
(សិល្បៈ)៖ ក្នុងពិធីចុះហត្ថលេខា ធ្វើជាអ្នកគ្រប់គ្រងថ្មីកម្មវិធី MGC អតីតតារាសម្ដែងល្បី លោកស្រី អ៊ឺម សុគន្ធា បានឱ្យដឹងថា ការទិញកម្មវិធីនេះ គឺដោយសារតែការស្រឡាញ់ពេញចិត្ត និងចង់ឱ្យក្មេងជំនាន់ក្រោយ មានឱកាសបញ្ចេញសមត្ថភាព ព្រមទាំងចង់បង្ហាញ នៅស្នាដៃក្រុមការងារថ្មី របស់ប្រទេសកម្ពុជា ក្នុងការរៀបចំកម្មវិធីលំដាប់អន្តរជាតិមួយនេះ…។

គួរបញ្ជាក់ថា អ្នកស្រី អ៊ឹម សុគន្ធា បានក្លាយជាអ្នកគ្រប់គ្រងថ្មី Miss Grand Cambodia 2023 ជាផ្លូវការហើយ កាលពីថ្ងៃម្សិលមិញ បន្ទាប់ពីលោក ណាវ៉ាត់ ដែលជាអ្នកគ្រប់គ្រង Miss Grand International ប្រចាំប្រទេសថៃ បានចុះមកប្រទេសកម្ពុជា និងបានចុះហត្ថលេខា ដើម្បីផ្ទេរសិទ្ធិឱ្យ អ្នកស្រីក្លាយទៅជាអ្នកគ្រប់គ្រងថ្មីរបស់ Miss Grand Cambodia 2023 នេះតទៅ។ នៅក្នុងពិធីចុះហត្ថលេខា អតីតតារាសម្ដែងខាងលើ បានបញ្ជាក់ឱ្យអ្នកសារព័ត៌មានដឹងថា ហេតុផលដែលអ្នកស្រី ទិញសិទ្ធិគ្រប់គ្រងកម្មវិធីនេះ ក្រោមហេតុផលចំនួន៤ រួមមាន៖ ទី១. ដោយសារតែការស្រឡាញ់ពេញចិត្ត, ទី២. ចង់ឱ្យកម្ពុជាមានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ, ទី៣. ដើម្បីក្មេងៗជំនាន់ក្រោយមានឱកាស បញ្ចេញសមត្ថភាព ដោយភាពឆ្លាតវៃ, និងទី៤. បង្ហាញនៅស្នាដៃថ្មីៗរបស់ក្រុមការងារ MGC ឱ្យពិភពលោកបានដឹង។

ទន្ទឹមនិងនេះ អ្នកស្រី ក៏បានបន្ថែមថា កម្មវិធីប្រកួត Miss Grand Cambodia 2023 នឹងចាប់ផ្តើមទទួលពាក្យចូលរួមប្រកួតចាប់ពីខែ មីនា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្រាប់អ្នកចូលរួម មិនថាបេក្ខនារី ដែលធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធីផ្សេងៗ ឫក៏យ៉ាងណា គឺអាចដាក់ពាក្យចូលរួមប្រកួត ក្នុងកម្មវិធីនេះបានទាំងអស់។
សូមបញ្ជាក់ថា កម្មវិធីប្រកួត Miss Grand Cambodia កន្លងមកធ្លាប់ទទួលការរិះគន់ខ្លាំងពីសំណាក់មហាជនខ្មែរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក អ៊ិន សុភិន កាលពីពេលមុន នោះក៏ព្រោះតែលោកខ្វះទំនួលខុសត្រូវលើការអនុវត្តលើកតម្កើងតម្លៃវប្បធម៌ខ្មែរទៅកាន់ពិភពលោក ព្រមទាំងបានបង្កើតគំនិតច្នៃម៉ូតសម្លៀកបំពាក់ឱ្យបេក្ខនារីស្លៀកពាក់មិនសមរម្យ ដែលសកម្មភាពទាំងនោះ មិនត្រឹមតែមិនជួយលើកតម្កើងវប្បធម៌ជាតិទៅកាន់ពិភពលោកទេ តែបែរជាបង្កឱ្យមានភាពអាប់ឱនតម្លៃវប្បធម៌ជាតិថែមទៀតផង។ ដូច្នេះ សង្ឃឹមថា គណៈគ្រប់គ្រងកម្មវិធីប្រកួត Miss Grand Cambodia ថ្មីនេះ អាចនឹងស្វែងយល់បទពិសោធខាងលើ មកអភិវឌ្ឍកម្មវិធីនេះ ឱ្យត្រដែតឡើងវិញបានមិនខាន...៕






