ពណ៌ក្រចកទាំង៥យ៉ាង ដែលបង្ហាញពីស្ថានភាពសុខភាពអ្នក
ភូមិន្ទ
19 មិថុនា 2022 11:30 PM

តើលោកអ្នកជ្រាបទេថា ស្ថានភាពពណ៌នៃក្រចកដៃរបស់អ្នកអាចបង្ហាញពីតម្រុយដល់សុខភាពទូទៅរបស់អ្នក? ប្រសិនជាលោកអ្នកកត់សម្គាល់នោះលោកអ្នកនឹងឃើញថា ពណ៌នៃក្រចករបស់មនុស្សម្នាក់ៗគឺមិនដូចគ្នាឡើយ ហើយពណ៌ទាំងនោះក៏បានបង្ហាញពីស្ថានភាពសុខភាពនៅខាងក្នុងខ្លួនរបស់អ្នកផងដែរ។ ខណៈនេះ SBM News នឹងលើកយកប្រភេទនៃពណ៌ក្រចក ៥ យ៉ាង យោងតាមការចុះផ្សាយរបស់គេហទំព័រ WebMD ដែលជាគេហទំព័រចុះផ្សាយពីបញ្ហាសុខភាពដ៏ល្បីប្រចាំទីក្រុងញូវយ៉ក មកជម្រាបជូនដូចតទៅនេះ៖

១/.ក្រចកស្លេក

ក្រចកស្លេកខ្លាំងពេលខ្លះអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរដូចជា៖

•ជំងឺខ្សោយបេះដូង

 •ជំងឺថ្លើម

•កង្វះអាហារូបត្ថម្ភ

២/. ក្រចកពណ៌ស

ប្រសិនបើក្រចកលោកអ្នកមានពណ៌សស្គុះ ឬមានពណ៌សលាយជាមួយនឹងស្នាមរលាកពណ៌ខ្មៅផងនោះ វាអាចបង្ហាញពីបញ្ហាថ្លើម ដូចជាមានជំងឺរលាកថ្លើមជាដើម។

៣/. ក្រចកពណ៌លឿង

មូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃក្រចកលឿងគឺការឆ្លងមេរោគផ្សិត។ នៅពេលដែលការឆ្លងកាន់តែអាក្រក់ គែមនៃក្រចក ឬចុងក្រចកវានឹងប្រែទៅជាពណ៌លឿងរួចក៏អាចប្រែជាស្អុយ ឬអាចនិយាយម្យ៉ាងទៀតថា ក្រចកស្អុយ។ ក្នុងករណីដ៏កម្រនេះ ក្រចកពណ៌លឿងអាចបង្ហាញពីស្ថានភាពធ្ងន់ធ្ងរបន្ថែមទៀតដូចជាជំងឺក្រពេញទីរ៉ូអ៊ីតធ្ងន់ធ្ងរ ជំងឺសួត ទឹកនោមផ្អែម ឬជំងឺស្បែករបកក្រហម ជាដើម។

៤/.ក្រចកពណ៌ខៀវស្រងាត់

ក្រចកដែលមានពណ៌ខៀវស្រងាត់អាចមានន័យថារាងកាយមិនមានអុកស៊ីសែនគ្រប់គ្រាន់។ នេះអាចបង្ហាញពីបញ្ហាសួតផងដែរ ដូចជាជំងឺសួតជាដើម។ ម្យ៉ាងវិញទៀត បញ្ហាបេះដូងមួយចំនួនក៏អាចត្រូវបានបង្ហាញចេញមកក្រៅដោយក្រចកពណ៌ខៀវនេះផងដែរ។

៥/. ក្រចកក្រពឹត

ប្រសិនជាលោកអ្នកឧស្សាហ៍ចាប់អារម្មណ៍ ពេលខ្លះលោកអ្នកអាចនឹងឃើញផ្ទៃនៃសាច់ក្រចករបស់លោកអ្នកនឹងមិនរាបស្មើនោះឡើយ វាហាក់ដូចជាក្រពឹតចូលទៅក្នុងសាច់បើទោះបីជាមិនបានប៉ះពារជាមួយអ្វីក៏ដោយ។ នេះអាចជាសញ្ញាដំបូងនៃជំងឺស្បែករបកក្រហមឬរលាកសន្លាក់។

ដូច្នេះការប្រែនូវទ្រង់ទ្រាយក្រចករបស់អ្នកពីមានពណ៌ក្រហមបែបស៊ីជម្ពូទៅជាពណ៌ទាំងប៉ុន្មានដែលរៀបរាប់ខាងលើ លោកអ្នកគួរទៅជួបជាមួយគ្រូពេទ្យជំនាញ ព្រោះថា បើទោះបីជាលោកអ្នកមានអាការៈខាងក្រៅធម្មតាក៏ដោយ តែក្នុងខ្លួនអាចនឹងមានជំងឺដែលមិនទាន់ចេញរោគសញ្ញាឬមិនទាន់ដល់ពេលធ្វើទុក្ខក៏អាចថាបាន៕

ប្រភព៖ www.webmd.com

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត