អ្នកចង់សម្រាកកាយ និងចិត្ត បើចង់រកកន្លែងមានបរិយាកាសស្ងប់ស្ងាត់ និងមើលពន្លឺថ្ងៃរះស្អាត កុំរំលង«ស្រះស្រង់»
S
Sreyleak Yith
20 សីហា 2026 08:00 AM

ក្រុងសៀមរាប៖ ស្រះស្រង់ តំណាងឱ្យស្នាដៃវិស្វកម្មធារាសាស្ត្រ និងសិល្បៈស្ថាបត្យកម្មដ៏វិសេសវិសាល ក៏ដូចជាទីស្ថានប្រវត្តិសាស្ត្ររុងរឿង កាលពីសម័យអង្គរ។ ទីនេះមានបរិយាកាសស្ងប់ស្ងាត់ និងមានពន្លឺថ្ងៃរះស្រស់ស្អាត ប្រសិនបើលោកអ្នកចង់លំហែខួរក្បាល គេចពីភាពអ៊ូអរ កុំរំលងស្រះស្រង់ឱ្យសោះ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩សីហា…។

អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា ស្រះស្រង់ត្រូវបានកសាងឡើងដំបូងនៅសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវម៌ទី២ ក្រោមការដឹកនាំរបស់ស្ថាបត្យករឆ្នើមនាម «កវីន្ទ្រារិមថន»។ លុះមកដល់ចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧ ស្រះទឹកនេះ ត្រូវបានកែលម្អឱ្យកាន់តែប្រណីត ដោយបន្ថែមពន្លាផែថ្មភក់នៅច្រាំងខាងលិច ស្ថិតនៅលើខ្សែបណ្តោយថ្ងៃនៃខ្លោងទ្វារខាងកើតប្រាសាទបន្ទាយក្ដី ដោយមានបំពាក់ចម្លាក់នាគ និងតោឈរយ៉ាងអង់អាច។ ស្រះនេះ មានរាងចតុកោណកែង បណ្តោយជាង៧០០ម៉ែត្រ និងទទឹងជាង៣០០ម៉ែត្រ។​ សំណង់ទឹកនេះ មិនមែនជាអាងសម្រាប់កម្សាន្តធម្មតាទេ ប៉ុន្តែជាទីតាំងពិសិដ្ឋទាក់ទងនឹងកិច្ចពិធីនៃព្រះពុទ្ធសាសនាមហាយាន។

ចំណុចអាថ៌កម្បាំងបំផុតនៃស្រះស្រង់ គឺសំណង់ប្រាសាទតូចមួយនៅចំកណ្តាលស្រះ។ប្រាសាទថ្មភក់នេះ សាងសង់ឡើងលើខឿនថ្មបាយក្រៀម តែងតែលិចនៅក្រោមផ្ទៃទឹក ធ្វើឱ្យមនុស្សភាគច្រើន មិនបានចាប់អារម្មណ៍ ប៉ុន្តែវានឹងលេចរូបរាងឡើងនៅពេលទឹកក្នុងស្រះស្រកចុះខ្លាំង ជាពិសេស នៅក្នុងរដូវប្រាំង។ អាជ្ញាធរជាតិអប្សរាបន្ថែមថា នៅពេលព្រឹកព្រលឹម ពន្លឺព្រះអាទិត្យពណ៌មាស ចាំងជះទៅលើផ្ទៃទឹកដែលស្ងប់ស្ងាត់ដូចកញ្ចក់ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏មនោរម្យ ខុសពីប្រាសាទអង្គរវត្តដែលមានភាពអ៊ូអរ ស្រះស្រង់ផ្តល់នូវភាពស្ងប់ស្ងាត់ ត្រជាក់ត្រជុំ និងខ្យល់អាកាសបរិសុទ្ធ។ទាំងនេះជាចំណុចទាក់ទាញបំផុត ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិជក់ចិត្តដិតអារម្មណ៍ខ្លាំងជាមួយស្រះស្រង់។

គួរជ្រាបថា កាលពីឆ្នាំ២០២០កន្លងទៅ ក្រុមការងារបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រាវជ្រាវក្នុងកំលុងពេលជួសជុលពន្លាផែថ្ម។ ក្រុមអ្នកជំនាញបានរកឃើញក្បាលនាគ និងរូបចម្លាក់អណ្តើកថ្មភក់យ៉ាងធំ ព្រមទាំងវត្ថុសក្ការជាច្រើន នៅជុំវិញប្រាសាទកណ្តាលស្រះនេះ។ ហើយការរកឃើញនេះ បានបញ្ជាក់បន្ថែមថា ស្រះស្រង់គឺជាទីតាំងដ៏ពិសិដ្ឋបំផុតក្នុងជំនឿសាសនា នាសម័យបុរាណ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត