អ្នកនាំពាក្យអះអាងថា កងទ័ពកម្ពុជា វ៉ៃយកប្រាសាទតាមាន់តូច-តាមាន់ធំ-តាក្របី និងតំបន់មុំបី មកកាន់កាប់ទាំងស្រុងហើយ
Mao Sopha
24 កក្កដា 2025 08:12 AM

រាជធានីភ្នំពេញ៖ គិតមកដល់ម៉ោង២កន្លះ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា បានវ៉ៃយកប្រាសាទទាំង៣ គឺតាមាន់តូច តាមាន់ធំ និងតាក្របី បូកទាំងតំបន់មុំបី មកកាន់ទាំងស្រុងហើយ។ នេះជាការអះអាងដដែលៗដល់ទៅបីដងរបស់លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា មកកាន់អង្គភាពសារព័ត៌មាន SBM News។ 

លោក ឈុំ សុជាត
លោក ឈុំ សុជាត

លោកនាយឧត្តមសេនីយ៍ បញ្ជាក់យ៉ាងដូច្នេះថា៖«មកដល់ឥឡូវហ្នឹង តាមបណ្តោយព្រំដែន យើងកាន់កាប់បានទាំងស្រុងហើយ ពួកថៃរត់អស់ហើយ»។ កន្លងមក ប្រាសាទទាំង៣ និងតំបន់មុំបី សុទ្ធតែមានកងទ័ពកម្ពុជា-ថៃឈរជើងរៀងៗខ្លួន។ នៅព្រឹកថ្ងៃទី២៤កក្កដានេះ កងទ័ពថៃ ស្រាប់តែយកបន្លាលួសទៅស្រាស់នៅជើងប្រាសាទតាមាន់ធំ ហើយកងទ័ពកម្ពុជា ក៏ដោះចេញវិញ ពេលនោះហើយ ការផ្ទុះអាវុធដាក់គ្នា ក៏កើតឡើងតែម្តង។ 

រូបបង្ហាញពីតំបន់មុំបី ដែលមានកម្ពុជា ថៃ និង ឡាវ
រូបបង្ហាញពីតំបន់មុំបី ដែលមានកម្ពុជា ថៃ និង ឡាវ

ចេញពីប្រាសាទតាមាន់ធំ កងទ័ពថៃ ក៏បន្តទៅបើកការបាញ់ប្រហារនៅតំបន់ផ្សេងផ្សេងៗទៀតតាមព្រំដែន ដូចជា ប្រាសាទតាក្របី តំបន់មុំបី និងតំបន់ភ្នំខ្មោច ជាដើម។ ក្រសួងការពារជាតិកម្ពុជា ប្រកាសថា កងទ័ពថៃ បានបើកការបាញ់ប្រហារមុន ទើបកងទ័ពកម្ពុជាបាញ់ត្រឡប់ទៅវិញ ដើម្បីការពារខ្លួន និងការពារទឹកដី។ ប៉ុន្មានម៉ោងក្រោយកងទ័ពថៃបើកការបាញ់ប្រហារតាមព្រំដែន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏សរសេរលិខិតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សុំឱ្យបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីធ្វើអន្តរាគមន៍ឃាត់ថៃឱ្យបញ្ឈប់ការឈ្លានមកលើកម្ពុជា៕ 

បន្លាលួសដែលកងទ័ពថៃយកទៅស្រាស់នៅជើងប្រាសាទតាមាន់ធំ
បន្លាលួសដែលកងទ័ពថៃយកទៅស្រាស់នៅជើងប្រាសាទតាមាន់ធំ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត