
ទូកងខ្មែរ ក្រៅពីបន្កប់នូវរឿងរ៉ាវប្រវត្តិសាស្រ្ត ទំនៀមទម្លាប់ប្រពៃណី និងអត្តសញ្ញាណសិល្បៈខ្មែរហើយនោះ វាក៏បង្កប់ទៅដោយជំនឿអរូបិយ និងត្រណមផ្សេងៗគួរឱ្យចាប់អារម្មណ៍ផងដែរ។ យោងតាមចាស់ព្រឹទ្ធាចារ្យ និងអ្នកជំនាញខាងសិល្បៈវិប្បធម៌បានឱ្យដឹងថា កាលពីសម័យដើម ទូកងខ្មែរដែលក្រោយមកក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងឱកាស “ព្រះរាជពិដីបុណ្យអុំទូក” មានត្រណមច្រើនយ៉ាងណាស់ ក្នុងនោះរាប់តាំងពីការរកឈើមកធ្វើ ក្នុងពេលធ្វើ ពេលត្រៀមប្រកួត និងពេលប្រកួតក្ដី។ ចាស់ព្រឹទ្ធាចារ្យដែលយល់ដឹងពីត្រណមលើទូកងខ្មែរបានឱ្យដឹងថា កាលពីដើម សូម្បីតែមនុស្សស្រីមានផ្ទៃពោះក្ដី មានរដូវក្ដី ក៏គេហាមមិនឱ្យដើរកាត់មុខ ឬដើក្បែរទូកដែរព្រោះបើខុសត្រណម ស្រ្តីនោះនឹងជួបគ្រោះថ្នាក់ត្រូវបារមីឬជំនាងទូកកាច់ធ្វើឲ្យទៅជាឆ្កួតឡប់វង្វេងស្មារតីក៏មាន។

ទាក់ទិននឹងបញ្ហានេះ អ្នកស្រាវជ្រាវអារ្យធម៌ខ្មែរ លោកបណ្ឌិត អាំង ជូលាន ធ្លាប់មានប្រសាសន៍ថា ពីដើមរៀងមក ឈ្មោះទូកតែងទាក់ទងនឹងឈ្មោះស្រី៖ «... ដូចថាអព្ភូតអ្វីមួយទៅកាន់ទូកហ្នឹង ជាខ្មោចភេទស្រី ជាពិសេសជាប្រភេទខាងព្រាយ ព្រោះព្រាយពូកែខាងមន្តអាគម។ មូលហេតុដែលគេត្រូវការមន្តអាគមបញ្ចុះជាមួយទូក ពីព្រោះថាគេត្រូវការប្រណាំង ដល់ត្រូវការប្រណាំង យើងចង់អោយលឿនជាងគេ ចង់ឈ្នះគេ ដូច្នេះក្រៅពីកម្លាំងបាយរបស់យើងជាអ្នកអុំ និងអ្នកចែវនេះ ក្រៅពីបច្ចេកទេសយើងគឺគេទៅរកកម្លាំងមន្តអាគមហ្នឹង។ ដូច្នេះហើយ បានជាស្ត្រីមានផ្ទៃពោះគេមិនអោយដើរកាត់រោងទូក ព្រោះថា ព្រាយជាសត្រូវរបស់ស្រីមានផ្ទៃពោះ...»។

ទាក់ទិននឹងរឿងរ៉ាវត្រណមនេះដែរ លោក សុទ្ធ ហាន អាយុ៦២ឆ្នាំ ជាអតីតកីឡាករអុំទូក “ហ្មឺនឆ្លាំងមានជ័យ” និងជាគណៈកម្មការទូក នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានឱ្យដឹងថា ទាក់ទងនឹងត្រណមលើទូកងខ្មែរ ដូនតាខ្មែរយើងជំនាន់មុនពិតជាមានត្រណមច្រើនពិតមែន។ ប៉ុន្តែពេលនេះសាបរលាបខ្លះៗហើយ។ លោកថា ឈើដែលគេច្រើនយកមកធ្វើតួទូក គឺប្រេភេទឈឺគគីរ ព្រោះវាជាប់ធន់ជាមួយទឹកបានល្អ ហើយឈើសម្រាប់ធ្វើគែមខាងលើ គឺច្រើនយកប្រភេទឈើ ស្រឡៅ។ លោកបន្តថា កាលពីមុនគេហាមដាច់ខាតមិនឱ្យយកស្បែកជើងឡើងលើទូកងទេ ហើយមកដល់ពេលនេះក៏នៅតែប្រកាន់ដែរ តែមិនតឹងតែងដូចមុនទេ។ ចំពោះអ្នករាំក្បាលទូកពេលប្រកួតវិញ គឺពិតជាសំខាន់ណាស់។ ដោយហេតុថាអ្នករាំក្បាលទូកប្រៀបដូចជាមេទ័ពជើងទឹកដែលដឹកនាំកងកម្លាំង ឬកូនទាហានឆ្ពោះទៅរកជ័យជំនះ ដូច្នេះម្នាក់នោះត្រូវតែជាមនុស្សមានកម្លាំង មានប្រាជ្ញាឆ្លាតវៃ រហ័សរហួន និងមានភាពជាអ្នកដឹកនាំផងដែរ។ ប៉ុន្តែបច្ចុប្បន្ន អ្នករាំក្បាលទូកភាគច្រើនបានប្ដូរមកជាមនុស្សស្រីវិញ។ ប៉ុន្តែគេក៏មានត្រណមថា ទាល់តែមនុស្សស្រីនោះជាលក្យាណីគ្រប់លក្ខិណា មានទាំងចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងថែមទាំងនៅក្រមុំព្រហ្មចារីនីទៀតផង ទើបអាចជ្រើសយកជាអ្នករាំក្បាលទូកបាន។ ប៉ុន្តែ ទោះយ៉ាងណាលោកថា ត្រណមនេះក៏សាបរលាបដោយអន្លើខ្លះៗទៅហើយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នទូកង ក្រៅពីដើររតួយ៉ាងសំខាន់ក្នុងពិធីបុណ្យជាតិធំៗហើយនោះ ក៏មានទូកងខ្មែរមួយឈ្មោះថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា» គឺបានបំបែកឯតទគ្គកម្មជាទូកងវែងជាងគេក្នុងលោក នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ដែលស្ថាបនាក្នុងខេត្តព្រៃវែង មានបណ្តោយ ៨៧.៣ម៉ែត្រ ទទឹង១.៩៤ ម៉ែត្រ និងជម្រៅ ០.៨០ ម៉ែត្រ ផ្ទុកទៅដោយចំណុះ ១៧៩ នាក់៕



