ប្រវត្តិសង្ខេបនិងបច្ចុប្បន្នភាពរបស់ “សមាគមអ្នកនិពន្ធខ្មែរ”
ភូមិន្ទ
17 មីនា 2021 04:00 PM

មិនខុសគ្នាប៉ុន្មានពីទម្រង់សិល្បៈផ្សេងៗដែលមានសមាគមជួយទ្រទ្រង់ផ្សព្វផ្សាយនោះ ទម្រង់សិល្បៈទី៦ គឺ អក្សរសិល្ប៍ ក៏មានសមាគមដើម្បីជួយលើកស្ទួយបណ្ដុះបណ្ដាលទ្រទ្រង់ផ្សព្វផ្សាយ អភិរក្ស អភិវឌ្ឍន៍ និងបង្កើតស្នាដៃថ្មីៗផ្ទាល់ខ្លួនផងដែរ នោះគឺ “សមាគមអ្នកនិពន្ធខ្មែរ” ។ តើសមាគមអ្នកនិពន្ធខ្មែរ​មានប្រវត្តិ និងដំណើរការក្នុងបច្ចុប្បន្នភាពយ៉ាងណាខ្លះ?

ប្រវត្តិសង្ខេប៖

យោងតាមឯកសារដែលបានបញ្ជាក់ពីសមាគមអ្នកនិពន្ធខ្មែរ ដែលបច្ចុប្បន្នមានឯកឧត្ដម ព្រឿង ប្រណីត ជាប្រធានបានឱ្យដឹងថា៖ សមាគមអ្នកនិពន្ធខ្មែរបានចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ១៩៥៥ មកម៉្លេះ ដោយមានសមាជិកជាង១០រូប ហើយលោក រីម គីន ត្រូវបានជាប់ឆ្នោតដោយទទួលបានការទុកចិត្តពី​អ្នកនិពន្ធទាំងអស់ តែងតាំងជាប្រធានសមាគមអ្នកនិពន្ធខ្មែរអស់រយៈពេល២ឆ្នាំ គឺពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៥៦។ ក្នុងឆ្នាំ១៩៥៦ ដដែលទើបសមាគមនេះត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយសម្ដេចព្រះបរមកោដិ នរោត្តម សីហនុ។ ប៉ុន្តែមកដល់ឆ្នាំ១៩៥៦  លោក រីម គីន  ប្រធានសមាគមអ្នកនិពន្ធខ្មែរបានទទួលមរណភាព ដោយសារជំងឺឈឺចាប់ក្នុងក្បាល។ ពេលនោះលោក ហ៊ែល ស៊ុំផា ត្រូវបានជាប់ឆ្នោតជាប្រធានសមាគមអ្នកនិពន្ធខ្មែរចាប់ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦៤ បន្តពី លោក រីម គីន ដែលជាប្រធានអាណត្តិទី១។

ក្នុងពេលលោក ហ៊ែល ស៊ុំផា ទទួលបន្ទុកជាប្រធានក្នុងឆ្នាំ ១៩៦១ ផងដែរ ព្រះបាទ នរោត្តម សីហនុ បានផ្តល់នូវ​ព្រះរាជប្រទានជាទឹកប្រាក់ចំនួន ១០.០០០៛ ដល់សមាគមអ្នកនិពន្ធខ្មែរ ដើម្បី​បង្កើតការិយាល័យអចិន្ត្រៃយ៍ផ្តាច់ចេញពីសមាគមនិស្សិតចាស់។ ក្នុងឱកាសនោះដែរ ព្រះបាទ នរោត្តម សីហនុ ត្រូវបាទទួលព្រះកិត្តិយសពីសមាគមអ្នកនិពន្ធខ្មែរ ដែលថ្វាយងារព្រះអង្គជាកវីនិពន្ធឆ្នើមរបស់កម្ពុជា នាសតវត្សទី២០ជា បិតាអក្សរសាស្រ្តខ្មែរ។

តាមព្រះរាជក្រិត្យលេខ២៥​​​​បរ. ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៦១  បានកំណត់យ៉ាងច្បាស់ថាសមាគមអ្នកនិពន្ធខ្មែរ ត្រូវចាត់ទុកជាសមាគមមានប្រយោជន៍សាធារណៈហើយដោយហេតុនេះអាចទទួលសទ្ធាទានពីប្រជាពលរដ្ឋទូទៅបាន។ នៅមុនឆ្នាំ១៩៧០ សមាគមអ្នកនិពន្ធខ្មែរ មានប្រធានចំនួន ៣រូប ដែលសុទ្ធតែបានជ្រើសតាំងឡើងដោយការបោះឆ្នោតសម្ងាត់។ ប្រធានទាំង៣រូបនោះមាន៖

  • លោក      រីម គីន             ប្រធាន (១៩៥៥-១៩៥៦)
  • លោក      ហ៊ែល ស៊ុំផា         ប្រធាន (១៩៥៧-១៩៦៤)
  • លោក      ទ្រិញ វ៉ាញ           ប្រធាន (១៩៦៤-១៩៦៩)

នៅមុនឆ្នាំ១៩៧០-១៩៧៥ សមាគមអ្នកនិពន្ធខ្មែរ មានប្រធានចំនួន ២រូប

  • លោក      លាង ហាប់អាន   ប្រធាន (១៩៥៥-១៩៥៦)
  • លោក      ម៉ា ឡាយខេម     ប្រធាន (១៩៥៧-១៩៦៤)

   នៅក្រោយឆ្នាំ១៩៩៣ សមាគមអ្នកនិពន្ធខ្មែរ មានប្រធានចំនួន ៤រូប

  • លោក      យូ បូ                 ប្រធាន (១៩៩៣-១៩៩៦)
  • ឯកឧត្តម                        ជ័យ ចាប       ប្រធាន (១៩៩៦-១៩៩៨)
  • លោក      យូ បូ                 ប្រធាន (១៩៩៨-២០០៣)
  • ឯកឧត្តម                        ស៊ីម វណ្ណ         ប្រធាន (២០០៣ ដល់ថ្ងៃទី២៤ ធ្នូ ២០១៧)
  • ឯកឧត្តម ព្រឿង ប្រណីត     ប្រធាន (ថ្ងៃទី២៤ ធ្នូ ២០១៧ – បច្ចុប្បន្ន)

បច្ចុប្បន្នភាពនៃសមាគមន៍អ្នកនិពន្ធខ្មែរ

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ សមាគមអ្នកនិពន្ធខ្មែរបានរៀបចំធ្វើមហាសន្និបាតលើកទី៧ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតី ឯកឧត្តម ជ័យ ចាប ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលមានសមាជិកចូលរួមសរុបចំនួន ៨៩រូប ដើម្បីជ្រើសរើសថ្នាកដឹកនាំសមាគម។ ជាលទ្ធផលសម្រេចគឺ ឯកឧត្ដម ព្រឿង ប្រណីត គឺជាប្រធានសមាគមក្នុងអាណត្តិថ្មីនេះ។

តាមការបញ្ជាក់ដោយផ្ទាល់របស់ ឯកឧត្តម ព្រឿង ប្រណីត បានឱ្យដឹងថា ដោយមានជំនួយពីលោកជំទាវ សៀង ចាន់ហេង បច្ចុប្បន្ននេះសមាគមអ្នកនិពន្ធខ្មែរកំពុងសាងសង់អគារស្នាក់ការថ្មី មានទីតាំងស្ថិតក្នុងបរិវេណវត្តបទុមវត្តី។ អគារនេះប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​សង្កត់​គ្រឹះ​សាងសង់កាលពីថ្ងៃទី ០៦ មករា ឆ្នាំ ២០២០ កន្លងនេះ ដែលរហូតមកទល់ពេលនេះ ការសាង់សង់បានរួចរាល់ជាស្ថាពរហើយ។ លោកបន្ដថា ជាផែនការក្រោយការសាសង់រួច សមាគមនិងបើកវគ្កបណ្ដុះបណ្ដាលជំនាញតែងនិពន្ធបន្ដដែលរហូតមកទល់ពេលនេះ សមាគមបណ្ដុះបណ្ដាលបាន ៣៤ វគ្គហើយ។ ហើយក៏គ្រោងនឹងបើកឱ្យបានមួយឆ្នាំ ៣ វគ្គផងដែរ។ ដោយឡែក ក្នុងដំណាក់កាលនេះ ដោយស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្តមួយចំនួន និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ សមាគមអ្នកនិពន្ធខ្មែរ ដែលមានទីស្នាក់ការក្នុងបរិវេណវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្រេចផ្អាកសកម្មភាពការងាររបស់ខ្លួននៅទីស្នាក់ការជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រហូតមានការជូនដំណឹងសាជាថ្មី៕

ដោយ៖ ភូមិន្ទ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត