រឿងកុមារ៖ ការតែងនិពន្ធ និងគុណតម្លៃដែលអាណាព្យាបាលគួរឈ្វេងយល់
ភូមិន្ទ
15 មេសា 2022 08:00 AM

កុមារគឺជាទំពាំងស្នងឫស្សី និងជាសរសរទ្រូងរបស់ប្រទេសជាតិទៅថ្ងៃមុខ។ ការអប់រំកុមារ គឺជារឿងសំខាន់បំផុតដែលយើងគួរគិតគូររផ្ដល់ឱ្យពួកគេ ទាំងផ្នែកបញ្ញា ស្មារតី ចំណេះដឹង និងសីលធម៌សង្គម។ នៅក្នុងនោះ ការអប់រំតាមរយៈអក្សរសិល្ប៍ដូចជា ការនិទានរឿងកុមារ ការនិពន្ធ​និងផលិតរឿងកុមារ គឺជាផ្នែកមួយដ៏សំខាន់ក្នុងបង្ហាត់បង្ហាញ និងហាត់ពត់លត់ដំផ្ដល់នូវពុទ្ធិ និងចំណេះដឹងស្នូលសម្រាប់កុមារឱ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។  

ឆ្លើយតបទៅនឹងការតែងនិពន្ធ និងផលិតរឿងកុមារដ៏មានសារសំខាន់នេះ អ្នកស្រី កែម លីហៀង ដែលបច្ចុប្បន្នជានិពន្ធនាយិកានៃគ្រឹះស្ថានបោះពុម្ពផ្សាយ “ក្រោមដំបូលតែមួយ” និងជាអតីតជានិពន្ធនាយកនៃទស្សនាវដ្ដីតាំតាំផងនោះ បានបង្ហាញពីទស្សនៈយោបល់ ក៏ដូចជាគន្លឹះក្នុងការនិពន្ធ និងផលិតរឿងសម្រាប់កុមារឱ្យដឹងថា ក្នុងបទពិសោធ ក្នុងទម្រង់ជាច្រើននៃស្នាដៃដែលបាននិពន្ធ អ្នកស្រីយល់ថា ការនិពន្ធរឿងនិទានសម្រាប់កុមារគឺមានការពិបាកជាងគេ។ ព្រោះកុមារប្រៀបដូចជាក្រដាសស បើយើងអប់រំនូវភាពអវិជ្ជមាន គាត់នឹងទទួលយកភាពអវិជ្ជមាននោះមកអនុវត្ត ហើយបើយើងអប់រំគាត់ត្រូវ គាត់នឹងទទួលបាននូវភាពវិជ្ជមាន ហើយក៏អនុវត្តន៍នូវភាពវិជ្ជមាននោះក្នុងគ្រួសារ ក្នុង សាលា និងសហគមន៍របស់ពួកគាត់។ បន្ថែមពីនេះ ដើម្បីនិពន្ធរឿងកុមារមួយរឿងឱ្យបានល្អ អ្នកស្រីបានផ្ដោតទៅលើចំណុចសំខាន់ចំនួន ៤ ចំណុចគឺ៖

ទី១៖ យើងត្រូវជ្រើសរើសប្រធានបទដើម្បីសរសេរ ដូចជា រឿងអនាម័យ (ដៃ ខ្លួនប្រាណ ធ្មេញ ក្បាលនិងសក់ អាហារ)។ល។និង។ល។ រឿងសីលធម៌រស់នៅផ្សេងៗ ដូចជា ចេះជួយការងារពុកម៉ែ ចេះជួយយកអាសារមិត្តភក្តិ ចេះគោរពចាស់ទុំ ចេះដឹងគុណ ។ល។និង។ល។ ឬប្រធាន បទពាក់ព័ន្ធនឹងមុខវិជ្ជា បំណិនជីវិតអ្វីមួយដែលកុមារចាំបាច់ត្រូវចេះនិងដឹង។

ទី២៖ គិតពីតួអង្គដែលត្រូវប្រើក្នុងសាច់រឿង (មនុស្ស សត្វ ធម្មជាតិ ឬសម្ភារៈណាដែលកុមារស្គាល់ច្បាស់និងចូលចិត្ត)។

ទី៣៖ គឺទំនាក់ទំនងសាច់រឿង។ មានន័យថាពីមួយវគ្គទៅមួយវគ្គត្រូវឱ្យមានភាពទាក់ទាញដើម្បីកុមារចង់អានបន្ត។

ទី៤៖ សាច់រឿងមានការសប្បាយរីករាយ ក្រមិចក្រមើម ហើយចុងបញ្ចប់ត្រូវឱ្យច្បាស់អំពីផលនៃតួអង្គនីមួយៗ។​ ឧ. តួអង្គចិត្តល្អ និងបានផលល្អ។ តួ អង្គក្លាហាន នឹងបានសម្រេចនូវក្ដីប្រាថ្នារបស់គេ តួអង្គចិត្តអាក្រក់នឹងបានផលអាក្រក់។

លើសពីនេះទៅទៀត ដើម្បីផលិតសៀវភៅកុមារមួយចំណងជើងៗឱ្យបានល្អ អ្នកស្រីបានផ្ដល់គន្លឹះសំខាន់ចំនួន ៥ ចំណុចបន្ថែមទៀតគឺ៖

ទី១៖ យើងគិតពីសាច់រឿងខ្លីល្មម តែមានន័យគ្រប់គ្រាន់។

ទី២៖ រូបភាពគំនូរស្អាត ខ្លឹមសារស៊ីគ្នាជាមួយនិងសាច់រឿង(មានន័យ ថាបើកុមារអានអក្សរមិនបាន គេក៏អាចដឹងសាច់រឿងខ្លះៗតាមរយៈរូបភាពដែរ) មានគ្រប់ទម្រង់ កាយវិការដើម្បីទាក់ទាញ។

ទី៣៖ ប្រើទំហំ និងតួអក្សរធំល្មមកុមារស្រួលមើល ប្រើពាក្យរាយ ងាយកុមារយល់និងអានទាំងភាសាខ្មែរ និងអង់គ្លេស។

ទី៤៖ ទំហំសៀវភៅ និងប្រភេទក្រដាសសៀវភៅ​ ស្អាត មាំ។ ទំហំល្មមដែលកុមារងាយកាន់បើកមើល និងទុកដាក់។ ក្រដាសមាន ពណ៌ស្អាត និងធន់។

ទី៥៖ តម្លៃ។ ចំពោះចំណុចទី៥នេះ ពិតជាសំខាន់ណាស់សម្រាប់ការពិចារណារបស់គ្រឹះស្ថានបោះផ្សាយ “ក្រោមដំបូលតែមួយ” របស់អ្នកស្រីក្នុងការផលិតសៀវភៅ សម្រាប់កុមារ។ ដោយអ្នកស្រីថា៖ “បើយើងលក់ថ្លៃពេក កុមារដែលមកពីគ្រួសារមានកម្រិតជីវភាពមធ្យម និង ទាបគ្នាអត់មានលទ្ធភាពទិញអាននោះទេ ដូច្នេះយើងត្រូវគិតគូរទូទាត់យ៉ាងណា ឱ្យតម្លៃនៅ លើទីផ្សារថោកល្មមដែលកុមារមកពីគ្រប់កម្រិតនៃគ្រួសារអាចមានលទ្ធភាពទិញយកទៅអាន បើទោះជាផលចំណេញនោះតិចតួចបំផុតក៏ដោយ។ ក្រុមការងារយើងយល់ថា ដើម្បីអភិវឌ្ឍន៍ ជាតិមួយបានល្អទៅថ្ងៃមុខ យើងត្រូវការធនធានកុមារគ្រប់ៗគ្នា មិនថាអ្នកនោះស្ថិតក្នុងកម្រិត គ្រួសារបែបណាឡើយ”។

ជាទស្សនៈផ្ទាល់ខ្លួន និពន្ធនាយិការូបនេះយល់ថា ការអប់រំកុមារ គឺជារឿងសំខាន់បំផុតដែលយើងត្រូវគិត គូរផ្ដល់ឱ្យពួកគេ ទាំងផ្នែកបញ្ញា ស្មារតី ចំណេះដឹង និងសីលធម៌សង្គម ព្រោះពួកគេជាសសរ សទ្រងរបស់ប្រទេសជាតិនៅថ្ងៃអនាគត។ បើកំលុងពេលនេះ ពួកគេទទួលបាននូវការអប់រំល្អ ចំណេះដឹងត្រូវ សីលធម៌រស់នៅពេញលេញ ថាមពលផ្លូវចិត្តរឹងមាំ និងសុខភាពបរិបូរណ៍ ថ្ងៃមុខគេនឹងក្លាយជាធនធានមនុស្សដ៏វិជ្ជមានសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូ ល។ អ្នកនិពន្ធរូបនេះបន្ដថា សូមកុំគិតថាកុមារនៅតូចណាស់កុំអាលថា កុំអាលនិយាយ កុំអាលអប់រំ។ ត្រូវបង្រៀន ត្រូវប្រាប់ ត្រូវអប់រំនិងលត់ដំទាំងថាមពលរាងកាយ និងផ្លូវចិត្តរបស់ពួកគេឱ្យបានជាប្រចាំ ប្រៀបដូចជាការស្រោចទឹកដំណាំយ៉ាងដូច្នោះដែរ។

គួរបញ្ជាក់ផផងដែរថា អ្នកស្រី កែម លីហៀង កើតនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ១៩៩៧៩។ អ្នកស្រីចាប់ផ្តើមនិពន្ធនៅឆ្នាំ១៩៩៣ ហើយស្នាដៃដំបូងគឺប្រលោមលោក រឿង “ឆ្នេរខ្សាច់ពន្លកស្នេហ៍”។ ស្នាដៃបន្តបន្ទាប់មានកំណាព្យនិងចម្រៀង និងប្រលោមលោកដូចជារឿង “អាថ៌កំបាំងជីវិត” សៀវភៅ “កំណត់ហេតុ” ជាដើម។ នៅឆ្នាំ២០០០ អ្នកស្រីចាប់ផ្តើមធ្វើការនៅផលិតកម្មបក្សីឋានសួគ៌ភាពយន្ត ក្នុងតួនាទីជាអ្នកស្រាវជ្រាវ អ្នកនិពន្ធ និងជំនួយការដឹកនាំរឿង។ ស្នាដៃដែលបានធ្វើមានដូចជាស្រាវជ្រាវនិងនិពន្ធអំពីរឿង “ឧកញ៉ាក្រឡាហោមគង់” (ស្នាដៃនោះមិនបានថតជាភាពយន្តទេ) ផលិតរឿង “រំដួលអង្គរ” និងរឿង “ទូរសព្ទផ្តាច់ព្រលឹង” ។ ឆ្នាំ២០០៣ អ្នកស្រីប្តូរទៅធ្វើជានិពន្ធនាយិកានៃទស្សនាវដ្ដីតាំតាំ រហូតដល់ឆ្នាំ២០០៩ ទើបប្តូរទៅធ្វើការនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងនាមជាផលិតករ។ កំលុងពេលធ្វើការនៅទស្សនាវដ្ដី “តាំតាំ” នោះ អ្នកស្រីក៏ទទួលម៉ៅការផលិតកម្មវិធី ទេសចរណ៍ និងសរសេរអត្ថបទចម្រៀងអត្ថាធិប្បាយឱ្យផលិតកម្មមួយចំនួននៅស្រុកអាម៉េរិកដែរ ដូចជាផលិតកម្មមាតុភូមិ និងផលិតកម្មស្រុកខ្មែររីកចម្រើន។ល។និង។ល។ ក្រោយឆ្នាំ២០១៧ អ្នកសស្រីក៏បានលាឈប់ពីការងារទូរទស្សន៍ ហើយមកបង្កើតគ្រឹះស្ថានបោះ ពុម្ពផ្សាយ “ក្រោមដំបូលតែមួយ” វិញ ដោយផ្តោតលើការបោះពុម្ពសៀវភៅរឿងនិទានសម្រាប់កុមារ។ កំលុងឆ្នាំដដែលនោះ អ្នកស្រីក៏ទទួលនិពន្ធអត្ថបទរឿងភាគឱ្យទូរទស្សន៍ចំនួន២ គឺរឿង(រឿងគ្រូពេទ្យខ្ញុំ) និង វគ្គខ្លះនៃរឿង “ប្រអប់សំបុត្រចោលទុក្ខ”៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត