យប់នេះ ព្រះខ័នរាជស្វាយរៀង ឬវិសាខា ម្ចាស់ពានរង្វាន់ហ៊ុនសែន ខាប់ លើកទី១៩..?

រាជធានីភ្នំពេញ៖ នៅទីបំផុតក្រុមបាល់ទាត់អាជីពបុរសខ្លាំងទាំង២ក្រុមរបស់កម្ពុជា បានជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ហ៊ុនសែន ខាប់ លើកទី១៩ រដូចកាល២០២៥/២០២៦ ហើយនោះគឺ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជួបប្រកួជាមួយក្រុមបាល់ទាត់វិសាខា នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃអាទិត្យទី២៤ឧសភា ឆ្នាំ២០២៦ វេលាម៉ោង៧ៈ០០នាទីយប់ បន្ទាប់ពីក្រុមខ្លាំងទាំងពីរទម្លាក់ដៃគូខ្លាំងៗរបស់ខ្លួននៅវគ្គពាក់កណ្តាលផ្តាចព្រ័ត្រ ដូចជា ក្រុមបឹងកេត និងISI ដង្កោសែនជ័យ..។

សូមជម្រាបថា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទើបតែដណ្តើមបានជើងឯកលីកកំពូលកម្ពុជារដូវកាល២០២៥/២០២៦ (Cambodian Premier League 2025/26) កាលពីពេលថ្មីៗ និងជាក្រុមបាល់ទាត់កម្ពុជាតែមួយគត់ដែលដណ្តើមបានជើងឯករងពានរង្វាន់(AFC Challenge League 2024/25 និង2025/26)ពីរឆ្នាំជាប់ៗគ្នា ខណៈនៅរដូវកាលក្រោយ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង មានឱកាសឡើងទៅលេងនៅពានរង្វាន់ AFC Champions League Two វគ្គ Group Stage ស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើការប្រកួតវគ្គជម្រុះឡើយ។ ដូច្នេះ ការប្រកួតយប់នេះ ក៏ជារឿងសំខាន់សម្រាប់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងផងដែរ ដើម្បីសាងកំណត់ត្រាល្អៗក្នុងពានរង្វាន់ធំៗនៅកម្ពុជា។

ងាកទៅក្រុមបាល់ទាត់វិសាខាវិញ ការដណ្តើមឱកាសយកជើងឯកពានរង្វាន់ហ៊ុនសែន ខាប់ លើកទី១៩ នេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ក្រុមប្រកបអាជីពបាល់ទាត់ដ៏ធំមួយនៅកម្ពុជា។ ពានរង្វាន់ជើងឯកលីកកំពូលកម្ពុជា រដូវកាល២០២៥/២០២៦ បានធ្លាក់ទៅលើដៃក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងទៅហើយ ដូច្នេះ ជ័យជម្នះគឺជាសេចក្តីត្រូវការរបស់ក្លិបជាចាំបាច់តែម្ដង ដើម្បីផ្តល់កម្លាំងចិត្តដល់អ្នកគាំទ្ររបស់ខ្លួន។ ក្រុមបាល់ទាត់វិសាខា ធ្លាប់បានសាងកំណត់ត្រាល្អក្នុងពានរង្វាន់មួយនេះ ដោយដណ្តើមបានជើងឯក៣ឆ្នាំជាប់ៗគ្នា ពោលគឺនៅរដូវកាល២០២០ បានយកឈ្នះក្រុមណាហ្កាវើលដ៍ ក្នុងលទ្ធផល ២-០, រដូវកាល២០២១ បានយកឈ្នះ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដោយបាល់កាត់សេចក្តី១១ម៉ែត្រ(៥–៤ ប៉េណាល់ទី) និងរដូវកាល២០២២ បានយកឈ្នះលើក្រុមបឹងកេតក្នុងលទ្ធផល ៤–៣ នាម៉ោងបន្ថែម១៥នាទីពីរដង។ យើងរង់ចាំមើលថា តើក្រុមបាល់ទាត់វិសាខាអាចសាងកំណត់ត្រាយកពាននេះ ជាលើកទី៤របស់ខ្លួនបានឬទេ? ឬមួយក៏ត្រូវក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង កត់ត្រាជ័យជម្នះលើកទី៦របស់ខ្លួនវិញ?...៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត