ឈ្វេងយល់ពីវិធីសាស្ដ្រនៃការសរសេរតែងសេចក្ដី សម្រាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)
ភូមិន្ទ
03 វិច្ឆិកា 2021 02:00 PM

តែងសេចក្ដី​គឺជាមុខវិជ្ជាមួយដ៏មានសារសំខាន់​​ ក្នុងការហ្វឹកហាត់ត្រិះរិះ ពិចារណា ដើម្បីឆ្លើយតប ទៅតាមបញ្ហាចោទនៃប្រធានបទនីមួយៗ ក្នុងន័យលើកតម្កើងភាសានិងអក្សរសាស្ត្រជាតិ។ បច្ចុប្បន្ន យើងសង្កេតឃើញថា ចាប់តាំងពីថ្នាក់បឋមសិក្សារហូតល់ថ្នាក់ឧត្ដមសិក្សា និងក្នុងការប្រឡងវិជ្ជាជីវៈផ្សេងៗ មុខវិជ្ជានេះត្រូវបានចាត់ទុកជាមុខវិជ្ជាដ៏សំខាន់ ដែលត្រូវបានយកមកធ្វើវិញ្ញាសាជាដរាប។ យោងតាមសៀវភៅ “វិធីសាស្ដ្រនៃការសរសេរតែងសេចក្ដី សម្រាប់មធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី១០ ទី១១ និងទី១២” ដែលអនុញ្ញតឱ្យបោះពុម្ពផ្សាយដោយក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថា ប្រភេទនៃប្រធានតែងសេចក្ដីមានច្រើនប្រភេទដូចជា៖ 

១/.ប្រធានបែបពិពណ៌នាឬពណ៌នា

២/. ប្រធានបែបនិទានរឿង

៣/. ប្រធានបែបអត្ថាធិប្បាយ។  នៅក្នុងប្រធានអត្ថាធិប្បាយនេះ មានបែងចែកជាប្រភេទផ្សេងៗទៀតគឺ ៖

         ៣.១/. ប្រធានអត្ថាធិប្បាយពន្យល់

         ៣.២/. ប្រធានអត្ថាធិប្បាយពិភាក្សា

         ៣.៣/. ប្រធានអត្ថាធិប្បាយប្រៀបធៀប            

     ​​​​​    ៣.៤/. និងប្រធានអត្ថាធិប្បាយស្រាយបំភ្លឺឬនិទស្សន៍ ។ល។

ដោយឡែកយើងសង្កេតឃើញថា នៅក្នុងកម្មវិធីសិក្សាក៏ដូចជាការប្រឡងប្រកួតប្រជែងផ្សេងៗភាគច្រើនគេតែងយកប្រធានបែបអត្ថាធិប្បាយមកធ្វើជាវិញ្ញាសាក្នុងការសរសេរ។

បកស្រាយពីប្រធានបែបអត្ថាធិប្បាយនីមួយៗ

១/. ប្រធានអត្ថាធិប្បាយបែបពន្យល់៖ គឺជាសំណេរមួយប្រភេទដែលតម្រូវឱ្យអ្នកតែងធ្វើការបកស្រាយពន្យល់ឱ្យស្របទៅនឹងគំនិតរបស់ប្រធាន។ ប្រធានបែបពន្យល់នេះតម្រូវឱ្យអ្នកតែងធ្វើការបញ្ចេញពុទ្ធិ ដោយលើកយកការចេះចាំចំណេះវិជ្ជាទូទៅ ដែលទាក់ទងនឹងមេរៀនក្នុងថ្នាក់ឬរឿងរ៉ាវដែលយើងបានដឹងបានយល់មកបញ្ជាក់ ឱ្យស្របទៅតាមបញ្ហារបស់ប្រធាន។ ប្រធានបែបពន្យល់មិនតម្រូវឱ្យយើងពិភាក្សាវែកញែករកខុសត្រូវទេ ។ល។  ដោយឡែកក្នុងប្រធានបែបអត្ថាធិប្បាយពន្យល់នោះទៀតសោតក៏មានបែងចែកជាប្រភេទផ្សេងៗទៀតដូចជា ១/.ប្រធានបែបពន្យល់ទស្សនៈ ២/. ប្រធានបែបពន្យល់សុភាសិត ពាក្យស្លោក ឬពាក្យអប់រំ និងប្រធានបែបពន្យល់អក្សរសិល្ប៍ជាដើម។ លក្ខណៈសម្គាល់ប្រធានបែបពន្យល់គេអាចសម្គាល់តាមលក្ខណៈ ៣ យ៉ាងគឺ ស្គាល់តាមរយៈ៖

ពាក្យបញ្ចេញមតិ

 -មានទស្សនៈមួយចែងថា «………………»

-តាមទស្សនៈអប់រំមួយឃ្លាចែងថា «………………….»

-អ្នកប្រាជ្ញមួយរូបបានមានប្រសាសន៍ថា «………………»

ស្គាល់តាមរយៈពាក្យចោទសួរ

-…………………មានន័យដូចម្ដេចខ្លះ?

-…………………………មានលក្ខណៈណាខ្លះ?

-………………………...មានប៉ុន្មានយ៉ាងនិងមានអត្ថន័យយ៉ាងណាខ្លះជាដើម។

 ស្គាល់តាមរយៈពាក្យបង្គាប់បញ្ជា

-ចូលបកស្រាយ……………….។

-ចូរស្រាយបំភ្លឺ……………….។

-ចូលអត្ថាធិប្បាយ……………។

-ចូលរៀបរាប់………………..។ល។

២/. ប្រធានអត្ថាធិប្បាយពិភាក្សា៖ ប្រធានបែបពិភាក្សាជាប្រធានដែលបញ្ចេញមតិទស្សនៈឬយោបល់ណាមួយ។ នៅក្នុងនោះគេតម្រូវឱ្យយើងពិចារណារកខុសត្រូវឬតម្រូវឱ្យយើងរិះគន់វែកញែករកហេតុផល រកល្អអាក្រក់ គុណទោស មានប្រយោជន៍ឬអត់ប្រយោជន៍ជាដើម។ ប្រធានពិភាក្សាមានពីរប្រភេទ

២.១/.ប្រធានពិភាក្សាសុទ្ធ (មតិប្រធានតែមួយ)៖ ប្រធាននេះតម្រូវឱ្យបញ្ជាក់ការខុសត្រូវ ឱ្យរិះគន់វិនិច្ឆ័យមតិយោបល់តែមួយដូចជា៖  

- មានមតិខ្លះពោលថា «ស្នេហាគឺជាប្រភពនៃទុក្ខ» តើមតិនេះត្រឹមត្រូវឬខុសចូលពិភាក្សាដោយរកឧទាហរណ៍មកបញ្ជាក់។

- មានមតិមួយពោលថា «ការបញ្ចប់រឿងថៅកែចិត្តចោរ ដោយឱ្យថៅកែរួចផុតពីសំណាញ់ច្បាប់មិនត្រឹមត្រូវទេ» ។ ចូរពិភាក្សាដោយរកឧទាហរណ៍ក្នុងរឿងខាងលើមកបញ្ជាក់។

២.២/. ប្រធានពិភាក្សាបែបប្រៀបធៀប (មតិប្រធានមានពីរ)៖ ប្រធាននេះ តម្រូវឱ្យយើងពិចារណាវែកញែករកហេតុផលល្អ ​អាក្រក់ចំពោះមតិ ឬយោបល់ពីរ ដោយប្រៀបធៀបគ្នាក្នុងចំណោមមតិ ឬយោបល់ទាំងពីរនោះដូចជា៖

-មតិខ្លះយល់ថា «វិជ្ជាប្រសើរជាងទ្រព្យ»។ តែមតិខ្លះទៀតយល់ថា «ទ្រព្យប្រសើរជាងវិជ្ជា» តើអ្នកយល់ដូចម្តេចចំពោះមតិទាំងពីរខាងលើនេះ? ចូលពិភាក្សាដោយរកឧទាហរណ៍ក្នុងសង្គមនិងអក្សរសិល្ប៍មកបញ្ជាក់។

យោងតាមការបើកបង្ហាញត្រួសៗអំពីវិធីសាស្ដ្រនៃការសរសេរតែងសេចក្ដីខាងលើ យើងអាចសន្និដ្ឋានបានថា បើទោះបីជាការសរសេរតែងសេចក្ដី មានច្រើនប្រភេទ ច្រើនទម្រង់ និងច្រើនកម្រិតក្ដី ប៉ុន្តែក៏នៅតែស្ថិតក្នុងគម្រោងតែមួយដូចគ្នាគឺ មានសេចក្ដីផ្ដើម តួសេចក្ដី និងបញ្ចប់សេចក្ដី។ ដូច្នេះមុនឈានដល់ការសរសេរ ស្មេរត្រូវឈ្វេងយល់ឱ្យបានច្បាស់ពីប្រភេទនៃប្រធាននីមួយៗ ចៀសវាងការសរសេរខុសចាកប្រធាន នោះស្មេរនឹងមិនទទួលបានពិន្ទុល្អប្រសើរមួយនោះទេ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត