
ភ្លូ គឺជារុក្ខជាតិដែលដុះយ៉ាងច្រើននៅតាមតំបន់ផ្សេងៗក្នុងទឹកដីអាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានកម្ពុជា ឥណ្ឌា នេប៉ាល់ ស្រីលង្កានិងថៃ។ វាគឺជារុក្ខជាតិព្រៃមួយប្រភេទ ស្លឹកមានមមីសគ្រើមៗ ផ្លែមានសណ្ឋានមូល មានត្របកជាស្រទាប់ៗ រុំជុំវិញបណ្ដូល មានរសជាតិជូរអាចបរិភោគបាន។ ភ្លូមានពីរប្រភេទគឺ ភ្លូធំ, ភ្លូបាត។ បើទោះបីជារុក្ខជាតិព្រៃនេះពុំសូវមានការចាប់អារម្មណ៍ ប៉ុន្តែភ្លូ ផ្តល់នូវគុណប្រយោជន៍ដ៏អស្ចារ្យជាច្រើនសម្រាប់សុខភាពដូចជាការពារជំងឺក្រលៀន បន្ថយភាពចាស់ និងបន្ថយសម្ពាធឈាម។ បន្ថែមពីនេះ ភ្លូ សំបូរទៅដោយវីតាមីនសេ វីតាមីនបេ វីតាមីនអ៊ឺ ប៉ូតាស្យូម អាស៊ីដអាមីណូនិងប្រូតេអ៊ីន និងមានជាតិកូលេស្តេរ៉ុលទាប។ នៅប្រទេសឥណ្ឌាឯណោះ គេនិយមបរិភោគផ្លែភ្លូនេះរហូតក្លាយជាទំនៀមទម្លាប់ ដូចជាបរិភោគឆៅ ច្របាច់ធ្វើភេសជ្ជៈ យកទៅធ្វើបន្លែ ឬធ្វើបង្អែមផ្សេងៗជាដើម។
គុណប្រយោជន៍ចំពោះសុខភាព
១/.ព្យាបាលរោគសញ្ញាលើសឈាម
ផ្លែភ្លូ មានកម្រិតកូឡេស្តេរ៉ុលទាបពីធម្មជាតិ ដែលជាឱសថដ៏ល្អសម្រាប់អ្នកដែលមានជំងឺលើសឈាម។ ការទទួលទានភ្លូមួយចំណិតតូចជាមួយនឹងអាហារប្រចាំថ្ងៃ វានឹងជួយដល់សុខភាពបេះដូងនិងធ្វើជាថ្នាំប៉ូវកំលាំង។

២/. ពន្យារភាពចាស់
សារធាតុប្រឆាំងអុកស៊ីតកម្មចំនួន ៣ គឺវីតាមីនសេ វីតាមីនអ៊ី និងជាតិ flavonoids ក្នុងផ្លែភ្លូ ជួយសំយោគកូឡាជែនដើម្បីរក្សាភាពយឺតនៃស្បែក។ ការទទួលទានទឹកផ្លែភ្លូស្រស់មួយកែវ អាចជួយបង្កើនសំណើមដល់ស្បែក បន្ថយស្នាមជ្រីវជ្រួញ ស្នាមអុចៗនិងកាត់បន្ថយរោគសញ្ញាផ្សេងទៀតនៃភាពចាស់ដើម្បីផ្តល់ឱ្យអ្នកនូវភាពក្មេងជាងវ័យ។

៣/. បង្កើនកម្លាំង
ភ្លូ ផ្ទុកដោយកាឡូរី វីតាមីន B ប្រូតេអ៊ីននិងខ្លាញ់ ធានាដល់ការបង្កើនថាមពលខ្ពស់ក្នុងរាងកាយ ជួយសម្រួលដល់ការរំលាយអាហារ បង្កើនមុខងារខួរក្បាលក៏ដូចជាបង្កើនកម្លាំងសម្រាប់សកម្មភាពរាងកាយនិងផ្លូវភេទ។

៤/. ព្យាបាលជំងឺខ្សោយតំរងនោម
ញ៉ាំទឹកតែផ្សំពីផ្លែភ្លូទុំឬទឹកផ្លែភ្លូជូរ ជាមួយអាហារពេលព្រឹក វាគឺជាភេសជ្ជៈដ៏អស្ចារ្យបំបាត់ជាតិពុលក្នុងខ្លួន សំអាតរាងកាយពីខាងក្នុង និងជាមធ្យោបាយដ៏ល្អមួយដើម្បីបណ្តេញជាតិពុលដែលប្រមូលផ្ដុំនៅក្នុងប្រព័ន្ធរាងកាយ។ វាអាចជួយឱ្យមុខងារតម្រងនោមដំណើរការរលូនដោយកម្ចាត់រ៉ាឌីកាល់សេរីដែលមានគ្រោះថ្នាក់និងការពារពួកយើងពីជំងឺតម្រងនោម។

៥/. ការពារជំងឺថប់បារម្ភនិងធ្លាក់ទឹកចិត្ត
សារធាតុចិញ្ចឹមនៅក្នុងផ្លែឈើភ្លូ រួមមានស្តេរ៉ូអ៊ីត សូប៉ូនីន និងតានីន ផ្ទុកនូវមុខងារបញ្ជូនទៅសរសៃប្រសាទ ជួយសម្រួលសញ្ញាសរសៃប្រសាទនៅក្នុងខួរក្បាល និងធ្វើឱ្យមុខងារប្រព័ន្ធសរសៃប្រសាទ កណ្តាលមានដំណើរការធម្មតា។ វាក៏មានសមត្ថភាពធ្វើឱ្យប្រសើរឡើងនូវការចងចាំ ធ្វើឱ្យអារម្មណ៍រំជើបរំជួលនិងធ្វើឱ្យឥរិយាបទនៃជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តមានភាពប្រសើរឡើងផងដែរ៕

ប្រែសម្រួល៖ ភូមិន្ទ
ប្រភព៖ netmeds


