
លោកអ្នកប្រហែលជាធ្លាប់បានស្គាល់និងដឹងច្បាស់ហើយពីភាពល្បីល្បាញនៃក្រូចពោធិ៍សាត់ ព្រោះតែវាមានរសជាតិផ្អែមឆ្ងាញ់ពិសា និងមានគុណប្រយោជន៍ខ្ពស់។ ខណៈនេះ មុននឹងធ្វើការរៀបរាប់ពីកំពូលគុណប្រយោជន៍របស់វា SBM News សូមបង្ហាញពីប្រវត្តិនៃឈ្មោះក្រូចនេះជាមុនសិន។ យោងតាមការបញ្ជាក់ប្រាប់ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានលើកឡើងនៅក្នុងសន្និសីទមួយ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឱ្យដឹងថា ដំណាំក្រូចពោធិ៍សាត់មានដើមកំណើតនៅក្នុងសម័យអាណានិគមនិយមបារាំង (១៩៦៣-១៩៥៣) ដែលបារាំងបានយកមកដាំនៅស្រុកភ្នំក្រវាញ ហើយនៅពេលនោះ មិនដឹងហៅឈ្មោះអ្វី ក៏ហៅថា «ក្រូចពោធិ៍សាត់» តែម្ដងទៅ។ ឈ្មោះនេះក៏បានហៅតៗរហូតមកដល់សព្វថ្ងៃនេះ។

តាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា គ្រប់ប្រភេទនៃក្រូចទាំងអស់គឺមានអត្ថប្រយោជន៍ដូចៗគ្នា។ មិនខុសគ្នាពីក្រូចដទៃ ក្រូចពោធិ៍សាត់ក៏បង្កប់នូវកំពូលគុណប្រយោជន៍ធំៗដែលលោកអ្នកមិនគួរមើលរំលង។ យោងតាមការសិក្សាបានឱ្យដឹងថា នៅក្នុងទឹកក្រូចពោធិ៍សាត់ដែលមានបរិមាណត្រឹមតែ ១០០ ក្រាម គឺបង្កប់ទៅដោយសារធាតុសំខាន់ៗដូចជា៖ កាឡូរី ជាតិទឹក ប្រូតេអ៊ីន ស្ករ ជាតិសរសៃ ខ្លាញ់។ល។ ដែលសារធាតុទាំងនេះ គឺវាចាំបាច់បំផុតដែលសារពាង្គយើងត្រូវការជារៀងរាល់ថ្ងៃ ក្នុងការការពារជំងឺប្រព័ន្ធរំលាយអាហារ ការពារហានិភ័យនៃជំងឺបេះដូង បន្ថយសម្ពាធឈាម ជួយពន្យាភាពចាស់ ប្រឆាំងអ៊ុកស៊ីតកម្ម និងបង្ការជំងឺមហារីកជាដើម៕


ប្រភព៖ healthline


