ប្រវត្តិសង្ខេបនៃផ្លែប៉ោម ៥ពូជ ក្នុងនោះក៏មានពូជ "Royal Gala" ដែលកំពុងល្បីដែរ
ភូមិន្ទ
10 មករា 2022 02:00 PM

បើទោះបីជាកម្ពុជាយើងមិនអំណោយផលក្នុងការដាំដុះដើមប៉ោម ប៉ុន្តែ បច្ចុប្បន្ននៅលើទីផ្សារកម្ពុជាយើងមានពូជផ្លែប៉ោមជាច្រើនប្រភេទ ហើយមួយក្នុងចំណោមនោះ ក៏មានពូជមួយឈ្មោះថា រ៉ូយ៉ាល់ កាឡា អេបផល “Royal Gala Apples” ឬ រ៉ូយ៉ាល់ អេបផល ដែលល្បីថាមានរសជាតិផ្អែមមុត ឆ្ងាញ់ពិសេសលើសគេ។ ខាងក្រោមនេះ គឺជាប្រវត្តិសង្ខេបនៃពូជផ្លែប៉ោម ៥ពូជ ដែលល្បីថាមានរសជាតិឆ្ងាញ់បំផុត។

១/. រ៉ូយាល់ អាបផល ឬ Royal Gala Apples

ផ្លែប៉ោមដ៏ផ្អែមមុតនេះ គឺកើតឡើងដោយការបង្កាត់ពូជរវាងពូជ Golden Delicious និង Kidd's Orange Red ត្រូវបានរកឃើញដោយអ្នកថែសួនផ្កាជនជាតិ នូវែលសេឡង់ (New Zealand) មានឈ្មោះ J.H. Kidd ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ហើយបាននាំចូលទៅកាន់សហរដ្ឋអាម៉េរិកក្នុងទសវត្សរ៍ឆ្នាំ ៧០ ។ វាត្រូវបានគេហៅផងដែរថាជា "Royal Gala Apples" ដើម្បីជាការផ្ដល់កិត្តិយសដល់ម្ចាស់ក្សត្រី Elizabeth ដែលនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនូវែលសេឡង់ ទ្រង់បានប្រកាសថាសព្វព្រះហឫទ័យទៅលើពូជផ្លែប៉ោមនេះ។

២/. ពូជ Red Delicious

ផ្លែប៉ោមដែលមានសញ្ញាសម្គាល់ថាមានប្រភពមកពីសហរដ្ឋអាម៉េរិកនេះ មានតាំងពីទសវត្សរ៍ឆ្នាំ ១៨៧០ នៅពេលដែលវាត្រូវបានរកឃើញដំបូងនៅរដ្ឋ Iowa ជារដ្ឋមួយនៅកណ្តាលសហរដ្ឋអាម៉េរិក។

៣/. ពូជ Fuji

ផ្លែប៉ោមពូជ​ Fuji ត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវនៅប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ដោយការរួមបញ្ចូលគ្នារវាងផ្លែប៉ោមពូជក្រហម និងពូជ Ralls Janet ។ បើទោះបីជាវាត្រូវបានគេនាំយកទៅទីផ្សារជាលើកដំបូងនៅក្នុងឆ្នាំ ១៩៦២ ប៉ុន្តែវាទើបតែមានលក់នៅសហរដ្ឋអាម៉េរិកក្នុងទសវត្សរ៍ទី ៨០ ហើយចាប់តាំងពីពេលនោះមកត្រូវបានដាំដុះនៅក្នុងតំបន់ Yakima និង Wenatchee ភាគខាងកើតនៃទីក្រុង វ៉ាស៊ីនតោន។

៤/.ពូជ Granny Smith

ពូជប៉ោមពណ៌បៃតងនេះ ត្រូវបានរកឃើញនៅក្នុងប្រទេសអូស្ត្រាលីដោយលោកយាយ Maria Anne "Granny" Smith ដែលបានរកឃើញដើមវាដុះតាមព្រែកនៅលើដីរបស់លោកយាយក្នុងឆ្នាំ ១៨៦៨។ វាបាននាំចូលទៅកាន់សហរដ្ឋអាម៉េរិកនៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ ។

៥/. ពូជ Braeburn

ផ្លែប៉ោម Braeburn ត្រូវបានគេរកឃើញដំបូងនៅប្រទេសនូវែលសេឡង់ក្នុងឆ្នាំ ១៩៥២។ វាត្រូវបានដាក់ឈ្មោះតាមសួមច្បារ Braeburn Orchard ដែលជាសួនផ្កាពាណិជ្ជកម្មដំបូងគេដែលមានដាំដុះពូជប៉ោមប្រភេទនេះ  និងត្រូវបាននាំចូលទៅសហរដ្ឋអាម៉េរិកក្នុងទសវត្សរ៍ទី ៨០ ៕

ប្រភព៖ foodandwine

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត