តើឆ្មាខាំ អាចមានគ្រោះថ្នាក់ដូចឆ្កែខាំទេ?
ភូមិន្ទ
28 ឧសភា 2022 01:00 AM

ជាការពិតណាស់ បើទោះបីជាឆ្កែ​និងឆ្មា សុទ្ធតែជាសត្វមានចង្កូម និងក្រចកដ៏មុតស្រួច តែពួកវាជាសត្វដែលមានការនិយមចិញ្ចឹមនៅទូទាំងពិភាពលោក ដោយសារតែភាពឆ្លាតវៃ និងភាពគួរឱ្យស្រឡាញ់របស់វា។ ទោះយ៉ាងណា ពេលខ្លះមនុស្សក៏ត្រូវពួកវាខាំបង្កជារបួសស្នាមធ្ងន់ធ្ងរ។  ជាក់ស្ដែង ឆ្កែខាំ ត្រូវបានគេដឹងថាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបើមិនទទួលបានការព្យាបាលទាន់ពេល។ ចុះចំពោះសត្វឆ្មាវិញ តើវាមានគ្រោះថ្នាក់ដែរឬទេ?

ការសិក្សាស្រាវជ្រាវបានរកឃើញថា នៅពេលដែលឆ្មាខាំ វាហាក់ដូចជាមិនមែនជារឿងធំដុំទេ ប៉ុន្តែពេលខ្លះអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងខ្លាំង។ សត្វឆ្មា​ផ្ទុក​បាក់តេរី​ជាច្រើន​នៅក្នុង​មាត់​របស់​វា​ដែល​មាន​សមត្ថភាព​បង្ក​ការ​ឆ្លង​មេរោគ​ក្នុង​របួស​ដែលខាំនោះ​។ ជាការពិតណាស់ ថ្វីដ្បិតតែឆ្មាចិញ្ចឹមក្នុងផ្ទះតែងតែចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ ដូចជាជំងឺឆ្កែឆ្កួតក៏ដោយ ក៏ឆ្មាដែលអនាថានៅតាមផ្លូវជាធម្មតាមិនត្រូវបានចាក់វ៉ាក់សាំងទេ ហើយអាចផ្ទុកជំងឺជាច្រើន។ ដូច្នេះអត្រាឆ្លងពីការខាំរបស់ឆ្មាគឺខ្ពស់គួរសម។ យោងតាមការស្រាវជ្រាវឆ្នាំ ២០១៨ ការឆ្លងមេរោគកើតឡើងប្រហែល ៥០ភាគរយ ចំពោះកុមារដែលត្រូវឆ្មាខាំ។

ប្រសិនបើ​មិន​បាន​ព្យាបាល​ទេ មេរោគដែលឆ្លងតាមរយៈ​ឆ្មាខាំ​អាច​រាលដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ ដែល​បង្ក​ឱ្យ​មាន​ជំងឺ​ម្យ៉ាង​ហៅថា septicemia (ពុល​ឈាម) ដែល​តម្រូវ​ឱ្យ​សម្រាក​នៅ​មន្ទីរពេទ្យ ។ ក្នុងករណីកម្រ ការឆ្លងទាំងនេះអាចបណ្តាលឱ្យស្លាប់។

ធ្វើ​ដូចម្តេច​ទើប​ដឹង​ថាឆ្លងរោគពី​ឆ្មា​ខាំ​?

រោគសញ្ញាទូទៅបំផុតនៃការឆ្លងមេរោគពីឆ្មាខាំរួមមាន៖

-        ឡើងក្រហមឬប្រែពណ៌ក្រហម

-        ហើម

-        រលាក

-        គ្រុនក្ដៅ

-        ដុំពក ឬពងបែកនៅកន្លែងដែលរបួស

-        មានខ្ទុះឬសារធាតុរាវដែលចេញពីមុខរបួស

-        ការបាត់បង់អារម្មណ៍នៅជិតមុខរបួស

-        ហើមកូនកណ្តុរ

-        គ្រុនក្ដៅឬញាក់

-        ញើសពេលយប់

-        អស់កម្លាំង

-        ខ្សោយសាច់ដុំ

-        អសមត្ថភាពក្នុងការប្រើដៃរបស់អ្នក (ប្រសិនបើដៃរបស់អ្នកត្រូវបានខាំ)

ផលវិបាកនៃការឆ្លងមេរោគឆ្មា

ការឆ្លងរោគពីឆ្មាខាំ អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរជាងនេះ ប្រសិនបើមិនបានព្យាបាលភ្លាមៗ។ ទាំងនេះ​រួម​បញ្ចូល​ទាំង៖

-        ជំងឺខួរក្បាល

-        ការឆ្លងមេរោគនៅក្នុងឆ្អឹង

-        ស្លាប់។ល។

ដូច្នេះ អ្នកគួរតែស្វែងរកការព្យាបាលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើអ្នកចាប់ផ្តើមមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរទាំងនេះ៕

ប្រភព៖ healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត