
អំបុក គឺជាអាហារដ៏មានសារៈសំខាន់មិនអាចខ្វះបាននៅក្នុងពិធី “សំពះព្រះខែ និងអកអំបុក” ដែលជាផ្នែកមួយដ៏សំខាន់ក្នុងព្រះរាជពិធីបុណ្យ “អុំទូក បណ្ដែតប្រទីព សំពះព្រះខែ និងអកអំបុក”។ ក្រៅពីបម្រើឱ្យការរៀបចំពិធីតាមបែបជំនឿសាសនា អំបុកគឺជាអាហារដ៏ឆ្ងាញ់ពិសា ដែលគេអាចយកទៅច្នៃធ្វើជាបង្អែមបានយ៉ាងច្រើនប្រភេទ។ ចុះតើដើម្បីទទួលបានអំបុកមកប្រើតាមតម្រូវការ គេត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះ?

ខណៈនេះ SBM News នឹងដកស្រង់នូវតាមការចុះផ្សាយរបស់គេហទំព័រ យសោធរ ជាស្ថាប័នខ្មែរឯករាជ្យមួយដែលបង្កើតឡើងដោយអ្នកជំនាញផ្នែកវប្បធម៌ប្រវត្តិសាស្ត្រក្នុងបំណងលើកស្ទួយវប្បធម៌ខែ្មរ បានធ្វើការពន្យល់បកស្រាយពីរបៀបធ្វើអំបុកនេះឱ្យដឹងថា៖
ដាល់អំបុក
«ដាល់អំបុក» ឬអ្នកស្រុកខ្លះហៅថា «បុកអំបុក» គេច្រើនតែធ្វើនៅពេលច្រូតស្រូវដើមដៃ។ ហើយស្រូវដែលគេយកមកបុកច្រើនជាស្រូវដំណើបថ្មី ឬជួនកាលក៏មានស្រូវខ្សាយខ្លះដែរ។ ការដែលដាល់អំបុកគឺមិនមែនដើម្បីតែបានអំបុកទទួលទានម្យ៉ាងទេ បំណងមួយទៀតគឺថាដើម្បីនឹងយកអំបុកទៅប្រើក្នុងពិធី។ រីឯពិធីដែលអ្នកស្រុកធ្វើរួមគ្នានៅតាមវត្តហៅថា «អកអំបុកសំពះព្រះខែ» ។ សូមបញ្ជាក់ថាគេអាចធ្វើកិច្ចបន្តិចបន្តួចដោយមាននិមន្តព្រះសង្ឃមកតាមផ្ទះដែរ។ តែនៅទីនេះខ្ញុំគ្រាន់តែចង់បង្ហាញពីបច្ចេកទេសឬកាយវិការផ្សេងៗនៅពេលគេដាល់អំបុកប៉ុណ្ណោះ។

ជាដំបូងគេត្រូវយកស្រូវស្រស់មកលីងក្នុងអំបែងឬខ្ទះ រហូតដល់ស្រូវចាប់ផ្ទុះមួយៗទើបគេចាក់ស្រូវទៅក្នុងត្បាល់។ អ្នកដាល់ច្រើនមានគ្នាពីរនាក់គឺម្នាក់កាន់អង្រែដៃពីរឬអង្រែវែង និងម្នាក់ទៀតកាន់អង្រែដៃមួយឬអង្រែខ្លី។ ក្នុងពេលកំពុងដាល់យើងឃើញថាអ្នកកាន់អង្រែខ្លីហាក់ដូចជារហ័សរហួននិងសកម្មជាងម្នាក់ទៀត ដ្បិតដៃម្ខាងកាន់អង្រែនិងម្ខាងទៀតកាន់ឈើឆ្កៀស។ គេដាល់ទាល់តែឃើញថាអុំបុកពៀចសំប៉ែតនិងខ្ចាត់សម្បកស្រូវចេញអស់ទើបឈប់ ហើយបារដាក់ចង្អេរយកទៅអុំ។ ឯកាយវិការអុំនោះសោតក៏មានបែបមានបទច្រើនយ៉ាងដូចជារែង, អង្រួន, ស្ទៃ ជាដើម។ មុនពេលចាប់ផ្ដើមអុំគេត្រូវយកកញ្ច្រែងរែងមករែងកន្ទក់ចេញ ឬវិធីម្យ៉ាងទៀតគឺការ «ប្រទាក់» ដោយចង្អេរ ដើម្បីឱ្យអំបុកនិងកន្ទក់នៅផ្សេងពីគ្នា។ បន្ទាប់មកទៀតគឺអុំជម្រុះក្បាលអង្កាម ដោយអុំបណ្ដើរ «ក្នាច់» បណ្ដើរ។ ផ្នែកចុងក្រោយគឺគេអង្រួនចង្អេរឱ្យគ្រាប់អំបុកធំៗ ហៅថា «អង្ករដើម» និងគ្រាប់ស្រូវឡើងមកខាងលើ ដើម្បីងាយរើសគ្រាប់ស្រូវចេញឱ្យបានស្អាត។ កាយវិការទាំងអម្បាលម៉ាននេះ លំបាកនឹងបរិយាយពន្យល់ដោយមាត់ទទេឬគ្រាន់តែសរសេរណាស់ ទាល់តែបានឃើញនឹងភ្នែកស្រស់ទើបយល់។ សូមទស្សនាកម្រងរូបភាពដូចខាងក្រោមនេះ៖




ប្រភព៖ yosothor ដោយ៖ សួង សុខរ៉ូ


