
ការផ្ដល់ជូនក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់៖
ក្ដីស្រឡាញ់មិនត្រឹមតែផ្តោតលើការស្រឡាញ់រវាងគូស្នេហ៍ ឬវាងបុគ្គលពីរនាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចតំណាងឱ្យក្ដីស្រឡាញ់ដែលអ្នកមានចំពោះគ្រួសារ មិត្តភក្តិ និងមនុស្សជុំវិញខ្លួនរបស់អ្នកផងដែរ។ សម្រាប់ថ្ងៃដ៏ពិសេសនេះ មនុស្សជុំវិញពិភពលោកតែងតែអបអរវាជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ និងមនុស្សជុំវិញខ្លួនដោយការជួបជុំ និងការផ្ដល់ជូននូវកាដូដើម្បីបញ្ជាក់ពីក្ដីស្រឡាញ់ ក៏ដូចជាបង្ហាញពីការ ដឹងគុណរវាងសមាជិកគ្រួសារ និងបង្ហាញពីក្ដីស្រឡាញ់ក្នុងចំណោមមិត្តភក្តិផងដែរ។ ម៉្យាងវិញទៀត យើងក៏បានឃើញកុមារងាយរងគ្រោះជាច្រើននាក់ ដែលមិនអាចទទួលបានក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់គ្រប់គ្រាន់មិនត្រឹមតែនៅក្នុងថ្ងៃដ៏ពិសេសនេះប៉ុណ្ណោះទេ ប៉ុន្តែជារៀងរាល់ថ្ងៃនៃជីវិតរបស់ ពួកគេ ដោយសារតែពួកគេតែងតែរវល់ខ្វល់ខ្វាយពីវិធីរកអាហារចិញ្ចឹមក្រពះ ក៏ដូចជារកដំណោះស្រាយចំពោះបញ្ហាជីវភាពប្រចាំថ្ងៃរបស់ពួកគេ។

នៅក្នុងទិវានៃក្ដីស្រឡាញ់ឆ្នាំនេះ ក្រុមហ៊ុន Prestige Homes Cambodia រួមជាមួយនឹង ក្រុមហ៊ុន Urban Rental Management, CDX Residence, One OASIS Wellness Spa, និង GW Cafe បានរួមគ្នា រៀបចំកម្មវិធីសប្បុរសធម៌ដ៏ពិសេសមួយនៅ អង្គការផ្ទះបាយកុមារ (LRDE)។ នៅក្នុងកម្មវិធីសប្បុរសធម៌ ដ៏ពិសេសនេះ ហាង GW Cafe បានចូលរួមចំណែកយ៉ាងធំ ដោយពួកគេបានរៀបចំផ្ដល់ជូនអាហារ ចំនួន 300 កញ្ចប់ដែលរួមមានអាហារពីរមុខនិងភេសជ្ជៈពីរមុខ ដើម្បីផ្ដល់ជូនដល់កុមារងាយរងគ្រោះ ទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌នៅ អង្គការផ្ទះបាយកុមារ (LRDE)។

ជាលទ្ធផលនៃកម្មវិធីសប្បុរសធម៌ដ៏ពិសេសនេះ កុមារទាំងអស់អាចទទួលបាននូវក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ដែលពួកគេសមនឹងទទួលបាន ដោយសារវត្តមាននិងការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ។ ដូចគ្នានេះដែរ កុមារមិនត្រឹមតែទទួលបានភាពរីករាយជាមួយអាហារ និងភេសជ្ជៈដែលផ្តល់ឱ្យក្នុងកម្មវិធីនេះប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានចូលរួមលេងជាមួយល្បែងកម្សាន្តផ្សេងៗដែលរៀបចំដោយក្រុមហ៊ុនទាំងប្រាំ ដើម្បីផ្ដល់ជូននូវស្នាមញញឹម ដល់កុមារងាយរងគ្រោះទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ។ លើសពីនេះទៅទៀត រាល់សកម្មភាពក្នុងកម្មវិធីសប្បុរសធម៌នេះក៏អាចផ្ដល់ជូននូវអារម្មណ៍នៃការទទួលបាននឹង សេចក្ដីស្រឡាញ់ដែលអាចជួយបង្កើតភាពកក់ក្ដៅទៅដល់ពួកគេផងដែរ។

ពួកយើងក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រុមហ៊ុនទាំងអស់រួមមាន Prestige Homes Cambodia, Urban Rental Management, CDX Residence, GW Cafe, និង One Oasis Wellness Spa ដែលបានលះបង់ពេលវេលា និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការ ផ្ដល់ជូនដល់កុមារដែលងាយរងគ្រោះទាំងអស់នៅ អង្គការផ្ទះបាយកុមារ (LRDE) ដោយក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ក៏ដូចជាបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះបេសកកម្មរបស់ អង្គការផ្ទះបាយកុមារ (LRDE) ក្នុងការផ្ដល់ទីជម្រក និងអាហារដល់កុមាររដែលងាយរងគ្រោះទាំងអស់នេះ៕


