ឈ្វេងយល់អត្ថន័យនៃល្បែងទាញព្រ័ត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
ភូមិន្ទ
14 មេសា 2022 01:00 AM

ល្បែងទាញព្រ័ត្រ​ ​គឺ​ជាល្បែងដ៏មាន​ប្រជាប្រិយ​មួយរបស់ខ្មែរ សំដៅដល់ការយក​ខ្សែ​មក​ទាញ​សាក​កម្លាំង​ឱ្យ​ដឹង​ឈ្នះ​ចាញ់ ត្រូវបានគេនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែល​ត្រូវ​បាន​អង្គការ​យូណេស្កូ (UNESCO) បញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​របស់​មនុស្សជាតិ​កាលពី​ឆ្នាំ​២០១៥ កន្លងទៅនេះ។ តើល្បែងទាញព្រ័ត្រនេះ មានអត្ថន័យពិសេសអ្វីបានជាមានអាទិភាពពិសេសរហូតដល់អាចចុះក្នុងបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយរបស់មនុស្សជាតិបាន?

យោងតាមសៀវភៅ ​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ បោះពុម្ពផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យបានបញ្ជាក់​ឱ្យ​ដឹងថា “... ល្បែង​ទាញព្រ័ត្រ​នេះ​មាន​លេង​នៅ​ទូទាំង​ប្រទេស ហើយ​គេ​លេង​តែ​ក្នុង​ពិធី​អបអរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ គឺ​ក្នុង​ខែចេត្រ និង​ខែ​ពិសាខ។ ... សមាសភាព​អ្នកលេង​ល្បែង​នេះ​គឺ​គេ​ត្រូវ​បែង​ចែក​ជា​២​ក្រុម ដោយ​ក្រុម​ម្ខាងៗ​មាន​អ្នកលេង​យ៉ាងតិច​៥​នាក់ ឬ​ចាប់ពី​១០​នាក់​ឡើង​ទៅ​។ តាម​ទម្លាប់​ជាក់ស្ដែង អ្នកស្រុក ដែល​និយម​ល្បែង​នេះ​ថា បើ​មាន​មនុស្ស​ស្រី​ចូល​លេង​ផង គេ​តែង​បែងចែក​ឱ្យ​ស្រីៗ​នៅ​ម្ខាង ប្រុសៗ​នៅ​ម្ខាង ហើយ​គេ​យល់ថា​ភេទ​ស្រី​តែង​មាន​កម្លាំង​ខ្សោយ​ជាង​បុរស គេ​តែង​ដាក់​ខាង​ស្រី​ឱ្យ​មាន​ចំនួន​ច្រើន​លើស​ចំនួន​ខាង​ប្រុស​យ៉ាងតិច​ត្រឹម​២​នាក់​ជានិច្ច។

 ដោយឡែក ចំពោះអត្ថន័យនៃល្បែងនេះវិញត្រូវបានប្រធាន​មជ្ឈមណ្ឌល​សិក្សា​អំពី​ខ្មែរ និង​ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ លោក សំបូរ មាណ្ណារ៉ា ធ្លាប់មាន​ប្រសាសន៍ផ្ដល់បទសម្ភាសដល់សារព័ត៌មានក្នុងស្រុកថា “បុព្វបុរស​ខ្មែរ​បាន​បង្កើត​ល្បែង​ប្រជាប្រិយ​នេះ​ឡើង​សម្រាប់​ជា​ការ​កម្សាន្ត​សប្បាយ​ផង និង​បង្កប់​អត្ថន័យ​អប់រំ ផ្សព្វផ្សាយ​ពី​អត្តសញ្ញាណ​ជាតិខ្មែរ​ផង”។ ម្យ៉ាងវិញទៀត តាម​អ្នកស្រាវជ្រាវ​ពី​សិល្បៈ​ទំនៀមទម្លាប់​ខ្មែរបានបញ្ជាក់បន្ថែមថា ល្បែង​ទាញព្រ័ត្រ​អាច​ក្លាយ​ពី​រឿងរ៉ាវ​ក្នុង​ទេវកថា កូរ​សមុទ្រ​ទឹកដោះ ដែល​ជា​រឿង​ក្នុង​ព្រហ្មញ្ញសាសនា ដែល​ខ្មែរ​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា។

ដោយមូលឃើញពិការឱ្យតម្លៃ ពីអាយុកាល និងពីអត្ថន័យ ដ៏មិនអាចកាត់ថ្លៃបាននេះហើយ ទើបកម្ពុជាបានដាក់សំណើ ហើយអង្គការយូណេស្កូក៏ទទួលការស្នើ ដោយយល់ព្រមក្នុងការ បញ្ចូល​ល្បែងទាញព្រ័ត្រជាសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​របស់​មនុស្សជាតិ​កាលពីថ្ងៃទី ០២ ខែធ្នូ ​ឆ្នាំ​២០១៥ កន្លងទៅនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត