
ក្រុងបាត់ដំបង៖ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក គីម សុងតៃ អគ្គកុងស៊ុលនៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប កាលពីថ្ងៃ២៦ ខែសីហា ឆ្នាំ២០២៥ បានស្នើភាគីកូរ៉េ ជួយកៀរគរអ្នកវិនិយោគមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ជាពិសេសលើការកែច្នៃផលិតផលកសិកម្ម...។

លោក សុខ លូ គូសបញ្ជាក់ថា បាត់ដំបងជាខេត្តមានសក្ដានុពលលើវិស័យកសិកម្ម ទេសចរណ៍ សេវាកម្ម និងមានប្រជាជនជាង១លាន៣សែននាក់ ភាគច្រើនប្រកបរបរកសិកម្ម។ លើសពីនេះ បាត់ដំបងក៏ជាខេត្តដែលកំពុងអភិវឌ្ឍ មិនត្រឹមតែមានសក្ដានុពលខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរ ដោយក្នុងក្រុងបាត់ដំបងមានសំណង់បុរាណជាង៨០០ខ្នងផ្ទះ និងមានវត្តបុរាណជាច្រើន ដែលមានអាយុកាលចំណាស់ជាង១០០ឆ្នាំ ត្រូវបានថែរក្សា និងអភិរក្ស។

លោកអគ្គកុងស៊ុល បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងបានផ្តល់ឱកាសសិក្សាស្វែងយល់ពីសក្តានុពលនៃឱកាសវិនិយោគក្នុងខេត្តបាត់ដំបង។ លោកអគ្គកុងស៊ុល បញ្ជាក់ថា ការជួបពិភាក្សាការងារពេលនេះ គឺមានគោលបំណងដើម្បីស្វែងរកការគាំទ្រ និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកកម្ពស់ ការធ្វើពាណិជ្ជកម្ម ការលើកកម្ពស់វិស័យទេសចរណ៍ ការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេស ខេត្តបាត់ដំបង និងសាធារណៈកូរ៉េ ដើម្បីលើកតម្កើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនប្រទេសទាំងពីរ ឱ្យមានភាពល្អប្រសើរឡើងថែមទៀត៕



