
នៅប្រទេសជប៉ុន ក៏មិនខុសពីកម្ពុជា ព្រោះថាបើផ្អែកលើអបិយជំនឿ ការកាត់ក្រចកពេលយប់គឺជារឿងដែលត្រូវបានហាមប្រាម ព្រោះគេជឿថាវានឹងនាំនូវគ្រោះអពមង្គលរហូតដល់ស្លាប់បាន។ ហេតុអ្វីបានជាជប៉ុននិងកម្ពុជាជឿទៅលើរឿងនេះ? ជំនឿនិងការយល់ឃើញទាំង៣ ខាងក្រោមនេះជាចម្លើយ៖
ការយល់ឃើញទី១៖ អ្នកនឹងសម្លាប់ខ្លួនឯងដោយចៃដន្យ
នៅក្នុងសតវត្សទី ២១ ដ៏សែនរីកចម្រើនជឿនលឿននេះ យើងមានឧបករណ៍ដ៏ទំនើបដែលហៅថា "ឧបករណ៍កាត់ក្រចក" ។ ទោះជាយ៉ាងណាក៏ដោយ ត្រលប់ទៅសម័យអេដូជប៉ុន (១៦០៣-១៨៦៨) ពួកគេមិនមានរបស់ប្រណិតទាំងនេះទេ ដូច្នេះនៅពេលដែលក្រចករបស់ពួកគេវែងពេក ពួកគេត្រូវយកកាំបិត ឬឧបករណ៍មុតស្រួចផ្សេងទៀតទៅកាត់ក្រចកពួកគេ។ ក្នុងជីវភាពជាអ្នកចម្ការ ដែលធ្វើការនៅវាលស្រែពេញមួយថ្ងៃ ពួកគេប្រហែលជាមិនមានពេលសម្រាប់កាត់ក្រចកនៅពេលថ្ងៃទេ ដូច្នេះហើយ ពួកគេត្រូវអង្គុយកាត់ក្រចតនៅក្រោមពន្លឺភ្លើង ឬព្រះចន្ទ។ កាំបិតមុតស្រួច បូករួមទាំងភាពងងឹតអាចប្រែក្លាយទៅជារឿងដ៏សោកសៅយ៉ាងឆាប់រហ័ស។ ដូច្នេះហើយ ទើបមានជំនឿហាមកាត់ក្រចកនៅពេលយប់។

ការយល់ឃើញទី២៖ អ្នកនឹងកាត់បន្ថយអាយុជីវិតរបស់អ្នក
កាលសម័យមុន ការកាត់ក្រចកនៅពេលយប់គឺកាត់នៅមុខភ្លើង ដែលអាចថាពេលដែលកាត់ ក្រចកខ្លះអាចនឹងធ្លាក់ចូល ខ្ទាតចូល ឬអ្នកនឹងបោះវាចូលទៅក្នុងភ្លើងដោយខ្លួនឯង ដែលក្លិននៃការដុតក្រចកនោះ គឺមិនខុសពីក្លិននៃការបូជាសពទេ។ ដូច្នេះវាមានន័យថា អ្នកបានផ្ញើសារទៅកាន់យមរាជដោយអចេតនាថា គឺអ្នកកំពុងអញ្ជើញគេឱ្យមកទទួលអ្នក នោះគឺជាសេចក្ដីស្លាប់។

ទ្រឹស្ដីទី ៣៖ អ្នកនឹងទាក់ទាញវិញ្ញាណនៃកំហឹង
ជាដំបូង វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា វាត្រូវបានគេជឿថា ព្រំដែនរវាងពិភពខាងវិញ្ញាណ និងរូបកាយគឺស្តើងបំផុតនៅពេលយប់ (ប្រហែលជាម៉ោង ៣ ទៀបភ្លឺ) ដូច្នេះនៅពេលដែលភាពងងឹតធ្លាក់ចុះមក វាមានឱកាសខ្ពស់នៃវិញ្ញាណនៅជុំវិញដែលចាំលេបត្របាក់រូបកាយរបស់អ្នក។ មនុស្សមួយចំនួនក៏ជឿថា ផ្នែកនៃព្រលឹងអ្នករស់នៅក្នុងក្រចករបស់អ្នក ដូច្នេះនៅពេលអ្នកកាត់វា អ្នកកំពុងបញ្ចេញព្រលឹងរបស់អ្នកខ្លះៗ ចូលទៅក្នុងយប់ដែលពោរពេញដោយវិញ្ញាណបិសាច។ ប្រសិនបើអ្នកពិតជាធ្វើឱ្យព្រលឹងរបស់អ្នកខឹង វាអាចនឹងហៅវិញ្ញាណអាក្រក់ផ្សេងទៀតមកបង្កបញ្ហាដល់អ្នក ដែលអាចនាំឱ្យអ្នកស្លាប់បានមួយរំពេច។

ទោះយ៉ាងណា ក្នុងចំណោមទ្រឹស្តីទាំង៣ គេបានយល់ស្របជាមួយនឹងទ្រឹស្តីទីមួយបំផុត ដោយមើលឃើញថាវាជាការពន្យល់ដ៏សមហេតុផលសម្រាប់របៀបដែលអបិយជំនឿនេះបានចាប់ផ្តើមឡើង។ ចុះលោកអ្នកវិញ យល់ឃើញយ៉ាងណាដែរ?
ប្រភព៖ soranews24


