អភិបាលរងខេត្តបាត់ដំបង ពន្យល់ពលរដ្ឋពីសង្រ្គាមនៅអ៊ុយក្រែន បានរំលេចនូវតម្លៃពិតនៃសន្តិភាពនៅកម្ពុជា
អាន ប៊ុនរ័ត្ននៈ
15 មីនា 2022 02:00 PM

(ខេត្តបាត់ដំបង)៖ អភិបាលរងខេត្តបាត់ដំបង ឯកឧត្តម ធូ ភា បានថ្លែងដោយសុទិដ្ឋិនិយមថា សង្រ្គាមនៅប្រទេសអ៊ុយក្រែន បានរំលេចនូវតម្លៃពិតប្រាកដនៃសន្តិភាព ដែលមនុស្សនៅលើពិភពលោកទាំងអស់ត្រូវការបំផុត។ ប្រជាជននៅលើពិភពលោកពីមុនពួកគាត់មិនទាន់យល់អំពីតម្លៃនៃសន្តិភាព ប៉ុន្តែបច្ចុប្បន្ន ពួកគេកំពុងយល់កាន់តែច្បាស់ពីតម្លៃនៃសន្តិភាព ជាពិសេសប្រទេសដែលធ្លាប់ទទួលរងគ្រោះពីសង្រ្គាម...។

ឯកឧត្តម ធូ ភា ក៏បានអំពាវនាវដល់ប្រជាជនគ្រប់រូប សូមកុំចូលរួមតវ៉ាដោយខុសច្បាប់ កុំចូលរួមប្រឆាំង និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលនាំឱ្យសង្គមជាតិមានការវឹកវរ បាត់បង់ឱកាសក្នុងការកសាងប្រទេសជាតិ។ សង្រ្គាមមិនត្រឹមតែនាំមកនូវវិនាសកម្មគ្រប់បែបយ៉ាងដល់សង្គមជាតិប៉ុណ្ណោះទេ សង្រ្គាមបានបំផ្លាញក្រុមគ្រួសារឱ្យព្រាត់ប្រាស់ បែកបាក់ ក្លាយជាស្ត្រីមេម៉ាយ កុមារកំព្រា និងជនពិការ ហើយចុងក្រោយនៅសល់តែគំនរផេះផង់តែប៉ុណ្ណោះ។

ឯកឧត្តម ធូ ភា ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានរៀបចំឱ្យសមណសិស្ស និស្សិត ធ្វើពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២ ម្សិលមិញ។ព្រះពុទ្ធសាសនា ផ្តល់នូវការអប់រំដល់សមណនិស្សិត-សិស្ស ទទួលបាននូវចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ក្លាយជាអ្នកអប់រំ ជាអ្នកដឹកនាំ ឱ្យមានសមត្ថភាពខ្ពស់ ក្នុងការផ្ដល់មគ្គុទ្ទេសន៍ដល់ប្រជាពុទ្ធបរិស័ទ និងក្លាយទៅជាអ្នកប្រាជ្ញដ៏សំខាន់នៃធនធានមនុស្សរបស់ជាតិយើង។

សាកលវិទ្យាធិការនៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង បានបញ្ជាក់ថា រៀងរាល់ឆ្នាំ នៅពេលដែលសមណនិស្សិត និស្សិតសិក្សាឆ្នាំទី៤ គណៈ គ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យ តម្រូវឱ្យនិស្សិតទាំងអស់សរសេរសារណាសិក្សាស្រាវជ្រាវចងក្រងឯកសារពាក់ព័ន្ធនឹងប្រធានបទដែលខ្លួនពេញចិត្ត មានសាស្ត្រាចារ្យដឹកនាំមួយរូប ដោយប្រើពេល៦ខែ បន្ទាប់ពីក្រុមនីមួយសរសេរចប់ គឺត្រូវការពារសារណារបស់ខ្លួន ដើម្បីបញ្ចប់ការសិក្សា ដែលនេះត្រូវបានចាត់ទុកថា គឺជាការបណ្តុះគ្រាប់ពូជដ៏ល្អ ទាំងនៅក្នុងវិស័យព្រះពុទ្ធសាសនា និងធនធានមនុស្សដ៏សម្បូរបែប ដើម្បីជួយជំរុញនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងមានការអភិវឌ្ឍដូចបណ្តាអារ្យប្រទេសនានាលើសកលលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត