រាជធានីភ្នំពេញ៖ រឿងរ៉ាវដែលអ្នកកាសែតម្នាក់ ហ៊ានប្រើពាក្យសម្តីហៅអភិបាលខេត្តមកផឹកកាហ្វេ បាននិងកំពុងទទួលការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម ហើយក៏មានការជជែកវែកញែក និងមានទស្សនៈផ្សេងៗគ្នាលើរឿងនេះ...។

តាមរយៈឃ្លីបវីដេអូប្រមាណ១នាទីរបស់លោក វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដែលបានថែ្លងក្នុងវេទិកាសាធារណៈមួយ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ដោយបានលើកឡើងក្នុងន័យហួសចិត្ត ករណីអ្នកកាសែតម្នាក់ ហ៊ានឆាតមកសួរលោកថា «បងឯងទំនេរអត់ ចង់ហៅមកផឹកកាហ្វេ?» ហើយត្រូវបានលោកដាក់ឈ្មោះឱ្យអ្នកសារព័ត៌មានរូបនោះថា អាមួយនោះ!..។ លោកអភិបាលខេត្ត ចាត់ទុកទង្វើខាងលើ ថាមិនមានក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន បន្តិចសោះឡើយ។ យ៉ាងណា បន្ទាប់ពីវីដេអូនោះបង្ហោះលើបណ្ដាញសង្គមមិនបានប៉ុន្មានម៉ោងផង មតិមហាជនជាច្រើនបានលើកឡើងផ្សេងៗ ព្រមទាំងបង្ហាញទស្សនៈផ្ទុយគ្នា ចំពោះការលើកឡើងរបស់លោក វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជុំវិញរឿងអ្នកសារព័ត៌មានហៅ ផឹកកាហ្វេ នេះ។

ទស្សនៈអវិជ្ជមានលើអ្នកសារព័ត៌មាន ដែលបានប្រើពាក្យ ផឹកកាហ្វេ ជាមួយមន្ត្រីសាធារណៈថ្នាក់ខេត្ត ក៏ព្រោះតែពលរដ្ឋទាំងនោះយល់ឃើញថា ទង្វើនៃការហៅនេះ គឺគ្មានសីលធម៌លើការប្រើពាក្យពេចន៍និយាយស្ដី ខ្វះវិជ្ជាជីវៈ និងមានភាពអំនួត នេះបើផ្អែកលើក្រមសីលធម៌ និងការគោរពចាស់ទុំ ឋានុក្រមមន្ត្រីរាជការសាធារណៈ ដែលសង្គមខ្មែរ តែងមានការប្រៀនប្រដៅ និងផ្តល់តម្លៃខ្ពស់លើក្រមសីលធម៌របស់មនុស្សម្នាក់ៗ សម្រាប់ការប្រាស្រ័យទាក់ទងគ្នានៅក្នុងសង្គមមនុស្សគ្រប់ស្រទាប់វណ្ណៈ។ ការប្រើពាក្យ ផឹកកាហ្វេ ជាមួយមន្ត្រីថ្នាក់ដឹកនាំខេត្ត បែបនេះ អាចបង្កប់ន័យផ្សេងៗ ដែលត្រូវបានគេមើលឃើញថា ជាការមិនផ្តល់តម្លៃដល់មន្ត្រីស្ថាប័នរដ្ឋ។ ម្យ៉ាងវិញទៀត ទស្សនៈមហាជនមួយចំនួនក៏បានយល់ឃើញថា ការកោះហៅលោកអភិបាលខេត្តទៅជួបផឹកកាហ្វេផ្ទាល់មុខបែបនេះ អាចមានគោលបំណងបង្កប់អាថ៌កម្បាំងអ្វីមួយ ដែលអ្នកសារព័ត៌មានរូបនោះ ចង់ជួបចរចាជាមួយលោកអភិបាលខេត្តក៏ថាបាន។

ដោយឡែក ទស្សនៈវិជ្ជមានចំពោះអ្នកសារព័ត៌មានវិញ គឺថា ការអញ្ជើញលោកអភិបាលខេត្តទៅផឹកកាហ្វេនេះ ហាក់ដូចជាមិនមានអ្វីធំដុំទេ ព្រោះជាការស្នើសុំណាត់ជួបដើម្បីទទួលទានកាហ្វេ ឬចង់ជជែកពិភាក្សាការងារអ្វីមួយប៉ុណ្ណោះ។ ប៉ុន្តែវាអាចខុសលើសីលធម៌នៃការប្រើពាកពេចន៍ជាមួយថ្នាក់ដឹកនាំ (នេះបើតាមការលើកឡើងរបស់លោកចៅហ្វាយខេត្ត)។ ក្នុងន័យនេះ អ្នកសារព័ត៌មានរូបនោះ ទំនងជាមានរឿងអ្វីមួយចង់ជម្រាបទៅលោកចៅហ្វាយខេត្ត ហើយក៏ទំនងជាលោកទាំងពីរស្គាល់គ្នាយូរហើយដែរ ទើបហ៊ានប្រើពាក្យស្មើ ដោយមិនគោរពឋានានុក្រមបែបនេះ។ តែយ៉ាងណា ការលើកឡើងខាងលើរបស់មហាជន គ្រាន់ជាការវាយតម្លៃមួយជ្រុងនៃសម្តីលោកអភិបាលខេត្ត វ៉ី សំណាង ប៉ុណ្ណោះ រឿងហេតុស៊ីជម្រៅយ៉ាងណា មានតែលោកទាំងពីរទេដែលដឹងច្បាស់ជាងនរណាទាំងអស់៕