
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ផេកផ្លូវការនៃក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលលើទីទាំងមួយកន្លែង ដោយបានឃាត់ខ្លួនមនុស្សចំនួន១០នាក់ ក្នុងនោះមានម្ចាស់ទីតាំង២នាក់ប្ដីប្រពន្ធផងដែរ ដែលសមត្ថកិច្ចមានការសង្ស័យថា ម្ចាស់បានផ្តល់ទីតាំងលួចលាក់ឱ្យអនីតិជនមើលរឿងអាសអាភាស និងមានសេវាកម្មរួមភេទ...។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ក្រោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថា មានក្មេងប្រុសស្រីជាច្រើនគេចពីសាលាមកប្រមូលផ្តុំគ្នា ចេញ-ចូលទីតាំងមួយកន្លែងដែលបានបិទទ្វារជិត។ ក្រោយពីទទួលបានដំណឹងនេះរួច សមត្ថកិច្ចជំនាញបានធ្វើការស៊ើបអង្កេត រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១ៈ០០នាទី ក្រុមការងារនៃគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ប្រាជ្ញ សីហា និងមានការសម្របសម្រួលនីតិវិធីពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាល ស្ថិតនៅទីតាំង ផ្ទះលេខ៦០+៦៨ ផ្លូវ១០ម៉ែត្រថ្មី ក្នុងបុរីពិភពថ្មី សែនសុខ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យជាក់ស្តែង ទីតាំងទី១.ផ្ទះលេខ៦0 មានបន្ទប់ចំនួន៣ និងទីតាំងទី២.ផ្ទះលេខ៦៨ មានបន្ទប់ចំនួន៤។

អាជ្ញាធរសមត្ថកិច្ចជំនាញ បានឱ្យដឹងបន្ថែមថា កំលុងពេលចុះពិនិត្យរដ្ឋបាលនៅទីតាំងផ្ទះលេខ៦0 ជាន់ទី១ អាជ្ញាធររកឃើញមានយុវជន-យុវតីប្រុសស្រីចំនួនពីរនាក់(ជាអនីតិជន)។ បន្ទាប់ពីត្រួតពិនិត្យរួច សមត្ថកិច្ចបានដាក់ការសង្ស័យថា ម្ចាស់ទីតាំងខាងលើ បានផ្តល់កន្លែងសម្រាប់អនីតិជន«រួមភេទ» ដូច្នេះ ក្រុមការងារគណៈបញ្ជាឯកភាពខណ្ឌសែនសុខ បានឃាត់មនុស្សចំនួន១០នាក់ ដើម្បីយកទៅសួរនាំភ្លាមៗតែម្ដង។ ក្រោយពីធ្វើការសួរនាំទៅលើក្រុមអនីតិជនទាំងនោះរួច គណៈបញ្ជាឯកភាពខណ្ឌ ក៏បានប្រគល់មនុស្សទាំង១០នាក់ខាងលើ មកការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត ខណៈបច្ចុប្បន្ន កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនកំពុងបន្តនីតិវិធីបន្ថែមទៅលើរឿងរ៉ាវនេះ។ ចំណែកម្ចាស់ទីតាំងអាចប្រឈមនឹងការទទួលទោសទណ្ឌទៅតាមផ្លូវច្បាប់ជាធរមាន៕





