
(គុនខ្មែរ)៖ អតីតកីឡាករជើងខ្លាំង និងបច្ចុប្បន្នជាគ្រូបង្វឹករបស់សមាគមក្រសួងការពារជាតិ លោកធន់ សុភា គ្រោងបង្ហាត់អ្នកស្នងមរតកគុនខ្មែរឱ្យបាន១០០នាក់ ដើម្បីប្រលូកក្នុងវិស័យប្រដាល់គុនខ្មែរ ទាំងនៅសង្វៀនក្នុង និងក្រៅស្រុក។ មិនទាន់បានបំពេញក្ដីស្រម៉ៃរបស់ខ្លួនផង ពេលនេះ លោក ធន់ សុភា ហាក់បាក់ទឹកចិត្តក្នុងការបណ្តុះបណ្តាលអ្នកស្នងគុនខ្មែរតាមផែនការ ក្រោយមានពាក្យរិះគន់ពីអ្នកគាំទ្រថា លោកដាក់ឱ្យតែកូនសិស្សខ្លួនឯង ឡើងប្រកួតតាមប៉ុស្តិ៍ទូរទស្សន៍ល្បីៗ...។

លោកធន់ សុភា បានលើកឡើងថា ក្លឹបដែលលោកបង្ហាត់រាល់ថ្ងៃ មានកីឡាករប្រហែល៥០នាក់ ដែលបានចេញវាយតាមប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក ពីមុនអាចបានច្រើននាក់មែន ប៉ុន្តែឥឡូវមិនដូចមុនទេ។ លោកបញ្ចាក់ថា រាល់សប្ដាហ៍ ឃើញមានឈ្មោះប្រកួតច្រើន ដោយសារតែជំនួសកីឡាកររបស់ក្លឹបមួយចំនួនដែលអវត្តមាន។ អតីតកីឡាករប្រដាល់គុនខ្មែររូបនេះ បានជាប់ឈ្មោះជាគ្រូបង្វឹកមួយរូប ទទួលបានជោគជ័យក្រោយលាងដៃដើរចេញពីសង្វៀនពិភពគុនខ្មែរ និងទទួលបាននូវការគោរពស្រឡាញ់ខ្លាំងពីសំណាក់កីឡាករគុនខ្មែរស្រករក្រោយ ក៏ដូចជាបណ្តាសិស្សមួយចំនួនមកពីក្លឹបផ្សេងៗ។ បន្ថែមលើនេះ លោកក៏ត្រូវបានគេចាត់ទុកថា ជាគ្រូបង្វឹក និងជាអាជ្ញាកណ្តាល ដែលមានចរិតសុភាពរៀបសារ ម៉ឹងម៉ាត់នឹងការងារគួរឱ្យយកគំរូតាមផងដែរ។

មានមូលហេតុមួយចំនួនដែល លោកធន់ សុភា បង្ហើបប្រាប់ពីការទទួលបានកេរ្តិ៍ឈ្មោះល្អក្នុងវិស័យប្រដាល់គុនខ្មែរ រួមមាន៖ ទី១- ចំពោះថវិកាដែលសិស្សវាយបានពិការប្រកួត លោកមិនដែលទាមទារ ឬមិនសួរនាំយកពីសិស្សនោះទេ។ ទី២-លោកជាគ្រូបង្វឹកដែលមិនប្រើហិង្សា និងប្រើពាក្យអសុរោះទៅលើសិស្សគុនទាំងក្នុងក្លឹបលោកបង្ហាត់ផ្ទាល់ និងបណ្តាសិស្សនៅក្លឹបផ្សេង។ ទី៣-ស្រលាញ់សិស្ស ប្រៀបដូចជាកូនៗបង្កើតរបស់លោក។ និងចុងក្រោយទី៤-លោក មិនចេះនិយាយអាក្រក់ពីកូនសិស្សណាមួយ ពេលកូនសិស្សខុស តែលោកបានហៅមកស្ងាត់ៗ និយាយណែនាំ ដោយមិនវាយឫក ឬក្រអឺតក្រទម រវាងគ្រូ និងសិស្សនោះឡើយ។ សកម្មភាពទាំងអស់នេះហើយ ដែលលោកគ្រូបង្វឹក ធន់ សុភា គេចឆ្ងាយពីរឿងអាស្រូវរិះគន់របស់មហាជន រហូតធ្វើឱ្យលោកដាក់គោលដៅក្នុងជីវិត ចង់បណ្តុះថ្នាលគុនខ្មែរឱ្យបាន១០០នាក់ ដើម្បីពង្រីកកេរ្តិ៍ឈ្មោះក្បាច់គុនមរតកដូនតាមួយនេះឱ្យត្រដែតឡើង...។

ប៉ុន្តែថ្មីៗនេះ លោកបែរជាទទួលបាននូវការិះគន់ពីរឿងថា ក្នុងនាមជាសមាជិកនៃគណៈកម្មការផ្គូផ្គងកីឡាករប្រដាល់តាមស្ថានីយទូរទស្សន៍ ដាក់តែសិស្សខ្លួនឯងឱ្យប្រកួតទៅវិញ..? ការរិះគន់នេះ ធ្វើឱ្យប៉ះពាល់អារម្មណ៍របស់លោកខ្លះដែរ ព្រោះថា ការចាប់គូរផ្គូផ្គងកីឡាករ មិនមែនមានតែលោកម្នាក់ទេដែលជាអ្នករៀបចំ ពោលគឺមានគណកម្មការជាច្រើននាក់ទៀតពិភាក្សាគ្នាសម្រេចជ្រើសរើសកីឡាករពីបណ្តាក្លឹបនានា ហើយភាគច្រើនជាការចង់បានរបស់ម្ចាស់ស្ថានីយទូរទស្សន៍ ហើយគណៈកម្មការចាប់គូរ មានតែជួយសម្របសម្រួលប៉ុណ្ណោះ ដូច្នេះ ការរិះគន់មួយចំនួនមកលើរូបលោកហាក់ដូចជាមិនត្រូវទេ...។

សូមជម្រាបថា លោកធន់ សុភា គឺជាអតីតកីឡាករប្រដាល់គុនខ្មែរ ដ៏មានប្រជាប្រិយភាពមួយរូប កាលពីអំឡុងក្រោយឆ្នាំ២០១០។ ក្នុងនោះលោកក៏ធ្លាប់ចេញទៅប្រកួតនៅសង្វៀនក្រៅស្រុកជាច្រើន និងមិនដែលរងបរាជ័យនោះឡើយ។ ចំណែក ការប្រកួតចុងក្រោយរបស់លោក ជាមួយកីឡាករថៃនៅខេត្តកោះកុង លោកបានរងរបួសដោយសារដៃគូវាយចំលើប្រដាប់ការពារ ដែលតម្រូវឱ្យលោកវះកាត់ និងបានបញ្ចប់អាជីពជាកីឡាករប្រដាល់តាំងពីពេលនោះមក ខណៈបច្ចុប្បន្នលោក គឺជាគ្រូបង្ហាត់ដែលបណ្តុះថ្នាលគុនខ្មែរជាច្រើននៅកម្ពុជា...៕





