
រាជធានីបាងកក៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) នៃប្រទេសថៃ បានប្រកាសអាសន្នដល់ខេត្តចំនួន៧១ និងទីក្រុងបាងកក អំពីហានិភ័យ នៃគ្រោះទឹកជំនន់ជន់លិចភ្លាមៗ ទឹកហូរធ្លាក់ខ្លាំងពីតំបន់ខ្ពង់រាប ការរអិលបាក់ដី និងទឹកជំនន់លិចលង់ រហូតដល់ថ្ងៃទី ១៣ ខែកញ្ញា។ នេះបើតាមសារព័ត៌មាន The Pattaya News បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៩ ខែកញ្ញា។

ស្ថាប័នជំនាញដដែលនេះ បានព្យាករ ថា ភ្លៀងអាចធ្លាក់ពីខ្លាំងទៅខ្លាំងបំផុត នៅតាមតំបន់ជាច្រើន ដែលជំរុញឱ្យអាជ្ញាធរណែនាំដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ងាយរងគ្រោះឱ្យតាមដានស្ថានភាពអាកាសធាតុ បរិមាណទឹកភ្លៀង និងកម្រិតទឹក ព្រមទាំងត្រៀមខ្លួន សម្រាប់ស្ថានភាពអាសន្ន ដែលអាចនឹងកើតឡើង។ ការជូនដំណឹងនេះ គ្របដណ្តប់ទៅលើខេត្តទាំងអស់ នៅតំបន់ភាគខាងជើង ភាគឦសាន និងតំបន់កណ្តាល រួមទាំងទីក្រុងបាងកក និងខេត្តចំនួន ៩ នៅភាគខាងត្បូងប្រទេស។ តំបន់ដែលមានភ្លៀងធ្លាក់លើសពីកម្រិត៩០មិល្លីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង ត្រូវចាត់ទុកថា មានហានិភ័យខ្ពស់ នៅក្នុងការប្រឈមមុខនឹងគ្រោះទឹកជំនន់ ទឹកហូរធ្លាក់ខ្លាំង និងការរអិលបាក់ដី។


នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានក្រើនរម្លឹកដល់អាជ្ញាធរ នៅតាមបណ្ដាខេត្តទាំងនេះ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ងាយរងគ្រោះ ត្រូវរៀបចំសម្ភារៈចាំបាច់ រៀបចំផែនការធ្វើដំណើរ និងត្រៀមខ្លួនជម្លៀសចេញ ប្រសិនបើមានការណែនាំបន្ទាន់។ ទន្ទឹមគ្នានេះដែរ ភ្ញៀវទេសចរដែលចូលចិត្តដើរកម្សាន្ត នៅតាមតំបន់ធម្មជាតិ រួមទាំងរូងភ្នំ ទឹកធ្លាក់ និងរូងភ្នំដែលមានផ្លូវទឹកហូរនៅក្រោមដី គួរតែតាមដានការណែនាំជាផ្លូវការយ៉ាងយកចិត្តទុកដាក់ និងចៀសវាងទីតាំងណាមួយ ដែលអាជ្ញាធរប្រកាសថា មានគ្រោះថ្នាក់៕


