
លោកអ្នកនាងជាទីមេត្រី ថ្ងៃនេះ SBM News សូមលើកយក ជោគជតារាសី សម្រាប់ថ្ងៃចន្ទ ០៤ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ដែលមានដូចតទៅ...
ឆ្នាំជូត៖ (ធាតុទឹកពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ថ្ងៃនេះធ្លាក់ចុះ ។ ព្យាយាមកុំចាយវាយច្រើនទៅតាមចំណង់ ជៀសវាងជឿតាមពាក្យអូសទាញរបស់មិត្តភក្ដិ អាចនឹងនាំអន្តរាយដល់ខ្លួន ។ ចំពោះកិច្ចការងារប្រចាំថ្ងៃត្រូវយកចិត្តទុកដាក់ឲ្យខ្លាំងបន្តិច ព្រោះលោកអ្នកអាចនឹងត្រូវបាត់បង់ឱកាសល្អសម្រាប់ថ្ងៃខាងមុខ ។ ចំពោះរឿងស្នេហា និងគ្រួសារ អាចនឹងជួបរឿងរកាំរកូសបន្តិចបន្តួច។
ឆ្នាំឆ្លូវ៖ (ធាតុដីពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះមធ្យម ។ ត្រូវប្រយ័ត្នពាក្យសម្ដី ជួនកាលបំណងល្អរបស់យើង ក៏អាចឲ្យអ្នកដទៃយល់ខុស និងប្រកាន់បានផងដែរ ។ រាល់កិច្ចការងារប្រចាំថ្ងៃ នឹងសម្រេចទៅដោយជោគជ័យ គ្រាន់តែត្រូវចំណាយកម្លាំងកាយចិត្ត ច្រើន ដែលជាហេតុនាំឲ្យមានភាពស្មុគស្មាញបន្តិច ។ ចំពោះរឿងគ្រួសារ និងស្នេហា មិនមានភាពរកាំរកូសណាមួយឡើយ ។
ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី ឡើងខ្ពស់ ។ លោកអ្នកមានលាភធំនៅថ្ងៃនេះ ដោយសារតែមានអ្នកជួយជ្រោមជ្រែង ទំនុកបម្រុង ។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម ត្រជាក់ត្រជំ ដូចទឹកអប់បំពង់ខ្ចី ។
ឆ្នាំថោះ៖ (ធាតុឈើពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី ល្អបង្គួរ ។ លោកអ្នកនឹងទទួលបានឱកាសថ្មី ទាំងការរកស៊ី និងការងារ ប៉ុន្តែទន្ទឹមគ្នានោះក៏មានអ្នកតាមផ្ចាញ់ ដោយសារតែភាពច្រណែនឈ្នានីសផងដែរ ។ ដូច្នេះរាល់ពាក្យសម្ដី ឬមតិយោបល ពីមនុស្សជុំវិញខ្លួនក្រៅតែអំពីគ្រួសារ សូមកុំសូវយកចិត្តទុកដាក់ និងយកមកអនុវត្ត ព្រោះខ្លាចក្រែង សំណាង ក្លាយជាទុក្ខ ក៏ថាបាន ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពចុះសម្រុង មិនមានជាបញ្ហាចោទឡើយ ។
ឆ្នាំរោង៖ (ធាតុមាសពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ឡើងខ្ពស់ត្រដែត ។ មិនថាតែអស់លោកអ្នកជាពាណិជ្ជករ ឬបុគ្គលិក មន្ត្រីរាជការឡើយ ថ្ងៃនេះនឹងទទួលបានលាភសក្ការពីលទ្ធផលការងារ ក៏ដូចជាមុខរបរ ។ លោកអ្នកនឹងមានមនុស្សជួយជ្រោមជ្រែង ជាគំនិត និងលុយកាក់ខ្លះ ដើម្បីយកទៅពង្រីករបររកស៊ី ក៏ដូចជាបណ្ដាក់ទុន ជាដើម ។ តែដាច់ខាតថ្ងៃនេះ ហាមដើរឆ្ងាយ និងរឹងទទឹកជាមួយក្រុមគ្រួសារ ប្ដី ប្រពន្ធ ជាដើម បើពុំដូច្នោះទេ នឹងមានជម្លោះកើតឡើងមិនខាន ។
ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ថ្ងៃនេះធ្លាក់ចុះ ។ លោកអ្នកនឹងត្រូវចៅហ្វាយនាយស្ដីបន្ទោស ហើយបើជាអ្នករកស៊ីវិញ នឹងប្រឈមមុខនឹងការខាតបង់ដើមទុន ខាតបង់ឱកាសសម្រាប់ពង្រីកមុខជំនួញសម្រាប់ពេលអនាគត ។ ហាមដាច់ខាតជឿអ្នកដទៃ ជាជាងជឿលើបងប្អូនសាច់ញាតិខ្លួនឯង ប្រយ័ត្នអន្តរាយខ្លួន ។
ឆ្នាំមមី៖ (ធាតុភ្លើងពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសីធម្យម ។ រាល់កិច្ចការងារទាំងឡាយ ទាំងពួង នឹងសម្រេចទៅដោយរលូន គ្រាន់តែហាមដាច់ខាតដើរឆ្ងាយ ឬយប់ជ្រៅ ។ ចំពោះរឿងគ្រួសារ និងស្នេហា មិនមានជាបញ្ហាចោទឡើយ ។
ឆ្នាំមមែ៖ (ធាតុមាសពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសីឡើងខ្ពស់ត្រដែត ។ រាល់ការសម្រេចចិត្តណាមួយរបស់អ្នកសុទ្ធតែអាចនាំទៅរកភាពរុងរឿងនៅថ្ងៃអនាគត ដូច្នេះសូមកុំស្ទាក់ស្ទើ ក្នុងការអនុវត្ត ។ សម្រាប់រឿងគ្រួសារ ឬស្នេហា មានតែភាពផ្អែមល្ហែម និងស្នាមញញឹមជានិច្ច ។
ឆ្នាំវក៖ (ធាតុដែកពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសី ធ្លាក់ចុះ ។ ការងារជាច្រើន ដែលអ្នកបានបំពេញរួចមកហើយនោះ នឹងត្រូវបានចៅហ្វាយនាយស្ដីបន្ទោស ព្រោះតែបំពេញមិនបានល្អ ។ សម្រាប់អ្នករកស៊ី ជំនួញជួញដូរ អាចប្រឈមនឹងការខាតដើមចុង ដាច់ខាតកុំឲ្យនរណាខ្ចីលុយកាក់ ប្រយ័ត្នកាន់តែធ្ងន់ក ។ ចំពោះរឿងគ្រួសារ និងស្នេហា អាចនឹងមានភាពរកាំរកូសតិចតួច តែអាចស្ងប់ទៅវិញប្រសិនបើចេះអត់ឱនឲ្យគ្នាទៅវិញទៅមក ។
ឆ្នាំរកា៖ (ធាតុដែកពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសីធ្លាក់ចុះ។ សម្រាប់បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ ប្រសិនបើមានបំណងចង់ស្នើឡើងប្រាក់ខែ សម្រាប់ថ្ងៃនេះគឺមិនបានឡើយ ផ្ទុយទៅវិញអ្នកត្រូវផ្ដោតទៅលើការងារជាសំខាន់ ។ អ្នកអាចនឹងមួហ្មង មិនសប្បាយចិត្ត តែត្រូវតែព្យាយាមទប់អារម្មណ៍ទាំងនោះ ហើយគិតរឿងល្អៗ។ នៅក្នុងរង្វង់គ្រួសារក៏ដូចគ្នា ត្រូវតែប្រយ័ត្នពាក្យសម្ដី ទប់អារម្មណ៍មួម៉ៅក្ដៅក្រហាយ ដើម្បីបញ្ជៀសពីជម្លោះ ។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីធ្លាក់ចុះ ។ លោកអ្នកអាចនឹងមានទំនាស់នៅកន្លែងការងារ ឬក្នុងរង្វង់របរកស៊ី ដូចជាមានបញ្ហារកាំរកូសជាមួយដៃគូបណ្ដាក់ទុនជាដើម។ ប្រយ័ត្នពាក្យសម្ដី ដើម្បីបញ្ជៀសបញ្ហាជម្លោះ រកាំរកូស។ ដោយឡែកអ្នកដែលមិនទាន់មានស្នេហា អាចនឹងសប្បាយចិត្តជាមួយជីវិតឯកជនរបស់ខ្លួនបាន ។
ឆ្នាំកុរ៖ (ធាតុទឹកពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ឡើងខ្ពស់ ។ អស់លោកអ្នក នឹងបានជួបសំណាងធំ ដែលផ្ដល់ដោយចៅហ្វាយនាយ ឬបុគ្គលមានឥទ្ធិពលណាម្នាក់។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ដូចស្រមោចនឹងស្ក ៕


