
សត្វ គឺជាផ្នែកមួយនៃធម្មជាតិ មិនខុសគ្នាប៉ុន្មានពីមនុស្សយើងដែរ។ ប្រការនេះយើងអាចយល់បានថា ដោយសារតែក្នុងធម្មជាតិនេះ យើងមិនអាចស្រាវជ្រាវដឹងអស់ថាមានរឿងអ្វីកើតឡើង ទើបបណ្ដាលឱ្យបុព្វបុរសយើងពីជំនាន់មុនៗ យកប្រភេទសត្វមួយចំនួនភ្ជាប់ទៅនឹងរឿងរ៉ាវបែបអរូបិយផ្សេងៗ និងខ្លះជាប់ទាក់ទងនឹងជំនឿសាសនា រហូតវាបានក្លាយជាជំនឿចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតប្រជាជនខ្មែរយើងនាពេលបច្ចុប្បន្ន។ ក្នុងនោះមានដូចជា ជំនឿលើពស់ថ្លាន់ និងអំពិលអំពែកចូលផ្ទះជាដើម។ យោងតាមកម្រងឯកសារស្ដីពីប្រពៃណី និង ទំនៀមទម្លាប់ខ្មែរ ដែលជាការៀបរៀងដោយព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ បានបញ្ជាក់ថា៖

ពស់ ឬថ្លាន់ចូលផ្ទះ៖
សត្វលូនទាំងពីរបែបនេះ ជាធម្មតាមិនសូវចូលចិត្តមនុស្សម្នា ឬមិនដែលរស់នៅក្នុងផ្ទះមនុស្សទេ លើកលែងតែពស់សង់សឿ ដែលវាចូលមកលំនៅស្ថានមនុស្សម្ដងម្កាល ដើម្បីចាប់កណ្ដុរស៊ីជាអាហារ ។ ពស់ដែលគេធ្លាប់ឃើញចូលផ្ទះ ដោយចៃដន្យនោះ គឺពស់ព្រៃ និងពស់ថ្លាន់។ ពស់ទាំងពីរប្រភេទនេះ មានចរិតស្លូតបូត មិនសាហាវដូចពស់អសិរពិសផ្សេងៗទៀតឡើយ។ បើកាលណាវាចូលមកនៅលើផ្ទះ ក្រោមផ្ទះនោះ ចាស់ពីបុរាណកំណត់ថាវាមកឱ្យសុខសប្បាយទេ មិនបង្កនូវភ័យអន្តរាយបែបណាមួយឡើយ ។ កាលណាឃើញវាចូលមក គេត្រូវចាប់វាថ្នមៗ ហើយបបោសអង្អែលលាបប្រេង លាបម្សៅរួចដុតធូប និយាយដូច្នេះថា "ឯងចូលមកផ្ទះយើងនេះ សូមឯងនាំយកមកនូវលាភជ័យ សេចក្ដីសុខ សេចក្ដីចម្រើន សុភមង្គលដល់យើង យើងលែងឯងឱ្យមានសេរីភាព ចូរឯងទៅរស់នៅក្នុងព្រៃឱ្យបានសេចក្ដីសុខចុះ " ។

អំពិលអំពែកចូលផ្ទះ៖
អំពិលអំពែកជាសត្វដង្កូវម្យ៉ាង មានជាតិហ្វូសហ្វ័រភ្លឺភ្លិបភ្លែតៗ នៅត្រង់ពោះរបស់វា ។ នៅពេលយប់ ជាពិសេសនៅរដូវវស្សាដែលមានភ្លៀងធ្លាក់ជោគជាំ អំពិលអំពែកកើតកូនកើតចៅជាច្រើន។ លុះពេលព្រលប់មកដល់ វាហើរព្រោងព្រាតបញ្ចេញពន្លឺភ្លិបភ្លែតៗ ពាសពេញព្រៃ ឬពាសពេញភូមិ។ សត្វអំពិលអំពែកចូលចិត្តហើរលេងសប្បាយតាមវាលស្មៅ នៅទីធ្លាក្បែរផ្ទះក្នុងភូមិ។ ប្រការដែលគួរឱ្យកត់សម្គាល់ គឺវាកម្រនឹងហើរចូលមកក្នុងផ្ទះណាស់ ។ ប៉ុន្តែ ជាចៃដន្យបើវាហើរចូលក្នុងផ្ទះ ទោះបីលើ ឬក្រោមផ្ទះក្ដី ចាស់បុរាណទាយថាវានាំយកលាភសក្ការៈមកឱ្យម្ចាស់ផ្ទះនោះ។ ជួនកាលអំពិលអំពែកនៅហើរវីវក់ឆ្វែលចុះឆ្វែលឡើងក្នុងផ្ទះអស់ពេលយ៉ាងយូរ។ ជួនកាលវាចូលមកតែមួយភ្លែតក៏ចេញទៅវិញ ។ យោលទៅតាមបាតុភូតបែបនេះ ទំនាយក៏ទាយទៅតាមនោះដែរគឺថា បើវាចូលមកហើរចុះ ហើរឡើងអស់រយៈពេលយូរ គេជឿថានិងមានលាភធំណាស់។ តែបើចូលមកតែមួយភ្លែត ហើរចេញបាត់ទៅវិញ ទំនាយទាយថា មានលាភដែរ តែបានបន្តិចបន្តួចប៉ុណ្ណោះ។ អ្នកភូមិខ្លះៗនៃខេត្តកំពង់ធំ កាលបើឃើញអំពិលអំពែកហើរចូលផ្ទះ គេហាមកូនហាមចៅមិនឱ្យចាប់វាលេងឡើយ ព្រោះគេជឿថា បើកាលណាវាងាប់ដោយក្មេងចាប់ដៃធ្ងន់ពេកនោះ នឹងនាំឱ្យមានគ្រោះមហន្តរាយវិញ។ គេបង្គាប់កូនចៅឱ្យសូត្រជាបទស្មើៗ ថា "អំពិលអំពែកអើយកុំទៅផ្ទះគេ គេចាប់គេចង មកផ្ទះបង បងឱ្យកងពាក់ បាក់មួយទៅ បងឱ្យមួយទៀត ..." យ៉ាងនេះជាដើម ។

ទោះបីជាយ៉ាង នេះគ្រាន់តែជាសិក្សាស្រាវជ្រាវ ចងក្រងអំពីជំនឿទាំងនេះទុកជាមេរៀន ឬជាឯកសារសម្រាប់បង្ហាញដល់កូនខ្មែរជំនាន់ក្រោយតែប៉ុណ្ណោះ។ ដូច្នេះមិនមែនមានន័យថា តម្រូវឱ្យមិត្តអ្នកអាននិងអ្នកស្ដាប់ត្រងត្រាប់និងជឿតាមជំនឿទាំងនេះនោះឡើយ។
ទោះយ៉ាងណា ជំនឿដែលមិនសមហេតុផលមួយចំនួន ត្រូវបានគេឱ្យឈ្មោះថា ជាជំនឿ “មង្គលភ្ញាក់ផ្អើល” ដែលចេះតែជឿផ្អើលតាមគ្នាតែប៉ុណ្ណោះ។ ទាក់ទិននឹងបញ្ហានេះព្រះគ្រូបញ្ញាវិសុទ្ធិរង្សី ខាវ សារ៉ាក់ ជាប្រធានកម្មវិធីសំឡេងព្រះធម៌អប់រំចិត្តតាមមាគ៌ាព្រះពុទ្ធសាសនា និងជាព្រះសង្ឃគង់នៅវត្តចាក់អង្រែលើមានសង្ឃដីកាថា “មង្គលភ្ញាក់ផ្អើល” គឺមានន័យថាបុគ្គលនោះឯង មិនប្រកបទៅដោយសម្មាទិដ្ឋិនោះទេ។ ហើយការធ្វើអំពើកុសលក៏អត់ប្រកបដោយបញ្ញានោះដែរ។ ដែលនិយាយថា អត់ប្រកបដោយបញ្ញានោះទេ គឺអសទ្ធា។ ដែលហៅថាអសទ្ធានោះគឺ ការជឿនោះមិនប្រកបដោយបញ្ញា ហើយមិនមានការជឿទៅលើកម្មនិងផលនោះទេ។ ហើយបុគ្គលនោះឯងមិនទាន់បានដល់នូវព្រះត្រៃសរណគមន៍នោះទេ។ បើយកព្រះត្រៃសរណគមន៍ជាទីពឹង ជាទីរលឹកគឺមិនយកមង្គលភ្ញាក់ផ្អើលនោះ យកទៅប្រព្រឹត្តបដិបត្តិនោះទេ។ បុគ្គលខ្លះជឿទៅលើដើមចេកដែលដុះមកច្រងេងច្រងាង ជឿទៅលើជ្រូកជើង៥ ជឿទៅលើគោចេញមកក្បាលពីរ ហើយយកធ្វើសក្ការបូជា យកវត្ថុនោះជាទីពឹងជាទីរលឹករបស់គេ ហើយមកធ្វើពិធីបួងសួង ធ្វើពិធីបួងសួងសុំសេចក្ដីសុខ។ ប៉ុន្តែបើគេជឿទៅលើ “មង្គល” គឺឱ្យតែចេញពន្លឺព្រះអាទិត្យមកគឺគេថា មង្គល របស់គេហើយ មិនបាច់អុជធូបអុជទៀននោះទេ។ គឺជាសទ្ធារបស់គេប្រកបទៅដោយបញ្ញា ឬក៏មិនបាច់ទៅយកការបួងសួង ការទៅយកវត្ថុអ្វីជាទីពឹងនោះទេ។ ទ្រឹស្ដីព្រះពុទ្ធសាសនាគឺគេជឿលើកម្មផល។ បើគេធ្វើអំពើល្អវាបានផលល្អហើយ ធ្វើអំពើអាក្រក់បានផលអាក្រក់។

ស្ថិតក្នុងព្រះទ័យជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ព្រះគ្រូបញ្ញាវិសុទ្ធិរង្សី ខាវ សារ៉ាក់ ក៏មាន សង្ឃដីកាក្នុងន័យជាការទេសនាដល់ញាតិញោមពុទ្ធបរិស័ទឱ្យដឹងថា …
ដើម្បីឱ្យជីវិតសត្វលោក រស់នៅនិងចេះសោយសុខក្នុងបច្ចុប្បន្នភាព ប្រាកចាកឆ្ងាយពីការពឹងនូវជំនឿនិងកម្លាំងខាងក្រៅខ្លួនខ្លាំងពេក យើងត្រូវតែបំពេញនូវឥទ្ធិបាទធម៌។ ឥទ្ធិបាទធម៌គឺជាធម៌មួយ ដែលសុខទាំងបច្ចុប្បន្ន សុខទាំងបរលោក។ ទីមួយ យើងមានឆន្ទះ។ ឆន្ទះនោះគឺពេញចិត្តនៅក្នុងការកសាងកុសល ពេញចិត្តក្នុងការធ្វើកិច្ចការងារមិនថាការងារតូចឬការងារធំ។ ទីពីរ វីរិយ គឺការព្យាយាម។ គឺយើងត្រូវមានការព្យាយាមសិក្សា ឈ្វេងយល់ទាំងផ្លូវលោក និងផ្លូវធម៌ រួមទាំងព្យាយាមកុំឱ្យចិត្តបាបចូលក្នុងខ្លួន។ ព្រោះចិត្តគឺជាប្រធានប្រធាន ការគ្រង់គ្រងចិត្តបានល្អក្ដីមិនបានល្អក្ដី គឺញ៉ាំងជីវិតរបស់យើងឱ្យទៅនរក ឬឋានសួគ៌នោះឯង៕


