
លោកអ្នកនាងជាទីមេត្រី ថ្ងៃនេះ SBM News សូមលើកយក ជោគជតារាសី សម្រាប់ថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានដូចតទៅ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះធ្លាក់ចុះ។ ទំនាយទាយថា លោកអ្នកនឹងមានបញ្ហាផ្នែកទំនាក់ទំទងជាមួយមិត្តភ័ក្ដិ។ ដើម្បីដោះស្រាយបញ្ហា ចូរលោកអ្នកគ្រាន់តែបង្ហាញភាពស្មោះត្រង់ ហើយប្រព្រឹត្តកិច្ចការងារដោយមានធម៌ខន្តីនៅក្នុងខ្លួន។ ចំពោះបញ្ហាស្នេហានិងគ្រួសារគឺ សូមមានការអត់ឱនរវាងគ្នានិងគ្នា។
ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ធ្លាក់ចុះ។ ទំនាយទាយថា លោកអ្នកនឹងមានបញ្ហារកាំរកូសនៅក្នុងគ្រួសារ។ លោកអ្នកប្រហែលមានអារម្មណ៍ថាចង់រត់គេចឱ្យឆ្ងាយ ទៅរកសេរីភាពផ្ទាល់ខ្លួន ប៉ុន្តែនេះមិនមែនជាជម្រើសល្អឡើយ។ ចូរប្រឈមមុខដោះស្រាយបញ្ហា ទើបមិនមានបញ្ហាទៅថ្ងៃមុខ។ ចំពោះរឿងគ្រួសារ និងស្នេហាគឺត្រូវចេះអត់ធ្មត់ អត់ឱនឱ្យគ្នា។
ឆ្នាំខាល៖ (ធាតុឈើពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល រាសីធ្លាក់ចុះ។ ទំនាយទាយថាក្បូនជីវិតដែលលោកអ្នកកំពុងជិះ គឺរកកលនឹងបុកផ្ទាំងថ្ម ហើយអាចឱ្យវាធ្លុះធ្លាយបាន។ ចូរត្រៀមសម្ភារៈការពារខ្លួន ហើយតាំងចិត្តឱ្យស្ងប់ សម្រួលអារម្មណ៍ហើយដោះស្រាយវាតាមដំណាក់កាល។ សម្រាប់ក្នុងរង្វង់គ្រួសារ និងស្នេហា គឺត្រូវមានការយោគយល់និងអធ្យាស្រ័យឱ្យគ្នា។
ឆ្នាំថោះ៖ (ធាតុឈើពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះទំនាយទាយថា លោកអ្នកប្រៀបដូចជាអាទិ៍ទេពមានដៃដប់ ហើយសម្រេចការងារបានរាប់រយក្នុងតែមួយ។ ចូរទម្លាក់ចោលនូវចិត្តអំនួត នោះកិច្ចការនឹងសម្រេចគួរឱ្យស្ងប់ស្ងែង។ សម្រាប់រឿងគ្រួសារ និងស្នេហា គឺត្រជាក់ត្រជំដូចទឹកអង្គបំពង់ខ្ចី។
ឆ្នាំរោង៖ (ធាតុមាសពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង មធ្យម។ ក្នុងថ្ងៃនេះ ទំនាយទាយថា រាល់កិច្ចការងារដែលលោកអ្នកបានបំពេញនៅក្នុងថ្ងៃនេះ គឺបានសមប្រកបល្មមសមគួរនឹងចិញ្ចឹមជីវិតបាន។ ចំពោះរង្វង់គ្រួសារ និងស្នេហាគឺមិនមានបញ្ហាអ្វីជាដុំកំភួនទេ។
ឆ្នាំម្សាញ់៖ (ធាតុភ្លើងពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះធ្លាក់ចុះ។ ទំនាយទាយថា ចូរលៃលករកពេលសម្រាកឱ្យបានច្រើន។ មួយរយៈនេះលោកអ្នកមានអារម្មណ៍ថាហត់នឿយ និងបាក់ទឹកចិត្ត ប៉ុន្តែការដកដង្ហើមស្រូវខ្យល់អាកាសវែងៗ ក៏ជាវិធីសាស្ត្រមួយជួយឱ្យល្អប្រសើរឡើងផងដែរ។ ចំពោះក្នុងរង្វង់គ្រួសារ និងស្នេហា ការយកចិត្តទុកដាក់ និងឱ្យតម្លៃដល់គ្នាគឺជាអ្វីដែលចាំបាច់បំផុតក្នុងថ្ងៃនេះ។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត។ ទំនាយទាយថា លោកអ្នកប្រៀបដូចជាសេះដុះស្លាប ដែលអាចហោះហើរពេញដោយទំនុកចិត្ត។ គុណធម៌ជីវិត និងសម្ដីស្រទន់ពេញដោយចំណេះដឹងរបស់អ្នក អាចទាញយកការស្រឡាញ់ចូលចិត្តពីអ្នកដទៃគួរឱ្យស្ងប់ស្ងែង។ ចំពោះបញ្ហាគ្រួសារនិងស្នេហាគឺបញ្ចេញពន្លឺត្រចះត្រចង់គួរឱ្យសរសើរ។
ឆ្នាំមមែ៖ (ធាតុមាសពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសីល្អបង្គួរ។ ទំនាយទាយថាចិត្តដែលធ្លាប់តែក្ដៅឆេវឆាវ ស្រាប់តែរសាយចេញអស់ពីជីវិតលោកអ្នកនៅក្នុងថ្ងៃនេះ។ ចូររកនរណាម្នាក់ដែលលោកអ្នកធ្វើអ្វីខុសទៅលើគេ ហើយនិយាយសុំទោស នោះបន្ទុកក្នុងចិត្តទាំងប៉ុន្មាននឹងកាន់តែរសាយបាត់។ ងាកមក គ្រួសារ និងស្នេហា គឺមានពន្លឺត្រចះត្រចង់ ដូចហ្វូងតារានាពេលរាត្រី។
ឆ្នាំវក៖ (ធាតុដែកពង្សយក្សប្រុស) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ វក ឡើងខ្ពស់ត្រដែត។ ទំនាយទាយថា ថ្ងៃនេះលោកអ្នកប្រៀបដូចជាហង្សដុះស្លាបពេជ្រ ដែលមានពន្លឺត្រចះ ហើយហើរត្រដាងស្លាបលើអាកាសពេញដោយទំនុកចិត្ត។ ចំពោះរឿងគ្រួសារ និងស្នេហា គឺត្រជាក់ត្រជុំប្រពៃណាស់។
ឆ្នាំរកា៖ (ធាតុដែកពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត។ ទំនាយទាយថា លោកអ្នកនឹងទទួលបានការសរសើរពីញាតិមិត្តជិតឆ្ងាយព្រោះតែបុណ្យកុសលដែលលោកអ្នកបានសាង។ ចូររក្សាចិត្តបុណ្យបន្ត នោះរាសីរបស់អ្នកអាចនឹងឡើងខ្ពស់ជាប្រចាំ។ ចំពោះរឿងគ្រួសារ និងស្នេហា គឺមានតែភាពផ្អែមល្ហែម។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីធ្លាក់ចុះ។ ទំនាយទាយថាលោកអ្នកនឹងជួបនូវការកុហកបោកប្រាស់ បោកទំនុកចិត្តរហូតខាតបង់ទ្រព្យធន។ ចូរប្រយ័ត្នជាមួយនឹងការបណ្ដាក់ទុនរកស៊ីផ្សេងៗ។ ចំពោះស្នេហានិងគ្រួសារ គឺសូមមានការយោគយល់គ្នាឱ្យបានខ្ពស់។
ឆ្នាំកុរ៖ (ធាតុទឹកពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ដំណើរជិតឆ្ងាយក៏ដូចជាជំនួញជួញដូររបស់អស់លោកអ្នកគឺសមប្រកបល្អណាស់។ ចូរនៅតែប្រកាន់ចិត្តខន្តី ឱ្យទានដល់ជនខ្សត់ខ្សោយដើម្បីឱ្យជីវិតកាន់តែប្រសើរឡើង។ ចំពោះរឿងគ្រួសារ និងស្នេហា គឺមានភាពសុខដុមរមនា៕


