ឆ្នាំ១៩៤១! បារាំងចាញ់សង្រ្គាម សៀមទាមទារយកខេត្តបាត់់ដំបង និងសៀមរាប ម្ដងទៀត
S
Sereyphuon Chhim
28 មិថុនា 2021 11:53 PM

ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន

(SBM News)៖ ក្រោយវាយដណ្តើមយកប្រទេសប៉ូឡូញ បានហើយ កងទ័ពណាហ្ស៊ី ហ៊ីត្លែរ បានបន្តបើកការវាយលុកចូលទៅប្រទេសបារាំង, បែលហ្ស៊ិក, ហុល្លង់ និងវាយលុកទៅដល់សហភាពសូវៀត នៅក្នុងឆ្នាំ១៩៤១។ ពេលនោះ សហរដ្ឋអាមេរិក សហភាពសូវៀត អង់គ្លេស និងបារាំង បានចងសម្ព័ន្ធភាពគ្នាដើម្បីទប់ទល់កងទ័ពណាហ្ស៊ី ហ៊ីត្លែរ ដែលកំពុងចងសម្ព័ន្ធភាពជាមួយប្រទេសអ៊ីតាលី និងជប៉ុន ផងដែរ។ មុនពេលកងទ័ពណាហ្ស៊ី ហ៊ីត្លែរ ចាប់ផ្តើមវាយលុកចូលប្រទេសបារាំង នៅខែសីហា ឆ្នាំ១៩៣៩ រដ្ឋាភិបាលក្រុងប៉ារីស បានស្នើសុំឲ្យមានកតិកាសញ្ញាសន្តិភាព មិនឈ្លានពានគ្នាទៅវិញទៅមករវាប្រទេសកម្ពុជា ជាមួយប្រទេសសៀម ដែលបានដូរឈ្មោះជាប្រទេសថៃ វិញនៅក្នុងឆ្នាំ១៩៣៩នោះដែរ។

កងទ័ពណាហ្ស៊ី ហ៊ីត្លែរ ចូលដល់ក្រុងបារីស 
កងទ័ពណាហ្ស៊ី ហ៊ីត្លែរ ចូលដល់ក្រុងបារីស 

ប៉ុន្តែភាគីថៃ បានដាក់លក្ខខណ្ឌឲ្យរដ្ឋាភិបាលក្រុងប៉ារីស ជាមុនថា ត្រូវសើរើកិច្ចព្រមព្រៀងបារាំង-សៀម ស្តីពីបញ្ហាព្រំដែនខ្មែរ ដែលបានព្រមព្រៀងគ្នាកាលពី ឆ្នាំ១៩០៧ នោះជាមុនសិន។ តែរដ្ឋាភិបាលក្រុងប៉ារីស មិនទទួលយកលក្ខខណ្ឌនេះ ធ្វើឲ្យគម្រោងចុះហត្ថលេខាលើកតិកាសញ្ញាសន្តិភាពមិនឈ្លានពានគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា ជាមួយប្រទេសសៀមនោះ ក៏ត្រូវខកខានវិញ។ នៅពេលកងទ័ពណាហ្ស៊ី ហ៊ីត្លែរ និងសម្ព័ន្ធមិត្តមិនទាន់ទទួលជ័យជម្នះនៅអឺរ៉ុប ពិសេសមិនទាន់វាយបានប្រទេសបារាំង នៅឡើយ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៤០ រាជរដ្ឋាភិបាលថៃ សុខចិត្តចុះហត្ថលេខាលើកតិសញ្ញាសន្តិភាពជាមួយរដ្ឋាភិបាលក្រុងប៉ារីស ដោយគ្មានលក្ខខណ្ឌ ហើយបន្ទាប់មកទៀត ថៃ ក៏បានចុះហត្ថលេខាលើកតិកាសញ្ញាសន្តិភាពជាមួយអង់គ្លេស និងជប៉ុនផងដែរ ដើម្បីបង្ហាញពីជំហរ អព្យាក្រឹតរបស់ខ្លួនថា មិនចូលបក្សសម្ព័ន្ធណាមួយឡើយ។ ប៉ុន្តែក្រោយពេលដឹងថា កងទ័ពណាហ្ស៊ី ហ៊ីត្លែរ វាយដណ្ដើមយកបានទីក្រុងប៉ារីស របស់បារាំង នាយករដ្ឋមន្រ្តីបារាំង ប៉ូល រ៉ៃណូល (Paul Raynauld) សុំលាលែងពីតំណែង ហើយសេនាប្រមុខបារាំងឈ្មោះហ្វីលីព ប៉េតាំង( Phillipe Petain) ត្រូវពួកណាហ្ស៊ី ហ៊ីត្លែរ លើកបន្តុបឲ្យឡើងដឹកនាំរដ្ឋាភិបាលបារាំងថ្មីមួយនៅក្រុងវីឈី ( Vichi )មក សេនាប្រមុខវិបុល សង្គ្រាម នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា រដ្ឋាភិបាលថៃ នឹងមិនផ្តល់សច្ចាប័នលើកកតិការសញ្ញាសន្តិភាពរវាងសៀម និងបារាំង ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៤០នោះទេ ដរាបណា បារាំងមិនព្រមសើរើកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៧ ពីបញ្ហាព្រំដែនខ្មែរ-ថៃ ឡើងវិញ។

នាយករដ្ឋមន្រ្តីថៃ វិបុល សង្គ្រាម
នាយករដ្ឋមន្រ្តីថៃ វិបុល សង្គ្រាម

ដើមខែកញ្ញា ឆ្នាំ១៩៤០ រដ្ឋាភិបាលវិបុល សង្គ្រាម បានចេញផ្សាយសៀវភៅមួយភូតកុហកសាធារណមតិអន្តរជាតិ ថា ទឹកដីខ្មែរ និងឡាវ ដែលបារាំងកំពុងតែត្រួតត្រានោះ គឺជាជារបស់ថៃ ហើយថាជនជាតិខ្មែរ និងជនជាតិឡាវ គឺជាពូជសាសន៍តែមួយ គឺថៃហ្នឹងឯង។ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៤០ នាយករដ្ឋមន្រ្តីថៃ វិបុល សង្គ្រាម បានផ្ញើលិខិតជាផ្លូវការមួយទៅរដ្ឋាភិបាលក្រុងវីឈី( Vichi ) របស់បារាំង ការទាមទារទឹកដីកម្ពុជា និងលាវ ដែលខ្លួនបានដណ្តើមកាន់កាប់កាលពីមុនឆ្នាំ១៩០៤នោះ មកជារបស់ខ្លួនវិញ។ ប៉ុន្តែ នៅថ្ងៃទី១៨ ខែកញ្ញា រដ្ឋាភិបាលក្រុងវីឈី( Vichi ) បានច្រានចោលការទាមទារមិនសមហេតុផលនេះ។ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៤០ នាយករដ្ឋមន្ត្រីថៃ វិបុលសង្គ្រាម បានធ្វើការទាមទារម្តងទៀត។ តែរដ្ឋាភិបាលក្រុងវីឈី( Vichi ) មិនទាន់បានឆ្លើយតបវិញផង ស្រាប់តែនៅថ្ងៃទី៣០ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃរូបនេះ បានធ្វើការទាមទារជាថ្មីម្តងទៀត។ រហូតដល់ថ្ងៃទី១៤ ខែតុលា ទើបរដ្ឋាភិបាលក្រុងវីឈី ( Vichi ) ប្រកាសបដិសេធដាច់អហង្ការចំពោះការទាមទារដ៏គឃ្លើននោះ វិបុល សង្គ្រាម ក៏បានបញ្ជាឲ្យកងទ័ពថៃ ធ្វើសកម្មភាពវាយប្រហារប៉េះរប៉ោះនៅតាមបណ្តោយព្រំដែនខ្មែរ និងឡាវ ដើម្បីបង្កជម្លោះ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៤០ ប្រជារាស្រ្តខ្មែរនៅទីក្រុងភ្នំពេញ និងនៅទីរួមខេត្តបាត់ដំបង នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការទាមទារយកទឹកដីខ្មែរទៅវិញនោះយ៉ាងគក្រឹកគគ្រេង។

កងទ័ពណាហ្ស៊ី ហ៊ីត្លែរ ចូលដល់ក្រុងបារីស 
កងទ័ពណាហ្ស៊ី ហ៊ីត្លែរ ចូលដល់ក្រុងបារីស 

ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៤០មក ដោយស៊ូទ្រាំអត់ធ្មត់នឹងការបង្កជម្លោះតាមព្រំដែនរបស់ថៃ មិនបាន កងទ័ពបារាំង និងខ្មែរ ក៏បានចាប់ផ្តើមវាយបកទៅលើកងទ័ពថៃ វិញ ដោយក្នុងនោះមាននាយទាហានខ្មែរសំខាន់ៗចូលរួមដែរ ដូចជា សូ ខាំខូយ, ដួង សំអុល, ឆាយ ឡាយ, អ៊ុម កង និង ហ៊ឹម សេស ជាដើ ពេលនោះកងកាំងភ្លើងធំ និងយន្តហោះថៃ ក៏ចាប់ផ្តើមបាញ់ផ្លោង និងទម្លាក់គ្រាប់បែកទៅលើទីប្រជុំជននានា និងនៅតាមដងទន្លេមេគង្គរបស់ប្រទេសឡាវ ។ ចំណែកយន្តហោះរបស់បារាំង ដែលមានមូលដ្ឋាននៅឥណ្ឌូចិន សុទ្ធសឹងមានសភាពចាស់ៗទៅហើយនោះ ក៍បានហោះទៅទម្លាក់គ្រាប់បែកនៅពេលយប់ៗ ទៅលើទីក្រុងនានារបស់ថៃវិញដែរ ដូចជានៅណងខាយ, អ៊ូ ប៊ុន, នគរភ្នំ, និងនគរាជ ជាដើម ។ លុះដល់ដើមខែមករា ឆ្នាំ១៩៤១ កងទ័ពថ្មើរជើងរបស់ថៃ ចាប់ផ្ដើមបើកការវាយលុកមកលើតំបន់ប៉ោយប៉ែត សិរីសោភ័ណ និងសំរោង ហើយយន្តហោះថៃ ក៏ហោះមកទម្លាក់គ្រាប់បែកលើទីប្រជុំជន សិរីសោភ័ណ, មង្គលបុរី, ស្ទឹងត្រែង និងសៀមរាប បណ្តាលឱ្យបាត់បង់ជីវិតប្រជារាស្ត្រខ្មែរមួយចំនួន។ ថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៤១ កងទ័ពថ្មើរជើងបារាំង ក៏បានធ្វើការវាយបកទៅលើកងទ័ពថៃ ឲ្យដកថយវិញ ហើយការប្រយុទ្ធគ្នាជាទ្រង់ទ្រាយធំបានកើតមាននៅយាងដង្គំ ក្នុងខេត្តសៀមរាប ។ តែពេលនោះ កងទ័ពបារាំង ត្រូវកងទ័ពថៃ វាយឱ្យដកថយមកនៅត្រឹមសិរីសោភ័ណ វិញ។ ប៉ុន្តែនៅល្ងាចថ្ងៃទី១៦ ខែមករា ដដែលនោះដែរ នៅសមរភូមិនៅឈូងសមុទ្រថៃ ក្បែរកោះតាង កងនាវាចម្បាំងបារាំង និងកងនាវាចម្បាំងថៃ ទាំងហ្វូងៗ មកបានបើកការប្រយុទ្ធគ្នាកក្រើកសមុទ្រ។

គ្រាន់តែរយៈពេលប្រមាណ២ម៉ោងប៉ុណ្ណោះ កងនាវាបារាំង បានបាញ់ឱ្យនាវាចម្បាំងថៃ លិច និងប្រើការលែងកើតអស់ប្រហែល៤០ភាគរយ ខណៈកងនាវាចម្បាំងបារាំង ពុំត្រូវបានបាញ់លិចនៅក្នុងសមុទ្រមួយគ្រឿងនោះ ធ្វើឲ្យកងទ័ពថៃ ត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់ក្នុងការធ្វើសង្គ្រាមឈ្លានពានដណ្ដើមទឹកដីរបស់ប្រទេសខ្មែរ និងឡាវ។ ពេលនោះ ថៃ បានទទួលការគាំទ្រយ៉ាងពេញទំហឹងទាំងខាងការទូត និងយោធាពីរដ្ឋាភិបាលជប៉ុន ហើយសហរដ្ឋអាមេរិក ក៏លម្អៀងទៅខាងថៃដែរ បើទោះបី បារាំងជាសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដោយ។ កាសែតអាមេរិក ជាច្រើនបានសរសេរគាំទ្រ និងលើកទឹកចិត្តចំពោះការឈ្លានពានប្លន់យកទឹកដីរបស់រាជរដ្ឋាភិបាលថៃ មកលើទឹកដីខ្មែរ និងឡាវ។ ឯប្រទេសអង់គ្លេស ឈរនៅជាអព្យាក្រឹត។

មេដឹកនាំថៃ សម័យឆ្នាំ១៩៤១
មេដឹកនាំថៃ សម័យឆ្នាំ១៩៤១

  ក្រោយពីកងទ័ពជើងទឹកថៃ ត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរមក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៤១ រដ្ឋាភិបាលជប៉ុន នៅក្នុងក្រុងតូក្យូ បានដាក់ឱសានវាទបង្ខំឲ្យបារាំង ឈប់ធ្វើសង្គ្រាមជាមួយថៃ និងបង្ខំឲ្យយល់ព្រមទទួលយកជប៉ុន ធ្វើជាអាជ្ញាកណ្តាលក្នុងដោះស្រាយក្នុងការបញ្ចប់ជម្លោះនេះទៀតផង។​​ ពេលនោះ បារាំង មិនទាន់បានឆ្លើយតបយ៉ាងណាផង ស្រាប់តែមានកងទ័ពនាវាចម្បាំងរបស់ជប៉ុន មួយកងធំ បានចូលទៅដល់មុខឆ្នេរសមុទ្រវង់ តាវ ដែលបារាំងហៅថា ឆ្នេរសមុទ្រកាប់សាំងហ្សាក់ (Cap-Saint-Jacques)  នៅវៀតណាមខាងត្បូង ដើម្បីគំរាមបារាំង ទៅហើយ។

   ដោយសារការគំរាមនេះ បារាំងក៏ត្រូវបង្ខំចិត្តឈប់ធ្វើសង្គ្រាមជាមួយថៃ ចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៤១ តទៅ ។

  នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៤១ រដ្ឋាភិបាលជប៉ុន បានរៀបចំឱ្យមានកិច្ចចរចាបារាំង-ថៃ នៅទីក្រុងតូក្យូ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ម៉ាតស៊ូយូកា។
ក្នុងពេលចរចានោះ ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុនផង ភាគីថៃ បានទាមទារឲ្យភាគីបារាំង ប្រគល់ទឹកដីខ្មែរ និងឡាវ ទៅឱ្យខ្លួនគ្រប់គ្រងដូចកាលសម័យមុនឆ្នាំ១៩០៧ វិញ។

ព្រះមហាក្សត្រមុនីវង្ស និងពួកមន្រ្តីបារាំង
ព្រះមហាក្សត្រមុនីវង្ស និងពួកមន្រ្តីបារាំង

 ​ តែភាគីបារាំង  បានបដិសេធថា មិនអាចធ្វើបែបនេះបានទេ ប៉ុន្តែដោយសារមានការកៀបសង្កត់ពីរាជរដ្ឋាភិបាលក្រុងតូក្យូ ទៅលើរដ្ឋាភិបាលក្រុងវីឈី( Vichi) ដែលនៅក្រោមការត្រួតត្រារបស់អាល្លឺម៉ង់នោះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៤១ ភាគីបារាំង ក៏ព្រមប្រគល់ទឹកដីខេត្តបាត់ដំបង ទាំងមូល ខេត្តសៀមរាបមួយភាគធំ (លើកលែងតែស្រុកពួក តំបន់អង្គរ ស្រុកសូទ្រនិគម និងស្រុកជីក្រែង) ខេត្តកំពង់ធំ ភាគខាងជើង (ស្រុកជាំក្សាន្ត និងស្រុកឆែប សព្វថ្ងៃស្ថិតនៅក្នុងខេត្តព្រះវិហារ) និងទឹកដីខេត្តស្ទឹងត្រែង ប៉ែកខាងលិចទន្លេមេគង្គទាំងអស់ ដែលសរុបទាំងអស់មានទំហំប្រមាណជា ៦០.០០០ គីឡូម៉ែត្រការ៉េ គឺស្មើនឹង១ភាគ៣នៃផ្ទៃប្រទេសសព្វថ្ងៃ តាមការទាមទាររបស់ថៃ។ ទន្ទឹមគ្នានេះដែរ ប្រជារាស្រ្តខ្មែរប្រមាណកន្លះលាននាក់ ក៏ធ្លាក់ទៅក្រោមការគ្រប់គ្រងត្រួតត្រារបស់រាជរដ្ឋាភិបាលថៃ ផងដែរ។

       ចំណែកប្រទេសឡាវ ក៏ត្រូវបាត់បង់ទឹកដីប្រមាណជា១០០០០គីឡូម៉ែត្រការ៉េដែរ ពោលគឺទឹកដីប៉ែកខាងជើង និងខាងត្បូងដែលនៅខាងលិចទន្លេមេគង្គទាំងមូលត្រូវថៃ ដណ្ដើមយកអស់។

   ក្រោយប្រទេសកម្ពុជា ត្រូវបាត់បង់ទឹកដី១ភាគ៣ថែមទៀតមកនោះ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤១ រដ្ឋាភិបាលក្រុងតូក្យូ, រដ្ឋាភិបាលក្រុងវីឈី( Vichi ( របស់បារាំង និងរដ្ឋាភិបាលថៃ បានជួបគ្នាចុះហត្ថលេខាលើកតិកាសញ្ញាសន្តិភាពមួយ ហើយពេលនោះ តំណាងរដ្ឋាភិបាលបារាំង បានទទួលទឹកប្រាក់ចំនួន៦លានផ្ចាស្ត្រ៍ (Pchastres=លុយឥណ្ឌូចិន) ពីរដ្ឋាភិបាលជប៉ុន និងថៃ ជាថ្នូរនឹងការយល់ព្រមចុះហត្ថលេខាលើកតិកាសញ្ញាសន្តិភាពនេះផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត