បើចង់ឃើញកូន​លូតលាស់បានល្អ និងមានអនាគតភ្លឺស្វាង ត្រូវរៀបក្បួនទាំង៥ចំណុចនេះ
S
Sreyleak Yith
•
មួយម៉ោងមុន

សុខភាព៖ ចូលដល់វ័យជំទង់ ក្មេងមួយចំនួន ច្រើនជ្រើសយកមិត្តភក្ដិសំខាន់ជាងសមាជិកគ្រួសាររបស់ខ្លួន ជាហេតុអាចបណ្ដាលឱ្យដើរផ្លូវខុសក្នុងជីវិត។ ដូច្នេះជាឪពុក-ម្តាយ ត្រូវចេះវិធីចិញ្ចឹមកូន ដើម្បីឱ្យដើរផ្លូវល្អ…។

ក្បួនទាំង៥ដែលឪពុក-ម្តាយ គួរធ្វើឱ្យកូនមានដូចជា៖ ១.បង្រៀនកូនយល់ពីភាពសំខាន់នៃសុខភាព៖ ក្នុងវ័យជំទង់ គឺជាពេលដែលត្រូវការលូតលាស់ និងវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ ត្រូវជំរុញកូនឱ្យយល់ដឹងពីសារសំខាន់នៃការមានសុខភាពល្អ និងត្រូវមានរបបរស់នៅប្រកបដោយផាសុកភាព ក្នុងនោះមានការហាត់ប្រាណ និងរបបអាហារសម្បូរជីវជាតិខ្ពស់ប្រចាំថ្ងៃ សមស្របនឹងកម្លាំងដែលកូនៗត្រូវបញ្ចេញមកដូចជា បន្លែ ផ្លែឈើ នំបុ័ង បាយ ស៊ុត សាច់ ដែលអាហារអស់នេះ ពោរពេញដោយប្រូតេអ៊ីន ជាតិរ៉ែ និងវីតាមីន។ មួយវិញទៀត បើអាចឱ្យកូនប្រើផលិតផលវីតាមីនបន្ថែមទៀត សម្រាប់ការលូតលាស់ ក្នុងករណីដែលកូនមិនចូលចិត្តទទួលទានបន្លែ ឬផ្លែឈើ។ល។

២.ផ្តល់ឱកាសឱ្យកូនរៀនសម្រេចចិត្តខ្លួនឯង៖ ចំពោះក្មេងៗវ័យជំទង់ ឪពុក-ម្តាយ មិនអាចអង្គុយចាំតែប្រាប់ឱ្យធ្វើនេះ ធ្វើនោះតទៀតទេ ព្រោះកូនធំហើយ អាចសម្រេចចិត្តបានដោយខ្លួនឯង។ ដោយបណ្ដោយឱ្យកូនធ្វើបែបនេះ ពួកគេនឹងស្គាល់ពីលទ្ធផលល្អ ឬអាក្រក់ដែលទទួលបានពីការសម្រេចចិត្តដោយខ្លួនឯងនោះ ពេលទៅថ្ងៃអនាគត កូនៗនឹងចេះថ្លឹងថ្លែងពីលទ្ធផលដែលទទួលបានពីការសម្រេចចិត្តរបស់ខ្លួន។ ប៉ុន្តែក្នុងឪពុក-ម្តាយ អាចធ្វើជាទីប្រឹក្សា ចង្អុលបង្ហាញផ្លូវណាល្អ ឬផ្លូវណាមានឧបសគ្គច្រើនជាមួយកូន មុនពួកគេសម្រេចចិត្តចុងក្រោយ។ មួយវិញទៀត បើកូននិយាយរឿងរ៉ាវនៅក្នុងចិត្តប្រាប់កាន់តែល្អ ព្រោះនេះជាន័យបញ្ជាក់ថា កូនជឿជាក់លើយើង បានជាហ៊ាននិយាយអ្វីក្នុងចិត្តឱ្យដឹង ហើយអ្វីដែលយើងគួរធ្វើ គឺត្រូវអង្គុយស្ដាប់មតិរបស់កូនឱ្យបានល្អ។

៣.ធ្វើជាគំរូល្អ៖ តាំងពីតូចរហូតមកដល់វ័យចេះគិតជ្រៅជ្រះ កូនៗរៀនត្រាប់តាមទង្វើពីមនុស្សជុំវិញខ្លួន ជាពិសេសនោះគឺឪពុក-ម្តាយ។ ត្រូវបង្ហាញឱ្យកូនៗពីរបៀបគ្រប់គ្រងស្ថានការណ៍អ្វីមួយ តាមបែបវិជ្ជមាន មិនថា ភាពសប្បាយ ឬភាពពិបាកទេ និងត្រូវចេះអត់ធន់។ បែបនេះ កូនៗអាចយកគំរូតាមពេលដែលពួកគេលូតលាស់ធំទៅៗ។៤.បង្ហាញក្ដីស្រឡាញ់៖ ឪពុក-ម្តាយ ត្រូវបង្ហាញក្ដីស្រឡាញ់ឱ្យដូចកាលពីកូនៗនៅតូច ទោះពួកគេលូតលាស់ធំដឹងក្ដីក៏ដោយ ហើយកូនៗក៏ត្រូវការក្ដីស្រឡាញ់ពេញលេញដដែលនេះដូចគ្នា។ ការទទួលបានក្ដីស្រឡាញ់ និងភាពកក់ក្ដៅពីឪពុក-ម្តាយ អាចជាកម្លាំងចិត្តមួយភាគធំសម្រាប់ពួកគេ ឱ្យមានភាពវិជ្ជមានក្នុងខ្លួន ហើយក៏អាចបញ្ជាក់ថា យើងនឹងឈរនៅក្បែរកូនជានិច្ច។

៥.បង្រៀនកូនឱ្យចេះអភ័យទោស៖ ការអភ័យទោសជាមេរៀនសំខាន់មួយ ដែលនាំឱ្យកូនលូតលាស់ដោយភាពរីករាយ មិនមានចិត្តគុំគួន។ តាមការលើកឡើងរបស់វេជ្ជបណ្ឌិតជំនាញចិត្តសាស្ត្រ ការមិនចេះអភ័យទោស ត្រូវបានផ្សារភ្ជាប់ជាមួយការបាក់ទឹកចិត្ត និងការថប់បារម្ភ។ លើសពីនេះ ក្មេងដែលចេះអធ្យាស្រ័យ ងាយរកភាពវិជ្ជមាននៅក្នុងជីវិតពេលកាន់តែលូតលាស់ធំទៅ និងមិនមានភាពស្មុគស្មាញច្រើន៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត