សូមប្រយ័ត្ន! ផ្សិតពុល ៧ ប្រភេទនេះអាចបណ្ដាលឱ្យស្លាប់បាន
ភូមិន្ទ
28 កក្កដា 2021 11:30 PM

ផ្សិត ត្រូវបានប្រើជាអាហារនិងឱសថសម្រាប់បំពេញតម្រូវការមនុស្ស អស់រយៈកាលជាយូរលង់ណាស់មកហើយ។ ប៉ុន្តែក៏មានប្រភេទផ្សិតមួយចំនួនធំមានផ្ទុកសារធាតុពុលខ្ពស់ រហូតអាចបង្កគ្រោះថ្នាក់ឱ្យយើងបាត់បង់ជីវិតផងដែរ។ ខាងក្រោមនេះ គឺជាប្រភេទផ្សិតគ្រោះថ្នាក់ដែលត្រូវបានហាមមិនឱ្យបរិភោគ៖

១/. ផ្សិតមួកខ្មោច ឬ Death cap mushroom

ផ្សិតដ៏គ្រោះថ្នាក់ប្រភេទនេះ ត្រូវបានគេរកឃើញនៅពាសពេញទ្វីបអឺរ៉ុប ដែលរូបរាងវាប្រហាក់ប្រហែលនឹងផ្សិតចំបើងដែរ។ តាមការសិក្សាបានបង្ហាញថា ក្នុងរយៈពេលពី ៦ ទៅ ១២ ម៉ោងបន្ទាប់ពីទទួលទានរួច វានឹងបង្កឱ្យមានការឈឺពោះខ្លាំង ក្អួត និងរាកលាយឈាម បណ្តាលឱ្យបាត់បង់ជាតិទឹកយ៉ាងឆាប់រហ័សនិងបង្កឱ្យស្លាប់។ តួយ៉ាងបុគ្គលល្បីឈ្មោះដូចជា សម្តេចប៉ាប Clement VII ក៏បានពុលផ្សិតនេះស្លាប់ ក្នុងឆ្នាំ ១៥៣៤ នៃគ.ស ផងដែរ។

២. ផ្សិតចិញ្ចៀន ឬ Conocybe filaris

Conocybe filaris ឬដែលខ្មែរយើងនិយមហៅថាជាផ្សិតចិញ្ចៀន គឺមានសារធាតុពុលខ្លាំងរហូតបង្កឱ្យបាត់បង់ជីវិតបានប្រសិនសង្គ្រោះមិនទាន់ពេល។ ក្រោយបរិភោគចាប់ពី ៦-២៤ ម៉ោង វានឹងរោគសញ្ញាចុកឆ្អល់ក្នុងក្រពះ ឬពោះវៀន និងអាចបង្កឱ្យខ្សោយថ្លើម និងតំរងនោមជាដើម។

៣. ផ្សិត Webcaps (Cortinarius species)

ផ្សិតនេះមានផ្ទុកនូវសារធាតុពុលប្រភេទ Orellanin ដែលបង្កឱ្យមានរោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយទូទៅដែរ។ បន្ទាប់មក ជាតិពុលមួយនេះ នឹងបណ្តាលឱ្យខ្សោយតំរងនោម និងស្លាប់ប្រសិនបើមិនបានព្យាបាល។

៤. ផ្សិតឈើ ឬ Autumn Skullcap (Galerina marginata)

ជាទូទៅផ្សិតនេះច្រើនតែដុះនៅក្នុងព្រៃ ហើយមានដុះជាច្រើននៅតំបន់អឌ្ឍគោលខាងជើង និងផ្នែកខ្លះនៃប្រទេសអូស្ត្រាលី។ ក្រោយទទួលទានផ្សិតនេះ គឺអាចបណ្តាលឱ្យរាក ក្អួត ថយចុះកម្តៅ និងខូចថ្លើម ហើយថែមទាំងអាចបណ្តាលឱ្យស្លាប់ទៀតផងប្រសិនបើមិនបានព្យាបាល។

៥. ផ្សិត Destroying Angels (Amanita species)

ប្រភេទផ្សិតនេះគឺត្រូវបានគេប្រទះឃើញនៅអាមេរិកខាងជើង។ រោគសញ្ញាបន្ទាប់ពីបរិភោគវាមានដូចជា៖ ក្អួត, ភ្លេចភ្លាំង, ប្រកាច់, រាករូស ក្រោយបរិភោគបានចន្លោះពី ៥ ទៅ ២៤ ម៉ោង។ វាបណ្ដាលឱ្យ ខ្សោយថ្លើម, ខ្សោយតំរងនោម និងអាចបណ្តាលឱ្យស្លាប់បាន ប្រសិនព្យាបាលមិនទាន់ពេល។

៦. ផ្សិតម្រាមដៃ ឬ Podostroma cornu-damae

នេះជាប្រភេទពូជផ្សិតកម្រមានដើមកំណើតនៅទ្វីបអាស៊ី។ វាត្រូវបានគេមើលឃើញថា ដុះចេញមកដូចជាម្រាមដៃមនុស្ស និងមានផ្ទុកនូវជាតិពុលដ៏ខ្លាំងក្លា ដែលត្រូវបានគេស្គាល់ថាជាសារជាតិ trichothecene mycotoxins ។ រោគសញ្ញានៃការពុលរួមមានឈឺក្រពះ, របកស្បែក, ជ្រុះសក់, មានសម្ពាធឈាមទាប, ខ្សោយថ្លើម, ខ្សោយតំរងនោម និងបណ្តាលឱ្យស្លាប់ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។

៧. ផ្សិតក្បាលថ្លែន ឬ Deadly Dapperling (Lepiota brunneoincarnata)

ផ្សិតនេះត្រូវបានខ្មែរយើងនិយមហៅថាជាផ្សិតក្បាលថ្លែន។ វាច្រើនដុះនៅរដូវវស្សាដែលសំបូរដុះនៅទូទាំងទ្វីបអឺរ៉ុប និងផ្នែកខ្លះនៃទ្វីបអាស៊ី។ ផ្សិតនេះត្រូវបានគេដឹងថាមានផ្ទុកនូវសារជាតិអាម៉ាទីស៊ីន ដែលជាសារធាតុពុលក្នុងកម្រិតមធ្យម ហើយអាចបង្កឱ្យមានការពុលថ្លើមធ្ងន់ធ្ងរ ប្រសិនមិនបានព្យាបាលទាន់ពេលវេលា៕

ប្រភព៖ britannica

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត