
នៅក្នុងវប្បធម៌ និងទំនៀមទម្លាប់របស់ចិន គេជឿថាគ្រប់ទិដ្ឋភាព និងស្ថានភាពទាំងអស់នៃជីវិតរបស់យើងគឺមានជាប់ពាក់ព័ន្ធនឹងក្បួនហុងស៊ុយយ៉ាងជ្រាលជ្រៅ ក្នុងនោះរាប់តាំងពីការធ្វើផ្ទះ ទិញឡាន ទិញគ្រឿងអចលនទ្រព្យផ្សេងៗ រហូតដល់របស់របរតូចៗដូចជា ការពាក់ចិញ្ចៀន ប្រើកាបូប និងរបស់ផ្សេងៗទៀត ដើម្បីទទួលបានសំណាងល្អ។ ក្នុងនោះ ការពាក់ចិញ្ចៀន មិនត្រឹមតែដើម្បីជួយឱ្យយើងមានភាពទាក់ទាញ និងជួយបង្កើនសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើសារសំខាន់ និងអត្ថន័យនៃចិញ្ចៀននៅលើម្រាមដៃនីមួយៗផងដែរ។ សូមក្រឡេកមើលការបកស្រាយនិងអត្ថន័យទៅតាមក្បួនហុងស៊ុយជាមួយ SBM News ឥឡូវនេះ៖
ចិញ្ចៀននៅលើមេដៃ
ការពាក់ចិញ្ចៀននៅលើមេដៃបង្ហាញពីអាយុវែង និងសុខភាពល្អ។ ដូច្នេះវាស័ក្តិសមសម្រាប់មនុស្សចាស់ ជាពិសេសសម្រាប់បុរស។ ហើយយកល្អ លោកអ្នកគួរតែពាក់វានៅមេដៃខាងឆ្វេង។

ចិញ្ចៀននៅលើដៃចង្អុល
វាអាចជួយកែលម្អទំនាក់ទំនងរវាងបុគ្គល ពង្រឹងសិទ្ធិអំណាច និងឋានៈសង្គមរបស់អ្នក។ វាស័ក្តិសមបំផុតសម្រាប់អ្នកធ្វើការលក់ ឬអាជីវកម្ម។

ចិញ្ចៀននៅលើម្រាមដៃកណ្តាល
វាមានទីតាំងស្ថិតនៅផ្នែកកណ្ដាល ដូច្នេះវាជួយធ្វើឱ្យមានតុល្យភាព និងត្រូវបានភ្ជាប់ទៅនឹងការទទួលខុសត្រូវ។ ក្រៅពីនេះវាក៏មានន័យថា វាអាចជួយបង្កើនសំណាងលុយកាក់ និងប្រមូលទ្រព្យសម្បត្តិរបស់អ្នកផងដែរ។

ចិញ្ចៀននៅលើម្រាមដៃងៀង
វាតំណាងឱ្យសេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច ហើយជាប់ទាក់ទងបំផុតទៅនឹងអាពាហ៍ពិពាហ៍ និងការភ្ជាប់ពាក្យ។ សម្រាប់អ្នកនៅលីវ ចៀសវាងពាក់ម្រាមដៃនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ។

ចិញ្ចៀននៅលើកូនដៃ
វាត្រូវបានគេជឿថាការពាក់ចិញ្ចៀនត្បូងពេជ្រនៅលើម្រាមដៃតូច ឬលើកូនដៃ របស់អ្នកនាំមកនូវទ្រព្យសម្បត្តិដល់អ្នក។ សម្រាប់បុរសត្រូវពាក់ដៃឆ្វេង ចំណែកស្ត្រីត្រូវពាក់ដៃស្តាំ។ ក្រៅពីនេះ វាក៏ត្រូវបានគេនិយាយថាដើម្បីការពារអ្នកពីមនុស្សអាក្រក់ និងអ្នកវាយប្រហារពីក្រោយខ្នងផងដែរ៕



