ចង់ដឹងទេ! តើមនុស្សដែលចូលចិត្តពណ៌ខ្មៅ មានបុគ្គលិកលក្ខណៈបែបណា?
ភូមិន្ទ
19 កុម្ភៈ 2022 01:00 AM

ជាការពិត មនុស្សម្នាក់ៗ​មានការចូលចិត្តពណ៌ផ្សេងៗគ្នា ក្នុងហេតុផលដូចគ្នា ឬផ្សេងគ្នា។ អ្នកជំនាញផ្នែកចិត្តវិទ្យាបានរកឃើញថា ការចូលចិត្តពណ៌ផ្សេងគ្នាឬដូចគ្នារបស់បុគ្គលម្នាក់ៗ គឺស្រស្រ័យទៅលើកត្តាចិត្តសាស្ត្រនិងបុគ្គលិកលក្ខណៈរបស់បុគ្គលនោះ ដែល SBM News នឹងលើកមកបង្ហាញជូនត្រួសៗដូចខាងក្រោមនេះ៖

ចិត្តវិទ្យាពណ៌នៃខ្មៅ

បុគ្គលដែលចូលចិត្តពណ៌ខ្មៅ​មានលក្ខណៈចិត្តសាស្ត្រប្រែប្រួលយ៉ាងទូលំទូលាយពីកំណើត ដែលអាចមានន័យថា គ្មានការប្រកាន់ខ្ជាប់ ឬអ្វីជាតំណាងឱ្យខ្លួនឯងច្បាស់លាស់មួយនោះទេ។ ពោលគឺមានភាពបត់បែន និងឈ្លាសវៃ។ យោងតាមអ្នកវិទ្យាសាស្ត្រអាឡឺម៉ង់ Hermann von Helmholz បានឱ្យដឹងថា "ខ្មៅគឺជាអារម្មណ៍ពិត ទោះបីជាវាត្រូវបានផលិតដោយអវត្ដមាននៃពន្លឺក៏ដោយ។ អារម្មណ៍នៃពណ៌ខ្មៅគឺខុសគ្នាយ៉ាងខ្លាំង ពីអារម្មណ៍នៃពណ៌ទាំងអស់" ។ បន្ថែមពីនេះ សម្រាប់អ្នកខ្លះ ពណ៌ខ្មៅបង្ហាញពីទំនាក់ទំនងវិជ្ជមាន រួមទាំងភាពទាក់ទាញ និងភាពឆើតឆាយ។ នេះហើយជាមូលហេតុដែលមនុស្សជាច្រើនជ្រើសរើសស្លៀកពាក់ខ្មៅនៅពេលចូលរួមក្នុងព្រឹត្តិការណ៍ដ៏ប្រណីតៗ ឬរាត្រីសមោសរធំៗ។ វាក៏ជាមូលហេតុដែលម៉ាកយីហោលំដាប់ខ្ពស់ដូចជា Tiffany & Co. និង Chanel ប្រើប្រាស់ពណ៌ខ្មៅនៅក្នុងនិមិត្តសញ្ញារបស់ពួកគេ។ និយាយដល់សង្គមមនុស្សជាន់ខ្ពស់ ពណ៌ខ្មៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងអំណាច ហើយការយល់ឃើញបែបនេះ គឺមានជាយូរលង់ណាស់មកហើយ។

ភាពអវិជ្ជមាន

ទោះយ៉ាងណាក៏ដោយ មនុស្សជាច្រើនប្រើពណ៌ខ្មៅដើម្បីតំណាងឱ្យអ្វីៗទាំងអស់ដែលអវិជ្ជមាន។ ពេញមួយប្រវត្តិសាស្ត្រ ពណ៌ដ៏ខ្មៅងងឹតនេះត្រូវបានចងភ្ជាប់ទៅនឹងការស្លាប់ និងគ្រប់រឿងអាក្រក់ទាំងអស់។ វា​ជំរុញ​ឱ្យ​មាន​អារម្មណ៍​ខ្លាំង​នៃ​ការ​ខឹង​សម្បារ ការ​ឈ្លានពាន ការ​ភ័យ​ខ្លាច និង​ការ​សោកសៅ។ ទំនាក់ទំនងរវាងពណ៌ខ្មៅ និងអវិជ្ជមានគឺត្រូវបានគេមើលឃើញយ៉ាងច្បាស់បំផុតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ការប្រើពណ៌ខ្មៅនៅក្នុងហុងស៊ុយ

ក្នុង​ហុងស៊ុយ ជា​វិធី​ធ្វើ​ឱ្យ​ផ្ទះ ការិយាល័យ និង​បរិស្ថាន​ផ្សេង​ទៀត​ចុះ​សម្រុង​គ្នា ដែលពណ៌​នីមួយៗ​គឺតំណាង​ឱ្យ​ធាតុ​ហុងស៊ុយទាំងនោះ។ ពណ៌ខ្មៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងធាតុទឹក និងធ្វើឱ្យមានថាមពល អាថ៌កម្បាំង និងស្ងប់ស្ងាត់។

ខាងក្រោម​នេះ​ជា​គន្លឹះ​មួយចំនួន​សម្រាប់​ប្រើ​ខ្មៅ​ក្នុង​ហុងស៊ុយ៖

-        ពិចារណាទ្វារខ្មៅសម្រាប់ទ្វារដែលបែរមុខទៅទិសខាងជើង ខាងកើត ឬភាគអាគ្នេយ៍។

-        ជ្រើសរើសពណ៌ខ្មៅសម្រាប់បន្ទប់កូនរបស់អ្នក ដើម្បីនាំមកនូវភាពស្ងប់ស្ងាត់ និងគំនិតច្នៃប្រឌិត។

-        ប្រសិនបើអ្នកមានការិយាល័យនៅផ្ទះ នៅភាគខាងជើងនៃផ្ទះរបស់អ្នក សូមលាបជញ្ជាំងមួយពណ៌ខ្មៅ។

-        លាបពណ៌ខ្មៅនៅក្នុងបន្ទប់មួយនៅភាគខាងជើងនៃកន្លែងរបស់អ្នក។

-        សាកល្បងពណ៌ខ្មៅ និងសនៅក្នុងបន្ទប់បោកគក់ ឬផ្ទះបាយរបស់អ្នក។

-        សាកល្បងដាក់គ្រឿងប្រើប្រាស់ពណ៌ខ្មៅដូចជា នៅជុំវិញផ្ទះរបស់អ្នក។

ទោះយ៉ាងណា ការចូលចិត្តពណ៌ខ្មៅរបស់មនុស្សមួយចំនួនវាអាចគ្រាន់តែជាទម្លាប់ ហើយវាអាចគ្រាន់តែជាពណ៌មួយជ្រើសរើសមកប្រើឱ្យស្របតាមកាលៈទេសៈតែប៉ុណ្ណោះ។ ដូច្នេះ មិនថាពណ៌ណានោះឡើយ គឺវាអាចសុទ្ធតែល្អ និងមានគុណតម្លៃ បើយើងចេះប្រើវាឱ្យត្រូវតាមកាលៈទេសៈ និងស្ថានការណ៍៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត