
សុខភាព៖ នៅរដូវភ្លៀងនេះ សមត្ថភាពប្រព័ន្ធរំលាយអាហារចុះខ្សោយ ដូច្នេះត្រូវប្រយ័ត្ន ក្នុងការទទួលទានអាហារមួយចំនួន ដែលធ្វើឱ្យប្រព័ន្ធរំលាយអាហារកាន់តែចុះខ្សោយ តួយ៉ាងគួរចៀសវាងពិសាអាហារ៣ប្រភេទ ដែលមានដូចខាងក្រោម...។

១.អាហារ និងបន្លែឆៅ៖ អាហារ និងបន្លែឆៅ សម្បូរទៅដោយបាក់តេរី និងវីរុសធ្វើឱ្យរាក ឬឆ្លងមេរោគចូលក្រពះ និងពោះវៀន។ ដូច្នេះ ត្រូវលាងបន្លែ ត្រី សាច់ និងផ្លែឈើ ឱ្យបានស្អាតល្អជាពិសេសបន្លែស្លឹក និងផ្សិត ព្រោះសីតុណ្ហភាព និងសំណើម នៅក្នុងរដូវភ្លៀងអំណោយផលដល់ការលូតលាស់បាក់តេរី និងមេរោគផ្សិត លើបន្លែស្លឹក និងផ្សិត។ យកល្អគួរ ទទួលទានអាហារដែលឆ្អិនល្អ ដើម្បីចៀសវាងការឆ្លងមេរោគផ្សេងៗ និងត្រូវពិសាទឹកឱ្យបានច្រើន កុំឱ្យរាងកាយខ្សោះជាតិទឹក។

២.អាហារបំពង៖ ទទួលទានអាហារបំពងច្រើនធ្វើឱ្យពិបាករំលាយអាហារ ដោយសារអាហារទាំងនោះ ពេលធ្លាក់ដល់ពោះវៀនធំ ត្រូវបានបំបែកទៅជាអាស៊ីដខ្លាញ់ ដែលបណ្ដាលឱ្យពោះវៀនធំបញ្ចេញជាតិទឹក និងបង្កឱ្យទៅជារាក។ ៣.ភេសជ្ជៈមានជាតិហ្គាស៖ ភេសជ្ជៈមានជាតិហ្គាស អាចធ្វើឱ្យរលាកស្រទាប់ក្រពះ បណ្ដាលឱ្យក្រហាយទ្រូង ច្រាលអាស៊ីត ហើមពោះ និងអាចកាត់បន្ថយសារធាតុរ៉ែនៅក្នុងរាងកាយផងដែរ៕អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ



