
អន្ទង់ជាសត្វមួយប្រភេទ ខ្លួនមូលវែងសណ្ឋានពស់ ប៉ុន្តែឥតស្រកា មានរំអិល ឥតពិស កើតនៅអាស្រ័យក្នុងទឹកក្នុងភក់។ ប្រជាពលរដ្ឋយើងនិយមយកវាទៅអាំង ឆាក្ដៅឬធ្វើជាស៊ុប ដោយក្រៅពីមានរសជាតិឆ្ងាញ់ពិសាហើយនោះ គេក៏មានជំនឿថាវាជាថ្នាំប៉ូវកម្លាំងផងដែរ រួមនឹងអត្ថប្រយោជន៍អាហារូបត្ថម្ភដ៏ច្រើនសម្បូបែបផ្សេងទៀត។ ខាងក្រោមនេះគឺជាព័ត៌មានទូទៅអំពីសត្វអន្ទង់។
អន្ទង់មានពីរប្រភេទគឺ៖
អន្ទង់ទឹកសាប៖ មានទំនោររស់នៅតាមឆ្នេរ ក្នុងទន្លេ និងបឹង។
អន្ទង់ទឹកប្រៃ៖ ពូជនេះរស់នៅក្នុងទឹកសមុទ្រ ហើយវាត្រូវបានគេស្គាល់ផងដែរដោយឈ្មោះជប៉ុនថា 'anago' ។ ប៉ុន្តែ ខណៈនេះយើងនឹងផ្តោតតែលើអន្ទង់ទឹកសាបតែប៉ុណ្ណោះ។

អង្គហេតុអាហាររូបត្ថម្ភ
យោងតាមការសិក្សាអំពីអាហាររូបត្ថម្ភរបស់អន្ទង់ក្នុង ១០០ ក្រាម មានផ្ទុកតម្លៃអាហារូបត្ថម្ភដែលរាងកាយត្រូវការគិតជាភាគរយមានដូចជា៖ កាឡូរី ២៣៦ ស្មើនឹង ១២% ខ្លាញ់ ១៥.០ ក្រាម អូមេហ្គា៣ ៨៣៨ មីលីក្រាម អូមេហ្គា៦ ២៥១ មីលីក្រាម ប្រូតេអ៊ីន ២៣.៧ ក្រាម វីតាមីន A: ១២៦% វីតាមីន B១២: ១២០ វីតាមីន D: ៥៣% វីតាមីន E: ៣៤% អាស៊ីត Pantothenic (B៥): ៦% វីតាមីន B៦: ៥%
វីតាមីន K: ១% ផូស្វ័រ: ២២% ស័ង្កសី: ១៩% សេលេញ៉ូម: ១៥% ប៉ូតាស្យូម ៧% ម៉ាញ៉េស្យូម: ៦% ជាតិដែក៖ ៤% ស្ពាន់: ៣% សូដ្យូម: ៣% កាល់ស្យូម៖ ២% ម៉ង់ហ្គាណែស៖ ២% ។ល។

អត្ថប្រយោជន៍
អត្ថប្រយោជន៍ចម្បងនៃអន្ទង់ ទាក់ទងនឹងសារធាតុចិញ្ចឹមដែលវាមាន នោះគឺប្រភពដ៏ល្អនៃវីតាមីន A, D, និង B12។ ដូចដែលបានបង្ហាញនៅក្នុងតម្លៃអាហារូបត្ថម្ភ អន្ទង់ ១០០ ក្រាមផ្តល់ច្រើនជាង ១០០% នៃតម្លៃអាហារូបត្ថម្ភប្រចាំថ្ងៃសម្រាប់វីតាមីន A និងវីតាមីន B12 ។ វីតាមីនទាំងនេះមានសារសំខាន់សម្រាប់សុខភាពភ្នែក ការផលិតថាមពល មុខងារប្រព័ន្ធភាពស៊ាំល្អបំផុត និងមុខងារជាច្រើនទៀត។ លើសពីនេះទៀត អន្ទង់គឺជាប្រភពអាហារដ៏កម្រនៃវីតាមីន D និងផ្តល់ច្រើនជាងពាក់កណ្តាលនៃតម្លៃប្រចាំថ្ងៃក្នុង ១០០ ក្រាម។ ចំណុចសំខាន់៖ អន្ទង់ផ្តល់បរិមាណវីតាមីន A, D និង B12 យ៉ាងច្រើនលើសលប់។
ប្រភពនៃអូមេហ្គា-៣ (Omega-3)
អាស៊ីតខ្លាញ់សំខាន់មួយនេះមានសារសំខាន់សម្រាប់សុខភាពរបស់យើង ប៉ុន្តែមនុស្សភាគច្រើនមិនបានប្រើប្រាស់ក្នុងបរិមាណគ្រប់គ្រាន់នោះទេ។ គោលការណ៍ណែនាំរបបអាហារ ការទទួលទាន EPA និង DHA អូមេហ្គា-៣ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺសរសៃឈាមបេះដូង។

ប្រូតេអ៊ីនខ្ពស់
អន្ទង់ក៏ជាប្រភពដ៏ល្អនៃប្រូតេអ៊ីនក្នុងរបបអាហារហើយវាផ្តល់នូវ ប្រូតេអ៊ីន ២៣,៧ ក្រាមក្នុង ១០០ ក្រាម។
ទោះយ៉ាងណា អន្ទង់ក៏មានគុណវិបត្តិដែរ
អន្ទង់ឆៅមានផ្ទុកជាតិពុល
គុណវិបត្តិមួយគឺថា អន្ទង់ឆៅមានជាតិពុលដល់មនុស្ស។ អន្ទង់ដែលមិនទាន់ចម្អិនមានផ្ទុកជាតិពុលនៅក្នុងឈាមរបស់វា ដែលអាចបង្កគ្រោះថ្នាក់ដល់ថនិកសត្វទាំងឡាយដែលបរិភោគអន្ទង់ រួមទាំងមនុស្សផងដែរ។ ដូច្នេះហើយទើបបានជា អន្ទង់តែងតែត្រូវបានចម្អិនមុនពេលទទួលទាន៕
ប្រភព៖ nutritionadvance


