
អស់រយៈកាលរាប់រយឆ្នាំមកនេះ មនុស្សជុំវិញពិភពលោកបានភ្ជាប់រមៀតទៅនឹងលក្ខណៈសម្បត្តិសម្រាប់ព្យាបាល និងអត្ថប្រយោជន៍ផ្នែកគ្រឿងសំអាង។ រមៀត ដើរតួជាគ្រឿងទេសផង ជាអាហារបំប៉នផង ជាផលិតផលថែរក្សាសម្រស់ផង និងជួយព្យាបាលរោគសើស្បែកបានផងដែរ។ រមៀតផ្ដល់អត្ថប្រយោជន៍សុខភាពជាចម្បងដោយសារតែវាមានផ្ទុកសារធាតុ curcumin ដែលជាសមាសធាតុជីវសាស្ត្រដ៏កម្រ។ Curcumin មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្ម។ ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលរមៀតអាចផ្តល់អត្ថប្រយោជន៍ដល់ស្បែករបស់អ្នក៖
១/. មានលក្ខណៈសម្បត្តិជួយឱ្យស្បែកឱ្យភ្លឺរលោង
រមៀតមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងការរលាក។ លក្ខណៈទាំងនេះអាចផ្តល់ពន្លឺ និងភាពភ្លឺរលោងដល់ស្បែក។ រមៀតក៏អាចជួយជម្រុះកោសិកាចាស់ៗ នឹងធ្វើឱ្យស្បែកមានជីវិតឡើងវិញដោយបញ្ចេញភាពភ្លឺថ្លាបែបធម្មជាតិ។ ចំពោះវិធីសាស្ដ្រធ្វើ គឺអ្នកអាចលាយទឹកដោះគោជូរ ទឹកឃ្មុំ និងរមៀតចូលគ្នា ហើយលាបលើមុខរបស់អ្នក។ ទុកចោលរយៈពេល ១៥ នាទីបន្ទាប់មកលាងទឹកចេញ។

២/. អាចព្យាបាលរបួស
សារធាតុ Curcumin ដែលមាននៅក្នុងរមៀតអាចជួយឱ្យរបួសជាសះស្បើយដោយកាត់បន្ថយការរលាក និងអុកស៊ីតកម្ម។ ការសិក្សាបានរកឃើញថា រមៀតអាចមានឥទ្ធិពលវិជ្ជមានទៅលើជាលិកា និងកូឡាជែនផងដែរ។
៣/. ជួយព្យាបាលជំងឺផ្សិតលើស្បែកប្រភទ psoriasis
លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាកនៃរមៀតអាចជួយជំងឺស្បែកប្រភេទ psoriasis ដោយអាចគ្រប់គ្រងការឆ្លងរាលដាល និងទប់ស្កាត់ការចេញរោគសញ្ញាផ្សេងៗទៀត។ យោងតាមមូលនិធិជាតិជំងឺស្បែករបកក្រហម បានឱ្យដំបូន្មានថា អ្នកអាចប្រើវាជាអាហារបំប៉នឬដោយបន្ថែមវាទៅក្នុងអាហារ។ ប៉ុន្តែ មុនពេលអ្នកសាកល្បងប្រើវាដើម្បីព្យាបាលជំងឺនេះ សូមពិភាក្សាជាមួយអ្នកជំនាញជាមុន។

៤/. ជួយបំបាត់ស្នាមមុន
លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកអាចកំណត់ទំហំរន្ធញើសរបស់អ្នក និងធ្វើឱ្យស្បែកស្មើគ្មានស្នាម។ រមៀតក៏ត្រូវបានគេស្គាល់ថាអាចកាត់បន្ថយស្នាមសង្វារផងដែរ។
៥/. ជួយព្យាបាលកមរមាស់
នៅក្នុងការសិក្សាដំបូងដែលធ្វើឡើងក្នុងប្រទេសឥណ្ឌាបានរកឃើញថា ការរួមបញ្ចូលគ្នានៃរមៀត និង ស្លឹកស្ដៅ មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកមរមាស់។ កមរមាស់គឺជាជំងឺដែលបង្កឡើងដោយមីក្រូទស្សន៍ដែលបន្សល់ទុកនូវកន្ទួលលើស្បែក។

ហានិភ័យនៃការប្រើប្រាស់រមៀតសម្រាប់ស្បែក
ទន្ទឹមនឹងមានគុណប្រយោជន៍ រមៀតក៏មានហានិភ័យក្នុងការប្រើប្រាស់ផងដែរ។ នៅពេលប្រើរមៀត អ្នកត្រូវប្រុងប្រយ័ត្នចំពោះកម្រិតថ្នាំ ប្រភេទផលិតផលដែលអ្នកប្រើ និងរបៀបដែលវាអាចមានប្រតិកម្មទៅនឹងថ្នាំដទៃទៀតដែលអ្នកលេប។
ជៀសវាងការទទួលទានរមៀតច្រើនពេកក្នុងពេលតែមួយ ហើយរង់ចាំមើលថាតើរាងកាយរបស់អ្នកមានប្រតិកម្មយ៉ាងណា មុនពេលទទួលទានបន្ថែម។ ប្រសិនបើអ្នកប្រើថ្នាំផ្សេងទៀត សូមពិភាក្សាអំពីការប្រើប្រាស់រមៀតជាមួយគ្រូពេទ្យរបស់អ្នក។
នៅពេលលាបលើស្បែក រមៀតអាចប្រឡាក់ស្បែកជាបណ្តោះអាសន្ន ឬបន្សល់ទុកនូវសំណល់ពណ៌លឿង។ នេះជារឿងធម្មតា។ ប៉ុន្តែប្រសិនបើអ្នកមានប្រតិកម្មអាលែហ្សី ការប៉ះពាល់ស្បែកដោយផ្ទាល់អាចបណ្តាលឱ្យរលាក ក្រហម និងហើម។
សាកល្បងលាបរមៀតនៅលើកំភួនដៃ ដោយលាបក្នុងបរិមាណតិចតួច ហើយរង់ចាំពី ២៤ ទៅ ៤៨ ម៉ោង ដើម្បីមើលថាតើអ្នកមានប្រតិកម្មដែរឬទេ មុនពេលប្រើលើមុខរបស់អ្នក។ កុំប្រើរមៀតនៅលើស្បែករបស់អ្នក ប្រសិនបើអ្នកមានអាឡែស៊ីទៅនឹងគ្រឿងទេសនៅក្នុងអាហារ៕
ប្រភព៖ healthline


