
ក្រុងបាវិត៖ ស្នងការនគរបាលខេត្តស្វាយរៀង បានបង្ហាញយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពីរថ្ងៃជាប់ៗគ្នា ពោលគឺថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៦ លើទីតាំងបុរី វីឡា ផ្ទះល្វែងសម្រាប់ជួលនៅក្រុងបាវិត ដោយធ្វើការឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍បានចំនួនជិត៤០នាក់...។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង គូសបញ្ជាក់ថា ដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត និងមានកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ស្នងការនគរបាលខេត្តស្វាយរៀង ក្រោមការដឺកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ បានចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបុរី វីឡា ផ្ទះល្វែងសម្រាប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន៣០នាក់ ស្រី០២នាក់ (ក្នុងនោះមានជនជាតិចិន២៥នាក់ ស្រីម្នាក់, ជនជាតិមីយ៉ាន់ម៉ា០៥នាក់ ស្រីម្នាក់)។ អាជ្ញាធរ ដកហូតបានសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន៖ កុំព្យូទ័រលើតុ All-In-One, ទូរសព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

ដោយឡែក កាលពីថ្ងៃទី២២ឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចខាងលើ ក៏បានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែងទៀតដែរ ស្ថិតនៅចំណុចបន្ទប់ជួលក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ដោយអាជ្ញាធរសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៨នាក់ ស្រីម្នាក់ (ក្នុងនោះមានជនជាតិម៉ាឡេស៊ីចំនួន០៧នាក់ ស្រីម្នាក់ និងបុរសជនជាតិវៀតណាមម្នាក់។ អាជ្ញាធរបានធ្វើការដកហូតវត្ថុតាងដែលជាសម្ភារពាក់ព័ន្ធនឹងបទល្មើសឆបោករួមមាន៖ កុំព្យូទ័រលើតុ All-In-One, ទូរសព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដែលក្រុមឧក្រិដ្ឋជនប្រើសម្រាប់សកម្មភាពប្រព្រឹត្តបទល្មើសរបស់ពួកគេ។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើស ក្រុមការងារនគរបាលជំនាញបានចងខ្សែសុីល និងបិទទីតាំងទាំងនោះជាបណ្ដោះអាសន្ន៕










