
ជាទូទៅការយល់សប្ដិ គឺមានច្រើនទម្រង់ ច្រើនសណ្ឋានទៅតាមមនុស្សម្នាក់ៗ។ ប៉ុន្តែ ក៏មានយល់សប្ដិមួយចំនួនធំយើងអាចកាត់សេចក្ដីជារួម ដោយមានការយល់ឃើញស្រដៀងៗគ្នា ឬដូចគ្នាតែម្ដង។ ក្នុងនោះមានដូចជាយល់សប្ដិឃើញ “ពស់ចឹក” មានន័យថាបានជួបគូស្រករ។ យល់សប្ដិឃើញ “បាក់ធ្មេញចេញឈាម” គឺមានសាច់ញាតិស្លាប់ជាដើម។ ចុះ តើសុបិនឃើញត្រីហែលក្នុងទឹក មានអត្ថន័យយ៉ាងណាដែរ?

អ្នកជំនាញផ្នែកហុងស៊ុយបានបង្ហើបឱ្យដឹងថា សុបិនឃើញត្រីហែលក្នុងទឹកថ្លាជាសញ្ញាបង្ហាញពីលុយ និងអំណាច។ លោកអ្នកជ្រាបទេ? ដោយសារតែការខិតខំប្រឹងប្រែងកែលម្អស្ថានភាពជីវិត នោះអ្នកនឹងទទួលបានរង្វាន់ជាទ្រព្យសម្បត្តិដ៏មហាសាលតាមរយៈការឱ្យដឹងរបស់សុបិនមួយនេះ។ អ្នកនឹងជួបប្រទះនឹងការកើនឡើងនៃអំណាច ដែលអ្នកនឹងដឹកនាំវិថីជីវិតខ្លួនឯង គ្រួសារនិងមនុស្សក្បែរខ្លួនឆ្ពោះទៅកាន់គោលដៅរួមមួយពេញដោយសិរីល្អ។ មិនតែប៉ុណ្ណោះ ក្ដីសុបិននេះផ្តល់កម្លាំងចិត្តសម្រាប់មនុស្សម្នាក់ឱ្យបន្តការខិតខំប្រឹងប្រែងរហូតទទួលបានជ័យជម្នះ។

ម្យ៉ាងវិញទៀត ប្រសិនបើអ្នកសុបិនឃើញត្រីហែលឆ្ពោះទៅផ្ទៃទឹក នោះមានន័យថាអ្នកនឹងទទួលបានរបស់ល្អៗ គាប់ប្រសើរដែលអ្នកប៉ងចង់បានមកជាយូរ។ សុបិននេះបង្ហាញថា មនុស្សម្នាក់នឹងក្លាយជាមនុស្សជោគជ័យក្នុងកិច្ចការដែលបានធ្វើព្រោះអ្វីៗទាំងអស់នឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ សម្រាប់បុគ្គលដែលធ្វើការតាមវិស័យរដ្ឋនិងឯកជនក្ដី វាអាចទាក់ទងនឹងការដំឡើងឋានៈនៅកន្លែងធ្វើការ ឬមានការដំឡើងប្រាក់ខែ។ វាអាចតំណាងឱ្យពិន្ទុល្អសម្រាប់សិស្សានុសិស្សដែលបានតស៊ូដើម្បីសម្រេចបាននូវអ្វីដែលអស្ចារ្យនៅក្នុងជីវិតសិក្សារបស់ពួកគេ។ ក្ដីសុបិននេះផ្តល់ក្ដីសង្ឃឹមដល់អ្នកដែលតស៊ូអស់មួយរយៈហើយចង់បោះបង់ដោយសារតែមិនបានជោគជ័យក្នុងគ្រាមុនៗ។

កាន់តែពិសេស ការឃើញត្រីហែលក្នុងទឹកជ្រៅក្នុងសុបិនមានន័យថាអ្នកនឹងប្រឈមមុខនឹងបញ្ហា ឬកំពុងស្ថិតក្នុងគ្រាលំបាក។ នេះមានន័យថាបុគ្គលម្នាក់គួរតែត្រៀមខ្លួនដើម្បីប្រឈមមុខនឹងបញ្ហាទាំងនោះ ហើយធ្វើការឆ្ពោះទៅរកការកែតម្រូវការសម្រេចចិត្តខុសដែលបានធ្វើឡើង ដើម្បីឱ្យខ្លួនរួចផុតពីបញ្ហា។ វាគឺជាសុបិនដែលបង្ហាញពីស្ថានភាពបច្ចុប្បន្នរបស់អ្នក ឬអ្វីដែលត្រូវរំពឹងទុកសម្រាប់ការត្រៀមរៀបចំមុនគេ រួមនឹងអំពីរបៀបប្រឈមមុខនឹងវាផងដែរ។
ដូច្នេះ ជាទូទៅ សុបិនឃើញត្រីហែលក្នុងទឹកគឺជាដំណឹងល្អសម្រាប់អ្នកដែលខំប្រឹងធ្វើការ។ វាផ្ដល់ក្ដីសង្ឃឹមថា អ្នកនឹងទទួលបានរង្វាន់ ឬមានគោលដៅថ្មីឆ្ពោះទៅកាន់លទ្ធផលសម្រេចដ៏គាប់ប្រសើរមួយ៕


