងអាការៈ អស់កម្លាំងឈឺក្បាល និងគ្រុនក្ដៅ។

តាមការសិក្សាបានឱ្យដឹងថា មនុស្សម្នាក់អាចកើតជំងឺអុតស្វាយច្រើនដងក្នុងមួយជីវិត និងអ្នកខ្លះក៏អាចនឹងមិនមានកើតសោះសូម្បីម្ដងព្រោះតែពួកគេមានប្រព័ន្ធភាពស៊ាំខ្លាំង ឬបានចាក់វ៉ាក់សាំងការពារខ្លួនជាមុន។ អ្នកអាចងាយនឹងឆ្លងមេរោគអុតស្វាយពីរដងប្រសិនបើ៖

-        អ្នកកើតជំងឺអុតស្វាយដំបូងនៅពេលអ្នកមានអាយុតិចជាង ៦ ខែ។

-        ករណីជំងឺអុតស្វាយដំបូងរបស់អ្នកគឺមានរោគសញ្ញាស្រាលខ្លាំង។

-        អ្នកមានប្រព័ន្ធការពារខ្សោយ។

តើអ្នកឆ្លងជំងឺអុតស្វាយយ៉ាងដូចម្តេច?

ជំងឺអុតស្វាយគឺជាជំងឺដែលមានភាគរយឆ្លងខ្ពស់ ហើយអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់យ៉ាងងាយស្រួល។ អ្នកដែលមានអុតស្វាយ អាចចម្លងទៅអ្នកដទៃតាមរយៈ ការដកដង្ហើម ក្អក ឬកណ្តាស់។ ជាពិសេស គឺតាមរយៈការប៉ះពាល់ជាមួយសារធាតុរាវនៅក្នុងពងបែកកន្ទួលរបស់អ្នកជំងឺ។

ការព្យាបាល 

ជាទូទៅ ការព្យាបាលជំងឺអុតស្វាយ គឺមានជាច្រើនជម្រើស តម្រូវទៅតាមស្ថានភាពជាក់ស្ដែងរបស់អ្នកជំងឺ។ ក្នុងនោះមានដូចជា៖

-        លាងសម្អាតរបួសដោយឱសថអង់ទីសិបទីក ពីរដងក្នុងមួយថ្ងៃ។

-        លេបថ្នាំប៉ារ៉ាសេតាមុលបួនដងក្នុងមួយថ្ងៃ (ប្រែប្រួលទៅតាមវ័យ)

-        ប្រើថ្នាំបំបាត់រមាស់ ដូចជាពួក Phénothiazine ជាដើម។

-        អាចនឹងប្រើថ្នាំផ្សះក្នុងករណីដែលមានការឆ្លងបាក់តេរីបន្ថែមពីលើវា។

ក្រៅពីនោះ ក្នុងករណីធ្ងន់ធ្ងរលោកអ្នកគួរទៅជួបជាមួយគ្រូពេទ្យជំនាញ ចៀសវាងស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ និងបន្សល់ស្លាកស្នាមច្រើន ពិបាកព្យាបាល៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត