
មហាជនប្រហែលជាបានទទួលជ្រាបខ្លះៗមកហើយពីកិត្តិនាមដ៏ល្បីល្បាញរបស់វត្តរាជបូណ៌ ដែលល្បីថាជាវត្តដែលមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ មានសំណង់ចាស់ៗសាងសង់ទុកមករាប់សិបជំនាន់ និងមានអាយុកាលរហូតដល់រាប់រយឆ្នាំ។ ខណៈនេះ SBM News នឹងនាំលោកអ្នកទៅជ្រាបពីប្រវត្តិសង្ខេបនៃវត្តនេះដូចតទៅនេះ៖

វត្ត រាជបូណ៌ ជាវត្តដ៏ចំណាស់និងមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយក្នុងចំណោមវត្តដទៃទៀត ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប។ អារាមមួយនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក មានអាយុកាលរាប់រយឆ្នាំមកហើយ។ ព្រះវិហារវត្តបូណ៍ គឺជាមរតកវប្បធម៌ដ៏ល្អឯកមួយ ដែលមានក្បូរក្បាច់រចនា និងស្នាដៃសិល្បៈខ្មែរពិតៗ ទាំង ដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែជាទីចាប់អារម្មណ៍សម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ។ នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រ និងមានគំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញក្នុងផ្នែកវប្បធម៌ខ្មែរ។ ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាងរស់រវើកនៅលើទ្វារ និងបង្អួច ។

វត្តរាជបូណ៌ ជាបូជនីយដ្ឋានដ៏ល្បីមួយ ដែលសម្បូរទៅដោយអ្នកប្រាជ្ញ និងមន្រ្តីសង្ឈ ដែលមានឋានានុក្រមខ្ពស់ៗគង់នៅ។ និយាយអំពីការអប់រំក្នុងវត្តរាជបូណ៌ មានសាលាពុទ្ធកវិទ្យាល័យដែលផ្តល់ឲ្យព្រះសង្ឃក្នុងខេត្តដ៏ដូចជាព្រះសង្ឃមកពីបណ្តាខេត្តនានា មានឱកាសរៀននូវចំណេះដឹង ទាំងខាងពុទ្ធចក្រនិងអាណាចក្រ រួមទាំងមានស្ថានីយវិទ្យុពុទ្ធសាសនា នៅក្នុងវត្តនេះទៀតផង។ ជាមួយគ្នានេះផងដែរ វត្ត រាជបូណ៌ ក៏មានមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈ ដែលមាន បង្រៀននូវចំណេះដឹងខាងផ្នែករបាំ ផ្នែកដាប់ឆ្លាក់ ផ្នែកគំនូរ ផ្នែកភ្លេងបូរាណ មានទាំងស្បែក តូច ស្បែកធំ ភ្លេងពិណពាទ្យ ភ្លែងប្រពៃណ ជាពិសេសក៏មានវត្តុបុរាណរាប់រយមុខដែលតាំងក្នុង កុដិ ប្រៀបដូចជាសារៈមន្ទីរតូចមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនា និងស្វែងយល់ញ៉ាំងចិត្តឱ្យជ្រះថ្លាពន់ពេក៕ ដោយ៖ ភូមិន្ទ



