សភាអាម៉េរិក​ស៊ើបអង្កេតលើសេដ្ឋីរុស្ស៊ី ចំណាយលុយរាប់សែនដុល្លារសម្រាប់​មង្គលការកូនប្រុសប្រធានាធិបតី ត្រាំ
S
Sinuon Nop
•
19 កញ្ញា 2026 11:30 AM

រដ្ឋ​ធានីវ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាម៉េរិក មកពីគណបក្សប្រជាធិបតេយ្យ កំពុងតែចាប់ផ្ដើមស៊ើបអង្កេតមួយ ទៅលើសេចក្ដីរាយការណ៍នានា អំពីមហាសេដ្ឋីរុស្ស៊ី លោក អ៊ូម៉ា ក្រឹមឡេវ (Umar Kremlev) បានចំណាយលុយ រាប់សិបសែនដុល្លារអាម៉េរិក សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់លោក ដូន ជេអ៊ិនអ (Don Jnr) ដែលជាកូនប្រុសច្បងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងមហាសេដ្ឋីរុស្ស៊ី លោក Umar Kremlev
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងមហាសេដ្ឋីរុស្ស៊ី លោក Umar Kremlev

សារព័ត៌មានរបស់ចិនហុងកុង South China Morning Post បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា កូនប្រុសរបស់លោក បានប្រាប់ថា គាត់នឹងសងលុយថ្លៃពិធីជប់លៀងមង្គលការរបស់គាត់ ទៅឲ្យមហាសេដ្ឋីរុស្ស៊ីនោះវិញ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងកូនប្រុស
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងកូនប្រុស

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ កាលពីថ្ងៃសុក្រ ថា កូនប្រុសរបស់លោក ឈ្មោះ ដូណាល់ ត្រាំ ជេអ៊ិនអ (Donald Trump Jnr) បានប្រាប់លោកថា គាត់នឹងសងប្រាក់ត្រឡប់ទៅឱ្យមហាសេដ្ឋីរុស្ស៊ីម្នាក់ ដែលជាអ្នកចំណាយ លើពិធីមង្គលការរបស់គាត់ នៅឯប្រទេសប្រជុំកោះបាហាម៉ាស់ (Bahamas) ស្ថិតក្នុងសមុទ្រការីបប៊ីន (Caribbean) កាលពីខែឧសភា។

សមាជិកសភាសហរដ្ឋអាម៉េរិក មកពីគណបក្សប្រជាធិបតេយ្យ បានបើកការស៊ើបអង្កេត នៅសប្តាហ៍នេះ លើសេចក្តីរាយការណ៍ដែលថា លោក អ៊ូម៉ា ក្រឹមឡេវ (Umar Kremlev) ជាអ្នកជំនួញដ៏មានទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ជនជាតិរុស្ស៊ី និងជាប្រធានសមាគមប្រដាល់អន្តរជាតិ (International Boxing Association) បានចំណាយប្រាក់រាប់សែនដុល្លារ សម្រាប់ពិធីមង្គលការកូនប្រុសច្បងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

អង្គការសារព័ត៌មានស៊ើបអង្កេតរបស់អាម៉េរិកាំង ProPublica ដែលបានរាយការណ៍មុនដំបូងពាក់ព័ន្ធនឹងមហាសេដ្ឋីរុស្ស៊ី លោក ក្រឹមឡេវ បានបញ្ជាក់ថា មហាសេដ្ឋីរុស្ស៊ីរូបនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូ។ បន្ទាប់មក កូនប្រុសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា មហាសេដ្ឋីរុស្ស៊ីម្នាក់ បានចំណាយលុយលើពិធីជប់លៀងនានា ក្រោយអាពាហ៍ពិពាហ៍របស់គាត់។

កូនប្រុសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយាថ្មោងថ្មីរបស់គេ បានការពារការទទួលអំណោយពីប្រធានសមាគម IBA និងជា «មិត្តដ៏ស្និទ្ធស្នាល» គឺលោក Umar Kremlev ក្រោយមានរបាយការណ៍ស៊ើបអង្កេតនេះ។ គូស្វាមីភរិយាថ្មីនេះ បានបញ្ជាក់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា អ្នកជំនួញជនជាតិរុស្ស៊ីម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយវិមានក្រឹមឡាំង (Kremlin) ជាអ្នកចេញថ្លៃចំណាយ សម្រាប់ពិធីអបអរសាទរ ក្រោយអាពាហ៍ពិពាហ៍របស់ពួកគេ។

លោក Donald Trump Jr. និងអ្នកនាង Bettina Trump បានលើកឡើង នៅក្នុងសារមួយដែលចុះហត្ថលេខារួមគ្នា នៅលើគណនី Instagram របស់អ្នកនាងឈ្មោះ Bettina ថា «មិត្តដ៏ស្និទ្ធស្នាល» របស់ពួកគេ គឺលោក Umar Kremlev បាន«រៀបចំពិធីជប់លៀងដ៏អស្ចារ្យ ចំនួនពីរយប់» នៅប្រទេសប្រជុំកោះ Bahamas កាលពីខែឧសភា ដោយបង្ហាញពីទឹកចិត្តសប្បុរសបំផុត។

ការបញ្ជាក់របស់គូស្នេហ៍ថ្មីថ្មោងនេះ បានកើតឡើង បន្ទាប់ពីគេហទំព័រសារព័ត៌មានស៊ើបអង្កេតអាម៉េរិកាំង ProPublica បានរាយការណ៍ថា លោក Kremlev ជាអ្នកចំណាយលុយរាប់សែនដុល្លារ សម្រាប់ពិធីជប់លៀងនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត