
ក្រុងបាត់ដំបង៖ ម្ចាស់កសិដ្ឋានផលិតកូនត្រីពូជ សុភមង្គល ដែលមានមូលដ្ឋាននៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង អាចផលិតកូនត្រី ភ្ញាស់ និងបង្កាត់ពូជត្រីជាច្រើនប្រភេទ ដើម្បីលក់ចែកចាយទៅឱ្យអ្នកចិញ្ចឹមយកសាច់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បញ្ជាក់ថា កសិដ្ឋានមានលទ្ធភាពផលិតកូនត្រីពូជប្រមាណជាង១លានកូន កាលពីឆ្នាំ២០២៤ និងគ្រោងពង្រីកការបង្កាត់ឱ្យកើនទ្វេដងនៅឆ្នាំ២០២៥...។

បើតាមការឱ្យដឹងពីម្ចាស់កសិដ្ឋានផលិតកូនត្រីពូជ សុភមង្គល ជម្រាបជូនលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយសហការី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះថា ក្នុងចំណោមស្រះបង្កាត់ពូជកូនត្រីទាំង៣៩ មានបែងចែកស្រះចិញ្ចឹមដូចជា៖ ពូជត្រីប្រា កូនត្រីឆ្ពិន ត្រីរ៉ស់ និងត្រីអណ្ដែងកូនកាត់ ជាដើម។ល។ ក្នុងនោះក៏នៅមានអាងសម្រាប់បង្កាត់ពូជមុនយកទៅចិញ្ចឹមនៅក្នុងស្រះធំទាំងអស់នោះ។ ក្នុងចំណោមពូជត្រីខាងលើ កសិដ្ឋានបានលក់ចែកចាយបន្តទៅកាន់អ្នកចិញ្ចឹមគ្រប់ស្រុក-ខេត្តនៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នា ម្ចាស់កសិដ្ឋាន ក៏គ្រោងនឹងផលិតបន្ថែមទៀតជាមួយនឹងការរៀបចំផ្សារត្រីបោះដុំដ៏ធំមួយ ដើម្បីរៀបចំកន្លែងលក់ និងចែកចាយបន្តលើទីផ្សារដែលកំពុងមានតម្រូវការខ្ពស់នេះផងដែរ។

យ៉ាងណា បន្ទាប់ពីទស្សនាកសិដ្ឋានផលិតកូនត្រីពូជរួច លោកបណ្ឌិត កៅ ថាច បានដឹកនាំសហការី និងមន្ត្រីពាក់ព័ន្ធមួយចំនួនចុះពិនិត្យកន្លែងចិញ្ចឹមគោបំប៉នយកសាច់ចែកចាយលើទីផ្សារក្នុងខេត្តមួយកន្លែងទៀត ស្ថិតនៅឃុំគន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានម្ចាស់ឈ្មោះ ប៉ិច សុខមេត កំពុងចិញ្ចឹមគោចំនួនជាង៧០ក្បាល ខណៈម្ចាស់កសិដ្ឋានចិញ្ចឹមគោបំប៉នមួយនេះ ទទួលបានការគាំទ្រឥណទានពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក្នុងអត្រាការប្រាក់អនុគ្រោះចាប់តាំងពីឆ្នាំ២០១៨រហូតមកទល់នឹងពេលបច្ចុប្បន្ន។ បើតាមលោក ប៉ិច សុខមេត ការចិញ្ចឹមគោបំប៉នយកសាច់លក់ចែកចាយលើទីផ្សារនេះមិនសូវកាក់កបសម្រាប់លោកប៉ុន្មានទេ ដ្បិតតម្លៃគោរស់ ជួបបញ្ហាថយចុះបន្តិច ពោលគឺទទួលបានត្រឹមតែ៧៥០០រៀល ទៅ៨០០០រៀលក្នុង១គីឡូក្រាម ធ្វើឱ្យផលចំណេញទទួលបានតិច ប៉ុន្តែលោកប្តេជ្ញាតស៊ូលើមុខរបរនេះជានិច្ច និងគ្រោងពង្រីកការចិញ្ចឹមរបស់ខ្លួនបន្ថែមទៀតផងដែរ...៕









