
ហែលទឹក គឺជាសកម្មភាពនៃការកម្សាន្ត និងក៏ជាកីឡាមួយប្រភេទដែលមានការនិយមចូលចិត្តសម្រាប់មនុស្សនៅជុំវិញពិភពលោក។ លោកអ្នកនាងមួយចំនួនប្រហែលជាគ្រាន់តែជ្រាបថា ការហែលទឹកគឺជាការបង្កើតបរិយាកាសសប្បាយរីករាយតែមួយមុខ ប៉ុន្តែខណៈនេះ SBM News នឹងបង្ហាញពីចំណេះដឹងសុខភាពថ្មីៗបន្ថែមទៀតពីការហែលទឹក ជូនដល់អស់លោកអ្នក៖
១/. ជួយដល់ពេញរាងកាយរបស់អ្នក៖
· ធ្វើឱ្យចលនាចង្វាក់បេះដូងមានភាពរឹងមាំ
· បង្កើតភាពស៊ាំ បង្កើនកម្លាំងសាច់ដុំនិងសុខភាពសរសៃឈាមបេះដូង
· ជួយរក្សាទម្ងន់ សុខភាពបេះដូងនិងសួតឱ្យមានសុខភាពល្អ
· ផ្តល់នូវការហាត់ប្រាណពេញរាងកាយព្រោះសាច់ដុំរបស់អ្នកស្ទើរតែទាំងអស់ត្រូវបានប្រើកំលុងពេលហែលទឹក
· ជាការធ្វើលំហាត់ប្រាណមួយ បែបជាការសម្រាកកាយនិងបង្កើនសុខភាពផ្លូវចិត្ត
· កាត់បន្ថយភាពតានតឹង
· ធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួលតុល្យភាពនិងឥរិយាបថក្នុងរាងកាយ
· ធ្វើឱ្យប្រសើរឡើងនូវភាពបត់បែនក្នុងរាងកាយ

២/. ជំនួយខាងក្នុងរាងកាយរបស់អ្នក៖
ខណៈពេលដែលសាច់ដុំរបស់អ្នកមានដំណើរការល្អ នោះប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នកក៏មានដំណើរការល្អដូចគ្នាដែរ។ ហែលទឹក ធ្វើឱ្យបេះដូងនិងសួតរបស់អ្នករឹងមាំ។ ការសិក្សាមួយចំនួនផ្សេងទៀតបានបង្ហាញថាការហែលទឹកអាចជួយបន្ថយសម្ពាធឈាម និងគ្រប់គ្រងប្រភពជាតិស្ករក្នុងឈាម។
៣/. សមស្របសម្រាប់អ្នកដែលមានរបួសរលាកសន្លាក់និងលក្ខខណ្ឌផ្សេងទៀត
ហែលទឹកអាចជាជំរើសហាត់ប្រាណដែលមានសុវត្ថិភាពសម្រាប់អ្នកដែលមាន៖
ជំងឺរលាកសន្លាក់
រងរបួស
ពិការភាព
មិនត្រឹមតែប៉ុណ្ណោះ ការហែលទឹកអាចជួយកាត់បន្ថយការឈឺចាប់របស់អ្នកឬធ្វើឱ្យប្រសើរឡើងនូវការជាសះស្បើយពីរបួស។ ការសិក្សាមួយបានបង្ហាញថាអ្នកដែលមានជំងឺរលាកសន្លាក់ឆ្អឹង បានរាយការណ៍ពីការថយចុះគួរឱ្យកត់សម្គាល់នៃការឈឺសន្លាក់ក្រោយពេលហែលទឹកជាប្រចាំ។

៤/. ជម្រើសល្អសម្រាប់អ្នកដែលមានជំងឺហឺត
ការហែលទឹកគឺជួយ ពង្រីកសមត្ថភាពសួតរបស់អ្នក។ ប៉ុន្តែការសិក្សាមួយចំនួនបានបង្ហាញថាការហែលទឹកអាចបង្កើនហានិភ័យរបស់អ្នកចំពោះជំងឺហឺត ដោយសារតែសារធាតុគីមីដែលត្រូវបានប្រើក្នុងការសម្អាតអាងហែលទឹក។ ដូច្នេះ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីហានិភ័យដែលអាចកើតមានក្នុងការហែលទឹកប្រសិនបើអ្នកមានជំងឺហឺត។
៥/. ដុតបំផ្លាញកាឡូរី
ការហែលទឹកគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការដុតបំផ្លាញកាឡូរី។ ការសិក្សាបានបង្ហាញថា មនុស្សទម្ងន់ប្រមាណ ១៦០ ផោន បានដុតប្រមាណ ៤២៣ កាឡូរីក្នុងមួយម៉ោង ខណៈពេលដែលហែលទឹកនៅត្រឹមល្បឿនតិចៗឬមធ្យមប៉ុណ្ណោះ។ មនុស្សដដែលនោះអាចដុតរហូតដល់ ៧១៥ កាឡូរីក្នុងមួយម៉ោងក្នុងការហែលក្នុងល្បឿនខ្លាំងក្លាជាងនេះ។

៦/. ជួយគ្រប់គ្រងស្ត្រេស
ក្រុមអ្នកស្រាវជ្រាវបានស្ទាបស្ទង់រកក្រុមហែលទឹកមួយក្រុមភ្លាមៗមុននិងក្រោយពេលហែលទឹកនៅឯ YMCA ក្នុងទីក្រុង តៃប៉ិ។ ក្នុងចំណោមមនុស្ស ១០១ នាក់ដែលត្រូវបានស្ទាបស្ទង់មតិ មាន៤៤ នាក់បានរាយការណ៍ថាមានអារម្មណ៍ធុញថប់កម្រិតស្រាលនិងមានអារម្មណ៍ស្ត្រេសទាក់ទងនឹងជីវិត។ បន្ទាប់ពីហែលទឹក ចំនួនមនុស្សដែលនៅតែមានអារម្មណ៍តានតឹងបានថយចុះមកត្រឹម ៨ នាក់ប៉ុណ្ណោះ។ អ្នកស្រាវជ្រាវបានធ្វើសេចក្តីសន្និដ្ឋានបន្ថែមទៀត ថាការហែលទឹកគឺជាមធ្យោបាយដ៏មានសក្តានុពលមួយដើម្បីបន្ថយភាពតានតឹងបានយ៉ាងឆាប់រហ័ស។
៧/. ល្អសម្រាប់ក្មេងៗ
កុមារត្រូវការអប្បបរមានៃការធ្វើលំហាត់ប្រាណតាមលំដាប់លំដោយ ៦០ នាទីក្នុងមួយថ្ងៃ ទៅតាមកម្រិតនៃអាយុ។ ការហែលទឹកគឺជាសកម្មភាពដ៏រីករាយមួយ ដែលជាការធ្វើលំហាត់ប្រាណបណ្ដើរ និងសប្បាយរីករាយបណ្ដើរ ជួយដល់កុមារក្នុងការបង្កើនភាពស៊ាំ និងពង្រឹងប្រាជ្ញាស្មារតី៕
ប្រភព៖ healthline


