គ្រូពេទ្យជំនាញពន្យល់ពី “ជំងឺ​រលាកពោះវៀនធំ និង​ការ​ព្យាបាល”
ភូមិន្ទ
06 មិថុនា 2022 11:30 PM

ជំងឺ​រលាកពោះ​វៀន​ធំ គឺ​ជា​ជំងឺ​លើ​ប្រព័ន្ធ​រំលាយ​អាហារ​រ៉ាំរ៉ៃ ដែល​កើត​ឡើង​ដោយ​សារ​ស្រទាប់​របស់​ពោះ​វៀន​ធំ រង​នៅ​ការ​រលាក ដែល​ការ​រលាក​នោះ​អាច​បង្ក​ឡើង​ដោយ​ដោយ​សារ​កត្តា​បង្ក​ជា​ច្រើន​ដោយ​បូក​រួម​ទាំង​ការ​បង្ក​ ដោយមេរោគ​ផង​ដែរ។

តើ​ជំងឺ​នេះ​មាន​បញ្ចេញ​រោគ​សញ្ញា​ដូច​ម្ដេច​ខ្លះ?

រោគ​សញ្ញា​ចម្បង​ដែល​គេ​ច្រើន​ឃើញ​កើត​មាន​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​រលាក​ពោះ​វៀន​ធំ​នេះ គឺ​រួម​មាន ឈឺ​ក្នុង​ពោះ ចុក​រមួល​ក្នុង​ពោះ និង​រាក (អាច​មាន​ឈាម​ឬ​គ្មាន​ឈាម​នៅ​ក្នុង​លាមក)។ ក្រៅ​ពី​រោគ​សញ្ញា​ចម្បង​ទាំង​នោះ បញ្ហា​រលាក​ពោះ​វៀន​ធំ ក៏​មាន​រោគ​សញ្ញា​អម​មក​ជាមួយ​ផ្សេង​ទៀត​ដែរ​ដែល​មាន​ដូច​ជា៖

-អស់​កម្លាំង

-គ្រុន​ក្ដៅ ឬ​គ្រុន​ញាក់

-ឈឺចាប់​សន្លាក់

-ស្រក​ទម្ងន់

-បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន

-ចេញ​កន្ទួល​រមាស់​លើ​ស្បែក

តើ​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​នេះ ដោយ​របៀប​ណា?

ការ​ថត​ Endoscope និង​ការ​ច្រិប​សាច់​ក្នុង​ពោះវៀន​ធំ គឺ​ជា​វិធី​ដែល​គ្រូពេទ្យ​ច្រើន​ធ្វើ​ដើម្បី​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ឱ្យ​ច្បាស់​ជាក់​លាក់​ពី​ជំងឺ​រលាក​ពោះវៀន​ធំ។ ក្រៅ​ពី​តេស្ត​ទាំង​នេះ នៅ​មាន​តេស្ត​មួយ​ចំនួន​ដែល​គ្រូពេទ្យ​អាច​នឹង​ត្រូវ​ធ្វើ​ដែល​មាន​ដូច​ជា ការ​ថត​រូប ដោយ​កាំរស្មី អិច ការ​ថត CT scan ​តេស្ត​ឈាម​និង​តេស្ត​លាមក​ជា​ដើម។

តើ​ជំងឺ​នេះ នឹង​ត្រូវ​ព្យាបាល​យ៉ាង​ដូច​ម្ដេច?

ការ​ព្យាបាល​ជំងឺ​នេះ គឺ​អាស្រ័យ​ទៅ​នឹង​មូល​ហេតុ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ និង​ប្រភេទ​នៃ​ជំងឺ​រលាក​ពោះ​វៀន​ធំ​នោះ។ ករណី​ជា​ច្រើន​ដែល​ត្រូវ​ការ​ការ​ថែទាំ​ច្រើន​ជាង​ការ​ថែទាំ​ត្រឹម​រោគ​សញ្ញា ដោយ​រួម​មាន​ការ​បន្ថែម​ជាតិ​ទឹក ដោយ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន (ករណី​អ្នក​ជំងឺ​មិន​អាច​ញ៉ាំបាន​គឺ​ត្រូវ​បញ្ចូល​ជាតិ​ទឹក​ដោយ​ការ​ចាក់​បញ្ចូល​សេរ៉ូម) និង​ការ​ប្រើ​ថ្នាំ​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់។

-រលាក​ពោះវៀន​ធំ​បង្ក​ដោយ​មេរោគ៖ បញ្ហា​នេះ គ្រូពេទ្យ​នឹង​តម្រូវ​ឱ្យ​អ្នក​ប្រើ​ថ្នាំ​ផ្សះ ប្រសិន​បើ​វា​បង្ក​ឡើង​ដោយ​ពពួក​បាក់​តេរី ប៉ុន្តែ​ប្រសិន​បើ​វា​ប្រសិន​បើ​វា​ជា​វីរុស គ្រូពេទ្យ​អាច​នឹង​ណែនាំ​វីធី​ផ្សេង​ទៀត។

-រលាក​ពោះវៀន​ធំ IBD (Inflammatory Bowel Disease) ចំពោះ​ករណី​នេះ គឺ​គ្រូពេទ្យ​នឹង​តម្រូវ​ឱ្យ​ប្រើ​ថ្នាំ​ដើម្បី​អាច​គ្រប់​គ្រង​ជំងឺ​នេះ បាន។ ថ្នាំ​ប្រឆាំង​រលាក គឺ​ជា​ថ្នាំ​ដែល​ត្រូវ​ប្រើ​ដំបូង ហើយ​ថ្នាំ​ដែល​ប្រើ​ដើម្បី​ទប់​សកម្មភាព​របស់​ប្រព័ន្ធ ភាព​ស៊ាំ​អាច​នឹង​ត្រូវ​ប្រើ ប្រសិន​បើ​ចាំ​បាច់។ ការ​វះកាត់​អាច​នឹង​ត្រូវ​ធ្វើ​ប្រសិន​បើ​ករណី​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ខ្លាំង​ឡើង៕

អត្ថបទដោយ៖ គឹម កាណែល

ប្រភព៖ mayoclinic / medicinenet/ gwhospital

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត