
កាំជ្រួចត្រូវបានគេបង្កើតឡើង ដើម្បីបាញ់អបអរ ឬបង្ហាញនូវអំណរសាទរក្នុងឱកាសពិធីបុណ្យ ឬក្នុងទិវាណាមួយគេមនុស្សជាតិគិតថាសំខាន់។
ប្រវត្ដិវិទូជាច្រើនជឿថាកាំជ្រួចដើមឡើយត្រូវបានបង្កើតឡើងនៅសតវត្សទី ២ មុនគ.ស នៅទីក្រុង Liuyang បុរាណ ក្នុងប្រទេសចិន។ មុននឹងនិយាយដល់កាំជ្រួច គេនឹងនិយាយដល់ ផាវ ព្រោះថា ផាវ ជាដើមចមនៃការកកើតកាំជ្រួច។ គេជឿថា "ផាវ" កើតឡើងដំបូងដោយការយកដើមឫស្សី ទៅបោះក្នុងភ្លើង ហើយវានឹងផ្ទុះបញ្ចេញសំឡេង ដោយសារតែការឡើងកម្តៅនៃខ្យល់នៅក្នុងដើមឫស្សី។ ជនជាតិចិនជឿថា "ផាវ" បែបធម្មជាតិទាំងនេះនឹងការពារវិញ្ញាណអាក្រក់ ឬបណ្ដេញវិញ្ញាណអាក្រក់ដោយសារតែសំឡេងផ្ទុះរបស់វា។

មានការចងក្រងបង្ហាញថា ក្នុងកំលុងឆ្នាំ ៦០០-៩០០ នៃគ.ស. មានរឿងព្រេងនិទានថា អ្នកជំនាញខាងគីមីវិទ្យាជនជាតិចិនបានលាយប៉ូតាស្យូម នីត្រាត ស្ពាន់ធ័រ និងធ្យូង ដើម្បីបង្កើតជាម្សៅខ្មៅ ដែលជា "ម្សៅកាំភ្លើង" ដំបូងបង្អស់។ ម្សៅនេះត្រូវបានចាក់ចូលទៅក្នុងដំបងឫស្សី បង្កើតបានជាកាំជ្រួចដំបូងបង្អស់។

ក្រោយមកកាំជ្រួចក៏មានភាពល្បីល្បាញ ហើយបានធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបក្នុងសតវត្សទី ១៣ ហើយនៅសតវត្សទី ១៥ វាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ពិធីបុណ្យសាសនា និងការកម្សាន្តជាសាធារណៈ។ ឯកសារខ្លះបានបង្ហាញថា ជនជាតិអ៊ីតាលីគឺជាជនជាតិអឺរ៉ុបដំបូងគេដែលផលិតកាំជ្រួច ហើយក្រោយមក អ្នកដឹកនាំធំៗបានប្រើប្រាស់កាំជ្រួច ដើម្បីបំភ្លឺប្រាសាទរបស់ពួកគេក្នុងឱកាសសំខាន់ៗ។

ក្រោយមក កាំជ្រួចកាន់តែវិវត្តប្លែកៗ និងមានជាច្រើនសម្បូរបែប មានធំមានតូច ហើយកាន់តែស្រស់ស្អាយទៅតាមការច្នៃប្រឌិត និងក៏បានសាយភាយល្បីល្បាញទូទាំងពិភពលោក ក្លាយជាវត្ថុដ៏សំខាន់ក្នុងការអបអរ ការកម្សាន្ត និងដើម្បីបណ្ដេញនូវឧបទ្រពចង្រៃ៕

ប្រភព៖ americanpyro


