
រាជធានីភ្នំពេញ៖ គិតត្រឹមរយៈពេល៣សប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីនគរបាលជាតិបង្ក្រាបបទល្មើសអនទ្បាញស្កេមបានចំនួន៥០ទីតាំង និងឃាត់ខ្លួនមនុស្សប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកប្រមាណ៣៣២០នាក់...។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ថា មនុស្សជាង៣ពាន់នាក់នោះ មាន៣២សញ្ជាតិ ក្នុងនោះអាជ្ញាធរបានបណ្តេញចេញទៅស្រុកកំណើតវិញចំនួន១០៣០នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន៩៦នាក់ និងបុគ្គលដែលមិនជាប់ពាក់ព័ន្ធមានចំនួន៥៥៩នាក់ ត្រូវបានអប់រំ និងកំពុងបន្តនីតិវិធី១៥៩០នាក់។ កិច្ចប្រតិបត្តិការនេះ បានធ្វើឱ្យក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនរត់គេចទៅសម្ងំលាក់ខ្លួននៅទីកន្លែងនានាក្នុងប្រទេស និងមួយចំនួនទៀតបានចាកចេញពីប្រទេសកម្ពុជា ហើយព្យាយាមបន្តប្រតិបត្តិការឆបោកនៅតាមប្រទេសក្នុងតំបន់មួយចំនួនទៀត។ តែយ៉ាងណា មន្ត្រីនគរបាលជាតិ នឹងបន្តបេសកកម្មនេះដូចភ្លៀងរំលឹម ដោយសូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ចដោយមិនត្រូវផ្តល់ទីជម្រកលាក់ខ្លួន និងទីតាំងប្រព្រឹត្តបទល្មើសដល់ក្រុមឧក្រិដ្ឋជនដាច់ខាត។

លើសពីនេះ ប្រជាពលរដ្ឋត្រូវជួយផ្តល់ព័ត៌មានដែលពាក់ព័ន្ធបទល្មើសអនទ្បាញដល់អាជ្ញាធរ ដើម្បីធានាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ គួរជ្រាបថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៥មករា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ដែលជាឧបករណ៍គតិយុត្តមួយ សម្រាប់គាំទ្រដល់ការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ។ អនុក្រឹត្យនោះ ឆ្លុះបញ្ចាំងអំពីគោលជំហរឥតងាករេ លើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រនានា ដែលបានកំណត់ ពិសេស គោលនយោបាយ «ភូមិឃុំសង្កាត់ មានសុវត្ថិភាព»៕



