
ម្ជូរព្រឹកជារុក្ខជាតិដែលមានដុះនៅតាមតំបន់មួយចំនួននៅកម្ពុជាយើង និងមានដើមកំណើតនៅតំបន់អាហ្វ្រិកកណ្ដាលនិងអាហ្វ្រិកខាងលិច។ រុក្ខជាតិសុខភាពនេះ សម្បូរដោយវីតាមីនសេ ជាតិកាល់ស្យូម ជាតិដែក វីតាមីនបេ២ វីតាមីនបេ៣ ព្រមទាំងសម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផងដែរ។ ខាងក្រោយនេះជាអត្ថប្រយោជន៍ដ៏មិននឹកស្មានដល់នៃការទទួលទានទឹកម្ជូរព្រឹក៖
១/. សម្រាលការឈឺចុកចាប់ពេលមករដូវ៖
ម្ជូរព្រឹកជួយរក្សាតុល្យភាពអ័រម៉ូននៅក្នុងរាងកាយ ដែលមានប្រយោជន៍ដល់ការសម្រាលការឈឺចុកចាប់របស់ស្ត្រីនៅពេលមករដូវម្ដងៗ។ ប៉ុន្តែសម្រាប់ស្ត្រីដែលមានផ្ទៃពោះ មិនត្រូវបានការណែនាំឲ្យទទួលទានទឹកផ្កាម្ជូរព្រឹកនេះឡើយ ព្រោះថាវាអាចកាត់បន្ថយកម្រិតអឺស្ត្រូហ្សែន ដែលអាចប៉ះពាល់ដល់សមត្ថភាពបង្កកំណើតបាន។

២/. ជួយព្យាបាលជំងឺផ្លូវចិត្ត៖
ទទួលទានទឹកផ្កាម្ជូរព្រឹកអាចសម្រួលប្រព័ន្ធប្រសាទ និងក៏អាចកាត់បន្ថយ វិបត្តិផ្លូវចិត្តបានផងដែរ។

៣/. ការពារថ្លើម៖
ទឹកផ្កាម្ជូរព្រឹកមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម អាចជួយដល់ការព្យាបាលជំងឺថ្លើមបាន។ សារធាតុប្រឆាំងនឹងអុកស៊ីតកម្មអាចការពាររាងកាយរបស់អ្នកពីជំងឺ ព្រោះថាពួកវាអាចទប់ទល់ជាមួយពពួករ៉ាឌីកាល់សេរីដែលមានវត្តមាននៅក្នុងកោសិកានិងជាលិការាងកាយរបស់អ្នក។

៤/. ជួយសម្រួលដល់ការរំលាយអាហារ៖
ទឹកផ្កាម្ជូរព្រឹកជួយធ្វើឲ្យការបន្ទោបង់និងចលនារបស់ពោះវៀនមានភាពទៀងទាត់។ វាក៏អាចជួយសម្រួលអាការៈទល់លាមក និងជួយធ្វើឲ្យប្រព័ន្ធពោះវៀនរបស់អ្នកបានប្រសើរឡើងផងដែរ។

៥/. គ្រប់គ្រងសម្ពាធឈាម៖
ដោយសារតែលក្ខណៈរបស់ផ្កាម្ជូរព្រឹកមានការការពារសុខភាពបេះដូង និងកាត់បន្ថយសម្ពាធឈាម វាមានអត្ថប្រយោជន៍សម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ និងអ្នកដែលកំពុងតែប្រឈមមុខនឹងហានិភ័យពីជំងឺបេះដូង។ ដើម្បីទទួលបានប្រសិទ្ធភាពរបស់វា អ្នកគួរតែទទួលទានទឹកផ្កាម្ជូរព្រឹក២ទៅ៣ដងជារៀងរាល់ថ្ងៃ៕

ប្រែសម្រួល៖ ភូមិន្ទ
ប្រភព៖ rhymbahillstea


