វិធីងាយៗ ដើម្បីបន្ធូរអារម្មណ៍តានតឹង
ភូមិន្ទ
25 កុម្ភៈ 2022 01:00 AM

ប្រសិនបើលោកអ្នកសង្កេតឃើញថា លោកអ្នកតែងតែមានអារម្មណ៍ ធុញថប់តប់ប្រមល់ខ្សោះល្វើយខ្លាំង ក្រោយពីភ្ញាក់ពីដំណេក នោះមានន័យថា វាអាចបណ្ដាលមកពីការថយចុះនៃលំហូរឈាមនិងចរន្តអុកស៊ីសែននៅក្នុងខ្លួនបន្ទាប់ពីគេងពេញមួយយប់ ឬធ្វើការហត់អស់កម្លាំងពេញមួយថ្ងៃ។ វាគឺជារឿងគួរឱ្យធុញទ្រាន់មួយ ប៉ុន្តែ បញ្ហាមួយនេះ លោកអ្នកអាចកែខែល្អប្រសើរវិញបាន​ដោយអនុវត្តិនូវវិធីសាស្ត្រមួយចំនួនខាងក្រោម៖

១/. ធ្វើលំហាត់ប្រាណ និងសមាធិ៖ យើងអាចធ្វើលំហាត់ប្រាណតាមយុទ្ធសាស្ត្រងាយៗនៅផ្ទះដើម្បីបន្ធូរអារម្មណ៍តានតឹងនិងធ្វើឱ្យរាងកាយ ចិត្តគំនិត បានស្ងប់ ដូចជា អង្គុយនៅកន្លែងស្ងាត់និងមានសុវត្ថិភាពដូចជានៅលើគ្រែរឺកម្រាលឥដ្ឋនៅក្នុងផ្ទះ បន្ទាប់មកដាក់ដៃម្ខាងដាក់លើពោះរបស់អ្នក។ ដកដង្ហើមចូលទៅក្នុងពោះចំនួនបីដងយឺតៗ ហើយបន្ទាប់មកដកដង្ហើមចេញទៅវិញចំនួនបីដងយឺតៗដូចគ្នា។ សូមចាប់អារម្មណ៍នៅផ្នែកក្បាលពោះរបស់អ្នកដែលប៉ោងងើបឡើង ហើយធ្លាក់ចុះនៅពេលអ្នកដកដង្ហើមចូលនិងចេញ។ ចូរធ្វើម្ដងទៀតចំនួនប្រាំដងឬរហូតដល់អ្នកទទួលបានអារម្មណ៍ធូរស្បើយ។

២/. កាត់បន្ថយភាពតានតឹងផ្នែករាងកាយ៖ នៅពេលយើងមានអារម្មណ៍តានតឹងខាងផ្លូវចិត្តយើងច្រើនតែមានអារម្មណ៍តានតឹងផ្នែករាងកាយផងដែរ។ ចូរអង្គុយលើផ្ទៃទន់ដូចជាគ្រែកម្រាលព្រំឬកន្ទេលយូហ្គា។ ធ្វើចលនាដៃនិងជើងយឺតៗ ហើយបន្ធូរអារម្មណ៍ទៅតាមចង្វាក់នៃសាច់ដុំ រហូតទាល់តែទទួលបានអារម្មណ៍ថាខ្លួនអ្នកលែងស្ពឹកស្រពន់។

៣/. ការបញ្ចេញគំនិតមកក្រៅ៖ ការសរសេរជាកំណត់ហេតុបង្ហាញពីការយល់ឃើញផ្សេងៗ គឺជាវិធីសាស្ត្រល្អមួយជួយឱ្យអារម្មណ៍អ្នកបានធូរស្បើយ។ នៅពេលដែលអ្នកមានអារម្មណ៍តប់ប្រមល់សូមចំណាយពេលពីរបីនាទីដើម្បីសរសេរកំណត់ហេតុខ្លីៗ អំពីអារម្មណ៍របស់អ្នក។ អ្នកអាចធ្វើដូច្នេះនៅក្នុងសៀវភៅកត់ត្រាឬនៅក្នុងកម្មវិធីចំណាំនៅលើស្មាតហ្វូនរបស់អ្នក។ សូមកុំបារម្ភពីឃ្លោងឃ្លាឬអក្ខរាវិរុទ្ធដែលសរសេរខុស គឺគ្រាន់តែផ្ដោតលើអារម្មណ៍របស់អ្នកតែម្យ៉ាងប៉ុណ្ណោះ ថាចង់គូសវាសពីអ្វី។

៤/.  ភ្ជាប់ខ្លួននឹងធម្មជាតិ៖ ចំណាយពេលត្រឹមតែពីរបីនាទីជាមួយនឹងធម្មជាតិពេលអ្នកមានអារម្មណ៍តានតឹងវាពិតជាអាចជួយបន្ធូរអារម្មណ៍របស់អ្នកបាន។ អ្នកវិទ្យាសាស្ត្របានរកឃើញថាការក្រឡេកមើលរូបភាពនៃប្រភពដើមរបស់ធម្មជាតិដែលមានពណ៌បៃតងក្នុងរយៈពេល ៥ នាទីអាចជួយឱ្យអ្នកស្ងប់អារម្មណ៍បាន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត