អាជ្ញាធរចម្រុះបន្តចុះបង្ក្រាបទីតាំងសង្ស័យ លួចលាក់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មអនឡាញស្កេម នៅក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ យោងតាមការឱ្យដឹងពីមន្ត្រីនគរបាលជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្ដប្រតិបត្តិការចុះត្រួតពិនិត្យលើទីតាំងមួយចំនួនដែលសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ(Online Scams) នៅក្នុងភូមិសាស្ដ្រ​ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​...។

ប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរង សហការជាមួយកងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ដឹកនាំដោយលោក​ លៀម​ សូដា អភិបាលរងខេត្តបន្ទាយមានជ័យ​ និងមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត​ ក្រោមការសម្របសម្រួលនីតិវិធីពី​លោក​ ​ម៉ុត​ សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ​។ កម្លាំងសមត្ថកិច្ចជំនាញចម្រុះ បានចុះត្រួតពិនិត្យលើអគារមួយចំនួនរួមមាន៖ ទី១.អគារស្នាក់នៅ៦ជាន់ ផ្ទាល់ដី​មាន៤៥បន្ទប់​ ស្ថិតនៅ​ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត មានមនុស្ស១៦៣នាក់​ ស្រី១០នាក់​ ជាជនជាតិ​ឥណ្ឌូណេស៊ី​។ ទី២.អគារ​ស្ថិតនៅភូមិ/ឃុំខាងលើ​ មាន​៧ជាន់​ ផ្ទាល់ដី២៦បន្ទប់​ មានមនុស្សស្នាក់នៅ​ចំនួន៥៣នាក់​ ស្រី១៣នាក់​ ដែលជាជនជាតិឥណ្ឌូណេស៊ី។

ចំណែកទី៣​.ទីតាំងផ្ទះផ្ទាល់ដី​ ស្ថិតនៅភូមិ/ឃុំខាងលើ​ មាន២៣បន្ទប់​ និងមានមនុស្សស្នាក់នៅ​ចំនួន២៣នាក់​ (ក្នុងនោះស្រី៨នាក់)​ ដែលជាជនជាតិឥណ្ឌូណេស៊ីទាំងអស់។ និងទីតាំងទី៤.ស្ថិត​នៅ​ភូមិ​/ឃុំ​ខាង​លើ​ មាន​៥ជាន់​ផ្ទាល់​ដី​ មាន​១១បន្ទប់​ និងមាន​មនុស្ស​ស្នាក់​នៅ​ចំនួន​៣៦នាក់​ (ក្នុងនោះស្រី​៩នាក់)​ ដែលជា​ជនជាតិ​ឥណ្ឌូណេស៊ីទាំង​អស់​។ ទោះជាយ៉ាងណា បើតាមការបញ្ជាក់របស់សមត្ថកិច្ច ចំពោះអគារទាំងអស់នេះ អាជ្ញាធរពិនិត្យរកមិនឃើញមានសម្ភារប្រព្រឹត្តបទល្មេីសអនឡាញស្កេមនោះទេ ប៉ុន្តែបានដាក់ការសង្ស័យបឋមថា អាចជាកន្លែងស្នាក់នៅរបស់ជនបរទេសដែលបានលបចូលមកធ្វើការនៅក្រុងប៉ោយប៉ែត ចំណែកជនបរទេស​ទាំងអស់នេះ ត្រូវបានមន្ត្រីនគរបាលជំនាញ ប្រគល់ជូនអាជ្ញាធរអន្តោប្រវេសន៍បន្តនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត